ជាតិ
សង្គមជាតិ
វិទ្យាល័យកំពង់ក្តីហាមសិស្ស និងអ្នកលក់ដូរ ប្រើប្រាស់ប្លាស្ទិកនៅក្នុងបរិវេណសាលា វិទ្យាល័យកំពង់ក្តី នៅក្នុងខេត្តសៀមរាប ដែលអនុវត្តគោលការណ៍ ហាមសិស្ស គ្រូ ប្រើប្រាស់ថង់ប្លាស្ទិក កែវជ័រ និងស្នោក្នុងបរិវេណវិទ្យាល័យកំពង់ក្តី
× ភ្នំពេញ៖ វិទ្យាល័យកំពង់ក្តី នៅក្នុងខេត្តសៀមរាប បានអនុវត្តគោលការណ៍ ហាមសិស្ស គ្រូ និងអ្នកលក់ដូរ ប្រើប្រាស់របស់ដែលច្នៃពីប្លាស្ទិកនៅបរិវេណសាលារៀនជាដាច់ខាត។ គោលការណ៍មិនអនុញ្ញាតឲ្យមានប្លាស្ទិកនៅក្នុងសាលានេះ ខាងវិទ្យាល័យកំពង់ក្តី បានអនុវត្តបាន១ឆ្នាំមកហើយ។ ជាលទ្ធផលសិស្សានុសិស្សជាង៨០ភាគរយបានអនុវត្តគោលការណ៍នេះ ទាំងនៅក្នុងសាលារៀនផង និងនៅកន្លែងផ្សេងៗផង។
លោក ព្រាប មុនី នាយកវិទ្យាល័យកំពង់ក្តី បានប្រាប់អ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទថា ខាងវិទ្យាល័យរបស់លោកបានអនុវត្តគោលការណ៍នេះ ដើម្បីឲ្យសិស្សានុសិស្ស គ្រូៗ និងពលរដ្ឋទូទៅចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនសោភ័ណភាពវិទ្យាល័យឲ្យមានផាសុកភាព និងបរិស្ថានល្អ។ បើតាមលោក ព្រាប មុនី គោលការណ៍នៃការហាមឲ្យប្រើប្រាស់ប្លាស្ទិកនេះ កើតឡើងដោយសារតែសំរាមនៅក្នុងជុំវិញសាលាពោរពេញទៅដោយសំរាមប្លាស្ទិក ដែលងាយនឹងផ្តល់ផលប៉ះពាល់ដល់សុខភាពសិស្ស។
នាយកវិទ្យាល័យកំពង់ក្តីរូបនេះ បានបញ្ជាក់ថា ការមិនឲ្យមានវត្តមានថង់ប្លាស្ទិក កែវជ័រ និងស្នោ នៅក្នុងវិទ្យាល័យបែបនេះ គឺអនុវត្តទៅតាមការណែនាំរបស់មន្ទីរក្រសួងអប់រំខេត្តសៀមរាប ដែលចង់ឲ្យគ្រឹះស្ថានសិក្សានានា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅក្នុងថ្នាក់រៀន ផ្ទះសម្បែង ឬនៅតាមទីសាធារណៈ។ លោក ព្រាប មុនី បានប្រាប់ថា សិស្សានុសិស្សបានយល់ដឹងនូវផលប៉ះពាល់ការប្រើប្រាស់ប្លាស្ទិកនេះបានច្រើនគួរសមហើយ ហើយក៏បានចូលរួមប្រើប្រាស់របស់ដែលប្រើបានច្រើនដង។ ជាពិសេសពួកគេក៏មានការទុកដាក់សំរាមឲ្យមានសណ្តាប់ធ្នាប់ត្រឹមត្រូវផងដែរ។
បរិវេណវិទ្យាល័យកំពង់ក្តី រូបភាពពីវិទ្យាល័យកំពង់ក្តី
«សិស្សភាគច្រើនយល់បានល្អហើយ។ ដោយសិស្សមួយចំនួនប្រើប្រាស់ប្រអប់បាយ និងដបទឹកខ្លួនឯង។ ប៉ុន្តែសិស្សមួយចំនួនឆ្លៀតនាំនំចំណីដែលខ្ចប់ដោយបា្លស្ទិកចូលក្នុងសាលារៀន។ វានៅតិចតួចទេ ដែលមិនទាន់អាចអនុវត្តបាន។ បើប្រៀបធៀបកាលពីយើងមិនទាន់ដាក់បម្រាមនេះ វាខុសគ្នាឆ្ងាយណាស់។ សំរាមដែលធ្លាប់តែប្រមូល និងដុតមួយថ្ងៃម្តង ឥឡូវយើងប្រមូល និងដុតសំរាមតែមួយសប្តាហ៍ម្តងតែប៉ុណ្ណោះ។ កាលពីមុនយើងប្រមូលសិស្សរាប់រយនាក់ឲ្យជួយរើសសំរាម ឥឡូវយើងកាត់បន្ថយអ្នករើសសំរាមអស់ហើយ ព្រោះពួកគេទទួលខុសត្រូវរៀងៗខ្លួនហើយ»។ នេះជាការលើកឡើងរបស់លោកនាយកវិទ្យាល័យកំពង់ក្តី ដែលបានបន្ថែមថា មិនត្រឹមតែឲ្យសិស្សគោរពតាមគោលការណ៍នេះទេ សូម្បីអ្នកលក់ដូរនំចំណីនៅក្នុងសាលារៀន ខាងសាលាក៏មានការហាមប្រាមលក់នំចំណីណាដែលខ្ចប់ដោយថង់បា្លស្ទិក កែវជ័រ ដែលជំនួសវិញដោយប្រើប្រាស់ក្រដាស និងស្លឹកចេក និងស្លឹកឈូក។
ចំពោះសិស្សដែលមិនអនុវត្តគោលការណ៍នេះ ខាងសាលាក៏បង្កើនការណែនាំនៅតាមថ្នាក់រៀនបន្ថែមទៀត តាមរយៈការផ្តល់ដំបូន្មានពីលោកគ្រូ អ្នកគ្រូប្រចាំថ្នាក់។ សម្រាប់សិស្សដែលបោះចោលសំរាមផ្តេសផ្តាសម្តង ពួកគេក៏ត្រូវពិន័យជាទឹកប្រាក់ចំនួន៥០០រៀល។ នេះជាការលើកឡើងរបស់លោក ព្រាប មុនី នាយកវិទ្យាល័យកំពង់ក្តី ដែលបន្តថា សម្រាប់អ្នកលក់ដូរនៅក្រៅសាលារៀន សាលាក៏មានតំណាងក្រុមយុវជនចុះទៅណែនាំឲ្យកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវផងដែរ។
តាមរយៈការហាមឲ្យប្រើប្រាស់ប្លាស្ទិកនេះ លោកនាយកវិទ្យាល័យកំពង់ក្តី ជឿជាក់ថាសាលារៀន និងទីកន្លែងផ្សេងៗទៀត នឹងប្រកបដោយបរិស្ថានល្អ។ លោកនាយកវិទ្យាល័យរូបនេះ ក៏សង្ឃឹមថា សកម្មភាពដែលមាននៅក្នុងវិទ្យាល័យនេះ នឹងជាគំរូភាពដល់សាលាដទៃទៀត ក្នុងការអនុវត្តកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនេះ៕
Tag:
វិទ្យាល័យកំពង់ក្តី
ប្លាស្ទិក
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com