អន្តរជាតិ
តើមានជំហានអ្វីខ្លះក្នុងការផលិតលុយដុល្លារចេញមកដើម្បីឲ្យអ្នកប្រើ?
× លោកអ្នកប្រាកដ ជាអាចមានយ៉ាងហោចណាស់ក៏មួយដុល្លារដែរនៅក្នុងហោប៉ៅឥឡូវនេះ។ តើលោកអ្នកអាចដឹងថា តើក្នុងក្រដាសលុយដុល្លារមួយសន្លឹកចំណាយពេលប៉ុន្មានក្នុងការផលិតដែរឬទេ? ការងារជាច្រើនរយម៉ោងត្រូវបានបញ្ចូលទៅក្នុងរូបិយវត្ថុទាំងនោះ ជាមួយនឹងការបោះពុម្ភ វិភាគ កាត់ជាកំណាត់ ច្រកជាផ្នែក ថែមទាំងដឹកជញ្ជូនទៅកាន់ធនាគារផ្សេងៗក្នុងតំបន់។
ការចុះផ្សាយដោយគេហទំព័រ Business Insider បានបង្ហាញពីភាពច្បាស់លាស់នៃការផលិតសន្លឹកលុយនីមួយៗ ដោយសឹងតែមិនមានភាពខុសគ្នា ដោយរតនាគារនៃសហរដ្ឋអាមេរិក។ ក្រដាសលុយដុល្លារត្រូវបានគេផលិតចេញពីសម្ភារពិសេសម្យ៉ាងជាផ្ទាំង ដែលមានកប្បាស៧៥ភាគរយ និងនីឡុង២៥ភាគរយ។ ក្រដាសប្រាក់ដែលធំជាងមួយដុល្លារមានសរសៃរពណ៌ក្រហម និងខៀវលាយឡំបញ្ចូល ក្នុងការរក្សាសុវត្ថិភាពបន្ថែម។ ក្រដាសមួយដុល្លារគ្មានសរសៃពណ៌នេះទេ។
ពុម្ភផលិតលុយត្រូវបានគេផលិតចេញពីលោហៈដែកធំៗ នឹងត្រូវបានមើលការខុសត្រូវដោយការិយាល័យឆ្លាក់ និងបោះពុម្ភនៃសហរដ្ឋអាមេរិក នៅឯ Fort Worth រដ្ឋតិចសាស់។ ម៉ាស៊ីនវាយពុម្ភលុយទាំងនោះមានរាងជាស៊ីឡាំងធ្វើចេញពីដែកធំៗ ហើយទឹកថ្នាំត្រូវបានគេជូតចេញភ្លាមៗក្រោយពេលវាយពុម្ភរួច។ ក្នុងមួយថ្ងៃ ទឹកថ្នាំត្រូវបានគេប្រើប្រាស់រហូតទៅដល់បីតោន។
ម៉ាស៊ីនពុម្ភលុយទាំងនេះអាចសង្កត់សន្លឹកលុយក្នុងសម្ពាធជាង២០តោន។ វាអាចផលិតក្រដាសប្រមាណជា៨០០០សន្លឹកក្នុងមួយម៉ោងៗ។ លុយទាំងនោះចូលទៅក្នុងម៉ាស៊ីនព្រីនជាច្រើនដំណាក់កាលទៀត ជាមួយនឹងទឹកថ្នាំច្រើនប្រភេទ។ សកម្មភាពទាំងនេះត្រូវបានដំណើរការដោយស្វ័យប្រវត្តិ។ ក្រោយមក គុណភាពទឹកថ្នាំលុយត្រូវបានគេពិនិត្យដោយមនុស្ស។ លុយដែលមិនមានគុណភាពល្អត្រូវបានគេកម្ចេចចោល។ ក្រោយមកវាជាតួរនាទីរបស់ម៉ាស៊ីនបន្ថែមទៀតក្នុងការពិនិត្យមើលគុណភាពសន្លឹកលុយ។ សន្លឹកមួយដុល្លារត្រូវបានគេពិនិត្យដោយប្រព័ន្ធ Nota-Sav។ ចំណែកឯក្រដាសធំជាងមួយដុល្លារ ត្រូវបានពិនិត្យដោយប្រព័ន្ធពិសេសជាច្រើនទៀត។
ផ្ទាំងលុយធំៗមិនទាន់បានកាត់ត្រូវបានគេបន្តុំលើគ្នាចំនួន១០០សន្លឹក រួមកាត់ទៅជាសន្លឹកលុយរៀងៗខ្លួននិមួយៗ។ ក្រោយមក សន្លឹកលុយត្រូវបានគេប្រមូលទៅជាលុយមួយដុំៗ ជាមួយនឹងក្រដាសរុំត្រឹមត្រូវ ថែមទាំងលេខកូតសម្រាប់នាំទៅផ្នែកផ្សេងៗនៃប្រទេស។ នៅក្នុងឆ្នាំ២០១៣ ក្រដាសលុយមួយដុល្លារចំនួន ១.៧៩ពាន់លានសន្លឹកត្រូវបានគេផលិតចេញមក៕
© រក្សាសិទ្ធិដោយ thmeythmey.com