កីឡាជាតិ
ជាតិ
វីរ​កីឡាការិនី កែ ឡេង ជឿជាក់ថា ស្រ៊ាង សុរ៉ា​ឃីម អាច​ស្នង​តំណែង​ខ្លួន​
30, Nov 2019 , 1:11 pm        
រូបភាព
កីឡាការិនី កែ ឡេង (រូបក្នុងរង្វង់) និងកីឡាការិនី ស៊្រាង សុរ៉ាឃីម, រូបពី SEA Games 2023
កីឡាការិនី កែ ឡេង (រូបក្នុងរង្វង់) និងកីឡាការិនី ស៊្រាង សុរ៉ាឃីម, រូបពី SEA Games 2023
ដោយ:
​ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់ កីឡាការិនី កែ ឡេង ជឿជាក់ថា កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម នឹង​អាច​ស្នង​តំណែង ពេល​ខ្លួន​ចូលនិវត្តន៍​។ តែ​យ៉ាងណា​អ្នកស្រី​សង្កេតឃើញថា សុរ៉ា​ឃីម ជា​កីឡាការិនី​មាន​សមត្ថភាព តែ​ហា​ក់នៅ​ខ្សោយ​ផ្នែក​ស្មារតី​។ កីឡាការិនី​វ័យ​៥៧​ឆ្នាំ​រូបនេះ អាច​នឹង​ចូលនិវត្តន៍ ក្រោយ​ត្រឡប់​មកពី​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។​

 
​វីរ​កីឡាការិនី កែ ឡេង ម្ចាស់​មេដាយមាស​ពិភពលោក​៤​ជំនាន់​មិនទាន់​កំណត់​ពេលវេលា​ក្នុងការ​ចូលនិវត្តន៍​នៅឡើយ​ទេ ទោះបី​មាន​វ័យ​កាន់តែច្រើន​ក៏ដោយ​។ ប៉ុន្តែ​កីឡាការិនី​រូបនេះ បាន​សំឡឹង​ឃើញ​កីឡាការិនី​ជំនាន់​ក្រោយ ដែល​អាច​ស្នង​តំណែង​ខ្លួន​ហើយ​។ ស្រ៊ាង សុរ៉ា​ឃីម ជា​កីឡាការិនី​ប៉េតង់ ដ៏​មាន​សក្តានុពល​មួយរូប ដែល​កីឡាការិនី​វ័យ​៥៧​ឆ្នាំ​រូបនេះ ជឿជាក់ថា នឹង​អាចមាន​សមត្ថភាព​ស្នង​តំណែង​លើ​វិញ្ញាសា​វាយយក​ពិន្ទុ​។ តែ​យ៉ាងណា ទាមទារ​ឲ្យ សុរ៉ា​ឃីម ត្រូវខិតខំ​ព្យាយាម​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​បន្ថែម ពិសេស​លើ​ផ្នែក​ស្មារតី​។  
 
«​ខ្ញុំ​មើលឃើញ​(​អ្នក​ស្នង​តំណែង​)..​ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ទាន់​ហ៊ាន​វាយតម្លៃ​យ៉ាងម៉េច​ទេ​។ ខ្ញុំ​គិតថា កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម នឹង​អាច​ឈានដល់​កម្រិត​បាន​(​មាន​សមត្ថ​ភាពខ្លាំង​)​។ ប៉ុន្តែ​គ្រាន់តែ​ពេល​ចូល​ប្រកួត គាត់​ហាក់ដូច​បាត់បង់​ស្មារតី​បន្តិច​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី កែ ឡេង ក្រោយ​ឈ្នះ​មេដាយមាស​លើ​វិញ្ញាសា​វាយយក​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ស្ត្រី និង​យុវជន​លើក​ទី​១៧ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ចាប់ពី​ថ្ងៃទី​១៩-២៣ ខែវិច្ឆិកា ដោយមាន​៤៩​ប្រទេស​ចូលរួម​។​
 
​ការ​សំឡឹងមើល​កីឡាការិនី​ជំនាន់​ក្រោយ ដើម្បី​ស្នង​តំណែង​ទុក​មុននេះ ព្រោះ​វីរ​កីឡាការិនី កែ ឡេង ទំនងជា​អាច​ប្រកាស​ចូលនិវត្តន៍​ក្រោយ​ត្រឡប់​មកពី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ តែ​យ៉ាងណា​វា​អាស្រ័យ​លើ​ស្ថានភាព​ជាក់ស្តែង ព្រោះ​កីឡាការិនី​មកពី​ខេត្តកំពង់ឆ្នាំង​រូបនេះ​អះអាងថា បើសិន​សុខភាព ភ្នែក និង​កម្លាំង​នៅ​ល្អ ខ្លួន​ប្រហែល​អាច​នៅ​បន្ត​រហូតដល់​ការប្រកួត​ជើងឯក​ពិភពលោក​ម្តងទៀត​។ 
 
​ទោះបី​មិន​បង្ហាញ​ហេតុផល តែ​តាមរយៈ​សមត្ថភាព បទពិសោធ និង​សមិទ្ធផល​លើ​ឆាក​អន្តរជាតិ​កន្លងមករ​បស់ ស្រ៊ាង សុរ៉ា​ឃីម អាចជា​ហេតុផល​សម្រាប់​វីរ​កីឡាការិនី កែ ឡេង ក្នុងការ​ជឿជាក់​លើ​រូបនាង​។ ក្រោយ​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​ប្រមាណ​៥​ឆ្នាំ កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ សម្រេចបាន​សមិទ្ធផល​ជាច្រើន​ទាំង​លើ​ថ្នាក់ជាតិ និង​អន្តរជាតិ​។ សមិទ្ធផល​ធំៗ​របស់ នាង រួមមាន​មេដាយប្រាក់ និង​សំរឹទ្ធ​ពិភពលោក​កាលពី​ឆ្នាំ​២០១៧ និង​មេដាយមាស Asian Beach Games នៅ​វៀតណាម​ឆ្នាំ​២០១៦​។ 
 
​ក្រៅពីនេះ​ក៏មាន​សមិទ្ធផល​ជាច្រើន​ទៀតផង​ដែរ​។ សមិទ្ធផល​ដ៏​ត្រចះត្រចង់​នេះ ជួយ​ឲ្យ​កីឡាការិនី​មកពី​ខេត្តតាកែវ​រូបនេះ មាន កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។ លើសពីនេះ​នាង​ទទួលបាន​អាហារូបករណ៍​សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​១០០​ភាគរយ និង​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួងការពារជាតិ​ទៀតផង​។  
 
​កូនច្បង​ក្នុងចំណោម​បងប្អូន​ពីរ​នាក់​នៃ​គ្រួសារ​មាន​ជីវភាព​ធូរធារ​មួយ​នៅក្នុង​ស្រុក​អង្គរ​បូរី ខេត្តតាកែវ​រូបនេះ បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​តាំងពី​រៀន​នៅ​សាលាបឋមសិក្សា​មកម្ល៉េះ​។ ប៉ុន្តែ​នាង​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជ្រើសរើស​ឲ្យ​ធ្វើជា​កីឡាការិនី​ថ្នាល​នៅ​ឆ្នាំ​២០១៤ ក្រោយ នាង ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ក្នុងការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ដែល​រៀបចំ​ដោយ​សហព័ន្ធ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។​
 
​មុន​មក​ចូលរួម​ជាមួយ​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា សុរ៉ា​ឃីម ជា​កីឡាការិនី​ឆ្នើម​មួយរូប​ប្រចាំ​វិទ្យាល័យ​អង្គរ​បូរី ខេត្តតាកែវ​។ នាង ធ្លាប់​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​ម៉ូតូ​មួយគ្រឿង ក្រោយ នាង​ដណ្តើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ដណ្តើម​ជើងឯក​ពានរង្វាន់​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជា​ការប្រកួត​ជម្រើស​ថ្នាក់​ខេត្ត​។ រង្វាន់​លើកទឹកចិត្ត​នេះហើយ ដែល​ជំរុញ​ឲ្យ សុរ៉ា​ឃីម មាន​ទឹកចិត្ត​ខិតខំ​ហ្វឹកហាត់ និង​ស្រលាញ់​កីឡា​នេះ​កាន់តែខ្លាំង​៕  

Tag:
 ​កែ ឡេង​
  ស្រ៊ាង សុរ៉ា​ឃីម​
  ប៉េតង់
© រក្សាសិទ្ធិដោយ thmeythmey.com