ជាតិ
ប្រធានUNប្រចាំកម្ពុជា ចង់ជួយខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ
× ភ្នំពេញ៖ អង្គការសហប្រជាជាតិប្រចាំកម្ពុជា ចង់ជួយរៀបចំខេត្តព្រះសីហនុ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងជំនួបរវាងលោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដឹកនាំតំណាងអង្គការចំនួន៧ទៀត ជួបពិភាក្សាជាមួយលោក គួច ចំរើន អភិបាល ខេត្តព្រះសីហនុ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការផ្លាស់ប្តូរ និងការអភិវឌ្ឍន៍ខេត្ត កាលពីថ្ងៃទី២៩ វិច្ឆិកា។
តាមរយៈការពិភាក្សាគ្នានោះលោកស្រី Pauline Tamesis បានកត់សម្គាល់ឃើញថា ការអភិវឌ្ឍនៅខេត្តព្រះសីហនុ បានបង្ហាញពីសក្តានុពលចម្បង ដែលរួមចំណែកដល់ការអភិវឌ្ឍជាតិទាំងមូល ។ប៉ុន្តែការអភិវឌ្ឍក្នុងខេត្តព្រះសីហនុ ក៍មានបញ្ហាប្រឈមមួយចំនួន ដោយសារកត្តាអភិវឌ្ឍមានល្បឿនលឿនពេក ហើយការគ្រប់គ្រងមិនបានហ្មត់ចត់នោះ វាអាចនាំឱ្យប្រជាពលរដ្ឋនៃចំណែកណាមួយមិនបានទទួលផលតាមទាន់គេ។ ដោយសារមើលឃើញពីបញ្ហានេះ ទើបអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចង់ជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុនេះ ទៅជាទីក្រុងឆ្លាតវៃ។
ហ្វេសប៊ុកខេត្តព្រះសីហនុ បានស្រង់សម្តីប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជារូបនេះយ៉ាងដូច្នេះថា៖«យើងបានដឹងថា ទីក្រុងឆ្លាតវៃ ជាគោលដៅមួយ ដែលយើងចង់អភិវឌ្ឍ ហើយក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ជាទិសដៅមួយក្នុងការអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ។ អង្គការសហប្រជាជាតិ ចង់ចូលរួមចំណែកសហការជួយរដ្ឋបាលខេត្តព្រះសីហនុ ឱ្យទៅជាទីក្រុងឆ្លាតវៃ យើងមានវិធីច្រើនដើម្បីសម្រេចទីក្រុងមួយឆ្លាតវៃប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន »។
បើតាមអង្គការសហប្រជាជាតិ វិធីមួយដែលឈានដល់ការអភិវឌ្ឍទៅទីក្រុងឆ្លាតវៃ ប្រកបដោយនិរន្តភាពនោះ គឺការចូលរួមស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋ ពីបំណងដែលពួកគេ។ «ទី១ ផ្តោតលើអ្នកនិយោគទុនដែលមានទស្សនយល់ឃើញចង់ឱ្យទីក្រុងយើងល្អ ។ទី២ លក្ខណបរិយាប័ន្ន ការអភិវឌ្ឍទីក្រុងរបស់យើងមិនសម្រាប់បុគ្គលមួយចំនួនទេ គឺសម្រាប់ទាំងអស់គ្នា និង៣ ការគាំទ្រដល់រដ្ឋអំណាចមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាឆ្លើយតបទៅ នឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ»។ នេះបើតាមលោកស្រី Pauline Tamesis ដែលបានបន្ថែមថា តាមបទពិសោធន៍ប្រទេសលើសកលលោកមានផលិតផលក្នុងស្រុកសរុប (GDP) ៨០ភាគរយ ទទួលបានពីការអភិវឌ្ឍក្នុងទីក្រុង ។ដោយឡែកសម្រាប់កម្ពុជា GDP ៥០ភាគរយ ចេញពីការអភិវឌ្ឍក្នុងទីក្រុងដែរ។
នៅរយៈពេល៥ឆ្នាំខាងមុខ អង្គការសហប្រជាជាតិ នឹងរៀបចំកិច្ចការចំនួន ៥ផ្នែក ដោយការងារស្នូល ផ្ដោតលើការងារគ្រប់គ្រងនគរូបនីយកម្ម, ការគ្រប់គ្រងធ្វើផែនការឱ្យបានហ្មត់ចត់។ បើតាមប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជា ការគ្រប់គ្រងការអភិវឌ្ឍទីក្រុង គឺជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញដោយយកចិត្តទុកដាក់លើការរស់នៅរបស់ប្រជាពលរដ្ឋនៅទីក្រុង ហើយក៏ជាយន្តការមួយមាននិរន្តរភាព ដែលធ្វើឱ្យទីក្រុងទទួលបានផលស្មើៗគ្នា ប្រកបដោយសមធម៌សម្រាប់ប្រជាពលរដ្ឋ។
អភិបាលខេត្តព្រះសីហនុ គាំទ្រគោលគំនិតរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជានេះ។ ប៉ុន្តែលោក ក៏ស្នើឱ្យអង្គការសហប្រជាជាតិ រៀបចំឯកសារធ្វើបទបង្ហាញទីក្រុងឆ្លាតវៃ និងបន្តធ្វើការងារជាមួយមន្ត្រីរបស់ខេត្ត ។ ជាពិសេសជួយបណ្តុះបណ្តាលបច្ចេកវិទ្យា ក៍ដូចជាជួយផ្ដល់ជាឧបករណ៍ សម្ភារៈ ក្នុងការចូលរួមអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាទីក្រុងឆ្លាតវៃនេះ។
កន្លងមករាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានតំបន់សេដ្ឋកិច្ច ៥កំពុងដំណើរការ និងផ្តល់ការងារជូនយុវជនជាង ៨ម៉ឺននាក់ ។ ចំណែកតំបន់សេដ្ឋកិច្ច ៤ទៀតកំពុងសាងសង់ ។ ខេត្តព្រះសីហនុ មានកោះ៣២ ឆ្នេរប្រវែង ១៧៥គីឡូម៉ែត្រ ,កំពង់ផែអន្តរជាតិទឹកជ្រៅ មានទំនិញឆ្លងកាត់ជាង ៧០ភាគរយទូទាំងប្រទេស ហើយបច្ចុប្បន្នរដ្ឋបាលខេត្ត មានលទ្ធភាពអាចឱ្យនាវាមានជម្រៅទឹក ១០ម៉ែត្រចូលចត និងកំពុងពង្រីកបន្ថែមដើម្បីឱ្យនាវាមានជម្រៅទឹក ១៣.៥០ម៉ែត្រចូលចតនៅពេលខាងមុខ ដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន ក៍ដូចជាការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់។ នេះបើតាមលោក គួច ចំរើន៕
Tag:
គួច ចំរើន
UN
ទីក្រុងឆ្លាត
© រក្សាសិទ្ធិដោយ thmeythmey.com