អន្តរជាតិ
​ចំណាត់ថ្នាក់ World Talent៖ អាស៊ាន​មាន សិង្ហ​បុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន និង​ថៃ​
30, Nov 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​គ្រប់គ្រង​ការអភិវឌ្ឍ (IMD) របស់​ស្វី​ស បានចេញ​តារាង​ចំណាត់ថ្នាក់​ទេពកោសល្យ​លើ​ពិភពលោក​ប្រចាំឆ្នាំ​២០១៩​។ ចំណាត់ថ្នាក់ IMD World Talent Ranking ប្រចាំឆ្នាំ​២០១៩​នេះ មាន​ប្រទេស​ចំនួន​៦៣ ដែល​ក្នុងនោះ​មាន​៥​នៅ​តំបន់​អាស៊ីអាគ្នេយ៍ គឺ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ថៃ​។​

 
​ការសិក្សា​របស់ IMD វាយតម្លៃ​លើ​កម្រិត​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច ភាព​ទាក់ទាញ រួមទាំង​ជំនាញ​អាជីព​ខ្ពស់​ក្នុង​ទីផ្សារការងារ​ជាតិ និង​អន្តរជាតិ ហើយក៏​ផ្តោតទៅលើ​ការប្រកួតប្រជែង​នៅ​សម័យ​ឌីជីថល AI រ៉ូ​បូត និង​បច្ចេកវិទ្យា​ថ្មីៗ​ផ្សេងទៀត​ផងដែរ​។​
 
​នៅ​តំបន់​អាស៊ាន មិនមាន​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅឡើយ​សម្រាប់​សិង្ហ​បុរី ដែលមាន​ឈ្មោះ​ក្នុងចំណោម Top 10 នៃ IMD World Talent Ranking ប្រចាំឆ្នាំ​២០១៩​។ ស្វី​ស ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ ដា​ណឺ​ម៉ាក ស៊ុយអែត អូទ្រីស លុច​សំបួរ ន័​រវេ​ស អ៊ី​ស្លង់ និង​ហ្វាំ​ង​ឡង់​។​

 
 
​សិង្ហ​បុរី ស្ថិតនៅ​ចន្លោះ​អឺរ៉ុប​ចំនួន​២ ដោយ​ស្ថិតនៅ​លេខ​១០ បន្ទាប់ពី​ហូ​ឡង់ តែ​នាំមុខ​អាល្លឺម៉ង់ ខណៈ​សហរដ្ឋអាមេរិក ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១២ បន្ទាប់មក​មាន​កាណាដា បែលហ្ស៊ិក ហុងកុង អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អៀរ​ឡង់ អ៊ីស្រាអែល និង​តៃវ៉ាន់​។​
 
​ប្រទេស​អាស៊ាន​បន្ទាប់​នោះ គឺ​ម៉ាឡេស៊ី ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២២ ឥណ្ឌូណេស៊ី នៅ​លេខ​៤១ ថៃ​លេខ​៤៣ និង​ហ្វីលីពីន នៅ​លេខ​រៀង​ទី​៤៩​។ ចំណាត់ថ្នាក់​ផ្សេងទៀត​រួមមាន បារាំង (២៥), កូរ៉េខាងត្បូង (៣៣), ជប៉ុន (៣៥), ចិន (៤២), រុស្ស៊ី (៤៧) និង​ឥណ្ឌា (៥៩)​។ 
 
​របាយការណ៍​របស់ IMD នេះ ផ្តល់​ពិន្ទុ​ជាក់លាក់​លើ​កត្តា​ធំៗ​បី ដែល​ក្នុងនោះ​មាន ការវិនិយោគ និង​ការអភិវឌ្ឍ ដែល​សំដៅលើ​រីកចម្រើន​ផ្នែក​ទេពកោសល្យ​នៅក្នុង​ស្រុក ការសម្រេចបាន (Appeal) ដែល​លើកឡើង​ពី​សមត្ថភាព​ដែល​បម្រើការ​នៅក្រៅ​ប្រទេស និង​ការត្រៀមខ្លួន (Readiness) ដែល​និយាយ​ពី​ជំនាញ និង​សមត្ថភាព​ប្រកួតប្រជែង​ផ្សេងៗ​៕
 

Tag:
 World Talent
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com