ការពិព័រណ៍ខ្លីមួយស្តីពីការជួសជុល និងកែលម្អឡើងវិញនូវអគារបេតិកណ្ឌ និងអគារចាស់ៗដោយក្រុមហ៊ុនបារាំងត្រូវបានរៀបចំឡើងនាយប់ថ្ងៃទី២៩ខែធ្នូនៅក្នុងបរិវេណសណ្ឋាគារ ឡឺ រ៉ូយ៉ាល់។ ការពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ក្រោមវត្តមានជាអធិបតីរបស់លោកស្រីឯកអគ្គរដ្ឋទូតបារាំង អេវ៉ា ង្វៀនប៊ិញ (Eva Nguyen Binh) និងអភិបាលរងរាជធានីភ្នំពេញ លោក នួន ផារ័ត្ន ជាមួយនឹងអ្នកចូលរួមជាង២០០នាក់មកពីវិស័យឯកជន និងស្ថាប័នរដ្ឋ។
រាជធានីភ្នំពេញមានប្រវត្តិយូរលង់ និងមានអាយុកាលជិត៦០០ឆ្នាំ បានបន្សល់ទុកនូវរតនភណ្ឌ ឬអគារបេតិកភណ្ឌជាច្រើនមកដល់បច្ចុប្បន្ន។ ក្រុមហ៊ុនបារាំងជាច្រើនបានចូលរួមចំណែកក្នុងការជួសជុល និងកែលម្អឡើងវិញនូវអគារបេតិកណ្ឌជាច្រើននៅទូទាំងប្រទេស ពិសេសនៅក្នុងរាជធានីភ្នំពេញ នៅក្នុងខេត្តក្រចេះ ខេត្តកំពត និងខេត្តសៀមរាប។
សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជាបានរៀបចំការតាំងពិព័រណ៍ខ្លីមួយ ដើម្បីបង្ហាញអំពីការចូលរួមចំណែករបស់ក្រុមហ៊ុនបារាំងនៅក្នុងកិច្ចការពារ និងអភិរក្សអគារចំណាស់ៗនៅក្នុងប្រទេសកម្ពុជា។
មានវត្តមាននៅក្នុងកម្មវិធីដែលត្រូវបានរៀបចំនៅសួនច្បារកណ្តាលសណ្ឋាគារ ឡឺ រ៉ូយ៉ាល់ ដែលជាអគារបេតិកភណ្ឌដែរនោះ លោកស្រីឯកអគ្គរដ្ឋទូតបារាំង Eva Nguyen Binh បានថ្លែងរំឭកប្រាប់អ្នកចូលរួមថា បញ្ហាបេតិកភណ្ឌមិនមែនគ្រាន់តែជារឿងអតីតកាលតែមួយប៉ុណ្ណោះទេ ប៉ុន្តែវាជារឿងរបស់មនុស្សទាំងអស់គ្នា។ លោកស្រីបន្តថា គេត្រូវស្គាល់ អភិរក្ស និងជួសជុលឡើងវិញនូវសម្បត្តិបេតិកភណ្ឌទាំងនោះ។
លោកស្រីឯកអគ្គរដ្ឋទូតបារាំងបានពន្យល់បន្ថែមយ៉ាងដូច្នេះថា៖«អង្គការយូណេស្កូបានឱ្យនិយមពាក្យបេតិកភណ្ឌថាជាកេរដំណែលលយើងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ហើយដែលយើងផ្ទេរទៅឱ្យអ្នកជំនាន់ក្រោយៗទៀត។ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិ គឺប្រភពនៃជីវិត និងការបណ្តុះគំនិត ដែលមិនអាចត្រូវជំនួសបានឡើយ។ ហេតុដូចនេះហើយបានជាស្ថានទូតបារាំងបានយកគំនិតផ្តួចផ្តើមនៃការបង្កើតទិវាបេតិកភណ្ឌដែលត្រូវបានបានបង្កើតឡើងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំងកាលពីឆ្នាំ១៩៨៤ មកអនុវត្តនៅក្នុងប្រទេសកម្ពុជាដែរ។»។
បើតាមលោកស្រី អេវ៉ា ឆ្នាំនេះ នៅថ្ងៃទិវាបេតិកភណ្ឌ ស្ថានទូតបារាំងបានបើកទ្វារទទួលអ្នកទស្សនាជាង១៧០០នាក់តែក្នុងមួយថ្ងៃ ដែលអ្នកទស្សនាភាគច្រើនគឺសុទ្ធតែជាយុវជនខ្មែរដែលចង់យល់ដឹងអំពីប្រវត្តិនៃវប្បធម៌របស់ពួកគេ។
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ដែលត្រូវបានអញ្ជើញឱ្យថ្លែងសុន្ទរកថានៅក្នុងរាត្រីបេតិកភណ្ឌនោះដែរ បានយល់ស្របជាមួយលោកស្រីឯកអគ្គរដ្ឋទូតបារាំងដែលបានមានប្រសាសន៍ផ្តល់តម្លៃដល់សម្បត្តិបេតិកភណ្ឌ។ បន្ទាប់ពីបានរំឭកឡើងខ្លីអំពីការកកើតរាជធានីភ្នំពេញក្នុងឆ្នាំ១៤៣៤នោះ លោក ផារ័ត្ន ដែលមានប្រសាសន៍ជាភាសាបារាំងផងនោះ បានទាញចំណាប់អ្នកចូលរួមថា ភ្នំពេញត្រូវបានកសាងឡើងវិញពីឆ្នាំ១៩៧៩ ជាឆ្នាំដែលគេហៅភ្នំពេញថាជា«ទីក្រុងខ្មោច»។
«ផ្ទៃដីរាជធានីភ្នំពេញត្រូវបានពង្រីក ហើយមានពលរដ្ឋជិត៣លាននាក់។ ជាមួយនឹងការរីកចម្រើនទាំងនេះ យើងក៏ជួបបញ្ហាផងដែរ។ ការអភិរក្សអគារបេតិកភណ្ឌ គឺជាបញ្ហាមួយ។ កំណើនសេដ្ឋកិច្ច តម្លៃអចលនវត្ថុដែលចេះតែកើនឡើង ទាំងអស់នេះ គឺជាការគំរាមកំហែងដល់ការងារអភិរក្សបេតិកភណ្ឌ ដែលមានវត្តមានជាច្រើនកន្លែង។»។ នេះគឺជាការលើកឡើងរបស់លោកអភិបាលរងរាជធានីភ្នំពេញ។
ទោះយ៉ាងនេះក្តី លោក នួន ផារ័ត្ន បានពន្យល់ថា មានកត្តាសំខាន់បីដែលអាចចូលរួមចំណែកក្នុងកិច្ចការពារអគារបេតិភណ្ឌ។ «ទីមួយ គឺយើងទាំងអស់គ្នា។ សាលារាជធានីភ្នំពេញ នឹងពិនិត្យឡើងវិញវិធាននានាដែលទាក់ទងនឹងការជួសជុលឡើងវិញនូវអគារបេតិកភណ្ឌ ទោះជាអគារទាំងនោះកំពុងត្រូវបានកាន់កាប់ដោយឯកជនក្តី។ ទីពីរ គឺការជួយពីដៃគូអភិវឌ្ឍ និងទីបី គឺវិស័យឯកជនដែលត្រូវចូលរួមគោរពវិធាននៃការអភិរក្សអគារបេតិកភណ្ឌ។»។
គួរបញ្ជាក់ថា នៅក្នុងពិព័រណ៍នោះ រូបភាពនៃផ្សារធំថ្មីនៃនៅក្នុងរាជធានីភ្នំពេញ តំបន់ក្រសួងប្រៃសណីយក្បែរវត្តភ្នំ អគារក្នុងសម័យអាណានិគមបារាំងនៅក្នុងស្រុកឆ្លូងខេត្តក្រចេះ និងក្នុងខេត្តកំពត និងការជួសជុលប្រាសាទបាពួនជាដើមត្រូវបានដាក់បង្ហាញតាមរយៈផ្ទាំងគំនូរផង និងរូបថតផង ដោយមានភ្ជាប់ជាមួយនឹងការពិពណ៌នាអំពីប្រវត្តិ និងការងារជួសជុលផងដែរ៕