ជាតិ
លោក ហ៊ុន ម៉ានី៖ យើងត្រូវរំឭកខ្លួនឯងថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងឱកាស និងបញ្ហាប្រឈម រូបពីសហភាព សហព័ន្ធយុវជនកម្ពុជា
× ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាគ្រប់រាជធានី-ខេត្ត បានរៀបចំពិធីអបអរខួបលើកទី៤១ របស់ខ្លួននៅថ្ងៃទី៣០ វិច្ឆិកានេះ ដែលមានអ្នកចូលរួមប្រមាណ ៩ពាន់នាក់ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ខួបលើកទី៤១នេះ រៀបចំឡើងដើម្បីរំឭកដល់ការលះបង់របស់យុវជនជំនាន់មុន និងអបអរសាទរនូវសមិទ្ធផលនានាដែលស.ស.យ.ក សម្រេចបានកន្លងមករហូតដល់បច្ចុប្បន្ន រួមទាំងការត្រៀមខ្លួនចូលរួមចំណែក ដើម្បីនាំកម្ពុជាទៅអនាគតឲ្យកាន់តែប្រសើរ។
នៅថ្ងៃនេះ សហភាពសហព័ន្ធយុវជនកម្ពុជាទាំង២៥ខេត្ត-ក្រុង បានរួមសាមគ្គីគ្នា រៀបចំខួបលើកទី៤១ នៃការបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា។ សហភាពសហព័ន្ធយុវជនកម្ពុជា គឺជាផ្នែកមួយនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ជា ស៊ីម, សម្តេច ហេង សំរិន និងសម្តេច ហ៊ុន សែន ក្នុងបុព្វហេតុផ្តួលរំលំរបបខ្មែរក្រហម និងរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍។ នេះបើតាមសេចក្ដីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងពិធីអបអរខួបលើកទី៤១ នាពហុកីឡដ្ឋានជាតិអូឡាំពិក លោក ហ៊ុន ម៉ានី បានលើកឡើងពីការតស៊ូរបស់យុវជនជំនាន់ និងការមិនខ្វាយខ្វល់របស់ពិភពលោកអំពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងទុក្ខសោករបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ហ៊ុន ម៉ានី បញ្ជាក់ថា៖ «កម្ពុជាមិនមានជម្រើសណាផ្សេងក្រៅពីក្រោកឈរឡើងដោយខ្លួនឯង ហ៊ានលះបង់ ដោយយកជីវិតធ្វើជាដើមទុនដើម្បីរំដោះ សង្គ្រោះប្រជាជន និងកសាងជាតិឲ្យរស់ឡើងវិញ»។
លោក ហ៊ុន ម៉ានី បានបង្ហាញពីការចងចាំមិនភ្លេចនូវភាពជាគម្រូរបស់យុវជនជំនាន់មុន បើទោះបីជា ៤១ ឆ្នាំកន្លងផុតទៅ តែស្មារតី ២ ធ្នូ នៅតែដក់ជាប់ជាមួយយុវជនជំនាន់ក្រោយគ្រប់ៗរូប។ ស្របពេលដែលសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើដំណើរមកយ៉ាងវែងឆ្ងាយ និងចូលរួមយ៉ាងសកម្ម ក្នុងការសង្គម លោក ហ៊ុន ម៉ានី យល់ឃើញថា ស.ស.យ.ក. នៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ។
ប្រធានស.ស.យ.ក រូបនេះ លើកឡើងយ៉ាងដូច្នេះ៖ «យើងត្រូវរំឭកខ្លួនឯងជាប់ជានិច្ចថា សង្គមអនាគតនឹងអាចប្រែប្រួលទាំងលើទិដ្ឋភាពឱកាស និងបញ្ហាប្រឈម ដែលទាមទារឲ្យយើងមិនត្រឹមតែត្រៀមខ្លួនដើម្បីទប់ទល់ ប៉ុន្តែថែមទាំងប្រើប្រាស់ឲ្យអស់សមត្ថភាព និងឆន្ទៈមនសិការ ដើម្បីកែប្រែបញ្ហាប្រឈមទាំងនោះ ទៅជាឱកាសថ្មីសម្រាប់ការរីកចម្រើនរបស់ជាតិយើងបន្តទៅទៀត»។
សូមបញ្ជាក់ថា ក្រោយមហាសន្និបាទលើកទី៣ កាលពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០១២ សមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា និងសមាគមយុវជនកម្ពុជា បានប្រែឈ្មោះមកជា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដើម្បីបន្តការពារ និងបេ្តជ្ញារក្សាមិនឲ្យបាត់បង់នូវស្មារតី ២ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និង បង្កើតសមិទ្ធផលនានាសម្រាប់កម្ពុជា។ បច្ចុប្បន្ន សហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី មានសមាជិកសកម្មចំនួន ១៤ម៉ឺននាក់ នៅទូទាំងប្រទេស៕
Tag:
សសយក
ហ៊ុន ម៉ានី
២ធ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com