ពីនេះ ពីនោះ
«ទំពាំង»មានន័យខុសពី«ត្រពាំង»ដូចម្តេច?
× «ទំពាំង និងត្រពាំង» ផ្តើមដោយការសរសេរខុសគ្នា ន័យក៏ផ្សេងគ្នាដែរ ប៉ុន្តែនៅតែមានអ្នកប្រើច្រឡំន័យគ្នាទៅវិញទៅមកមិនដាច់ស្រឡះទាល់តែសោះ។ ដោយពលរដ្ឋមួយចំនួនហៅថាទំពាំងជាត្រពាំង ហើយហៅត្រពាំងជាទំពាំងទៅវិញ។
បើតាមវចនានុក្រមខ្មែរ ពាក្យថា «ទំពាំង» សំដៅលើ ពន្លកឫស្សី ឬបបុសជាដើម។ ក្នុងការរបបអាហាររស់នៅប្រចាំថ្ងៃ គេច្រើនប្រើទំពាំង សម្រាប់ ស្ល ធ្វើជាម្ហូបអាហារ។ ពេលវាទើបតែដុះពន្លកថ្មី គេហៅវាថា ទំពាំង តែពេលវាដុះបានខ្ពស់ គេហៅវាថា ឫស្សី ដែលមានថ្នាំង។ គេតែងចំណាំយកឫស្សីធ្វើជា គ្រឿងឧបករណ៍ប្រើប្រាស់ ដូចជា ល្អី កញ្ជើ ឧបករណ៍នេសាទ ផ្ទះ និងគ្រឿងសង្ហារិមជាដើម។
បើគេប្រៀបធៀប មនុស្សទៅនឹងទំពាំងវិញ គឺមានន័យថា ជាកូន ឬកូនសិស្សដែលទទួលកិច្ចការស្នងឪពុក ឬស្នងគ្រូ ដូចជាទំពាំងដែលដុះស្នងដើមឫស្សី។ កុមារជាទំពាំងស្នងឬស្សី ដែលជាអ្នកបន្តវេនដើម្បីថែរក្សាប្រទេសជាតិឲ្យរីកចម្រើន។
ចំណែកពាក្យ «ត្រពាំង» ជាថ្លុកធំដែលកើតចេញពីមនុស្សជីក សម្រាប់ឲ្យដក់ទឹក ឬកើតចេញដោយកម្លាំងទឹកហូរច្រោះ។ ត្រពាំង ជាប្រភពទឹកដ៏សំខាន់សម្រាប់ថនិកសត្វ រុក្ខជាតិ និងមច្ឆជាតិ គ្រប់ប្រភេទ ដែលរស់នៅពឹងផ្អែកលើទឹកក្នុងត្រពាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com