អន្តរជាតិ
តើ​អ្នក​ឆ្ងល់​ទេ​ថា ហេតុអ្វី​បានជា​នាឡិកា​អាច​កំណត់​ម៉ោង​បានល្អ​ម្ល៉េះ​?
30, Nov 2019 , 5:39 pm        
រូបភាព
​នៅក្នុង​ប្រវត្តិសាស្ត្រ មនុស្ស​បាន​ប្រើប្រាស់​កាលៈទេសៈ និង​ឧបករណ៍​ខុសៗ​គ្នា​ក្នុង​ការកំណត់​ពេលវេលា និង​ម៉ោង​ពេល​។ ជំហាន​ដំបូង​គេ​គឺ​ការប្រើប្រាស់​ព្រះអាទិត្យ​ក្នុង​ការដឹង​ពី​ពេលព្រឹក ពេល​ថ្ងៃ និង​ពេលយប់​។ ក្រោយមកទៀត មនុស្ស​ក៏បាន​បង្កើតជា​ប្រព័ន្ធ​ប្រតិទិន​ជាច្រើន​ប្រភេទ​ក្នុងការ​ចងក្រង​ពេលវេលា​ទុក​ឲ្យ​បានយូរ និង​ច្បាស់លាស់​ជាង​មុន ដោយ​ការសិក្សា​ពី​ចលនា​នៃ​ភពផែនដី ជាមួយនឹង​ព្រះអាទិត្យ និង​ចលនា​នៃ​គន្លង​ព្រះ​ខែ​ជាដើម​។

 
​នៅពេលដែល​សង្គមមនុស្ស​កាន់តែ​មានការ​រីកចម្រើន ជាពិសេស​ជាមួយនឹង​ផ្នែក​វិទ្យាសាស្ត្រ ការគ្រប់គ្រង​ពេលវេលា​គឺជា​រឿង​ដែល​មិនអាច​រំលង​បាន​។ អ្នកជំនាញ​ជាច្រើន​នាក់​បាន​បង្កើត​ឧបករណ៍​នានា​ក្នុង​ការសម្រេច​នូវ​ភាពច្បាស់លាស់​ក្នុងការ​កំណត់​នូវ​រាល់​វិនាទី ដោយសារ​វា​មាន​សារសំខាន់​សម្រាប់​នាវិក​ដែល​ធ្វើដំណើរ​តាម​មហាសមុទ្រ ឬ​អ្នក​វិ​ទ្យ​សាស្ត្រ​ដែល​ធ្វើការ​ពិសោធ​ជាដើម​។ 
 
​គេហទំព័រ Explain That Stuff បាន​ពន្យល់ថា នៅក្នុង​ឆ្នាំ​១៥៨៣ រូប​វិទូ​ម្នាក់​ដែលមាន​ឈ្មោះ Galileo Galilei បាន​បង្កើត​នាឡិកា​មួយបែប​ដែល​ប្រើប្រាស់​ដុំ​រំយោល មាន​ចលនា​ទៅវិញទៅមក ឬ​គេ​ហៅថា Pendulum ជាមួយនឹង​ស្ពឺរ​ង្វិ​ល​ពិសេស​ស្ថិតនៅ​ខាងក្នុង​។ លោក​បានកំណត់​ការ​យោល​នៃ​ដុំ​នេះ​ទៅវិញទៅមក​ម្តង ក្នុងពេល​មួយ​វិនាទី​។ ដោយសារតែ​ដុំ​រំយោល​នោះ​អាច​ឈប់​មាន​ចលនា​ដោយសារតែ​ការ​កកិត​ជាមួយនឹង​ខ្យល់ និង​វត្ថុ​ផ្សេងៗ អ្នកប្រើប្រាស់​តែង​មួល​ដុំ​វា​ឡើងវិញ​ជា​រៀងរាល់ថ្ងៃ ដើម្បី​ឲ្យ​បន្ត​នៅមាន​ចលនា​។ បច្ចេកវិទ្យា​មួយ​នេះ​បាន​បម្រើ​ជីវិត​មនុស្ស​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​អស់​រយៈពេល​រាប់រយឆ្នាំ​មកហើយ​។ 
 
​មកទល់​បច្ចុប្បន្ន នាឡិកា​របស់​អ្នក​មិន​ប្រើប្រាស់​ដុំ​រំយោល​នេះ​តទៅទៀត​នោះទេ ដោយសារតែ​ទំហំ​ដ៏​ធំ និង​គ្រឿង​ដ៏​ស្មុគស្មាញ​របស់​វា​។ ក្នុងការ​កំណត់​ម៉ោង​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាមួយនឹង​តម្លៃ​កាន់តែ​ធូរ​ថ្លៃ គេ​ប្រើប្រាស់​សារធាតុ​ម្យ៉ាង​ហៅថា «Quartz» ។ វា​ជា​ប្រភេទ​គ្រី​ស្តា​ល់ ដែល​បង្ក​មកពី​ស៊ី​លី​កូន ឌីអុកស៊ីត ដែល​សម្បូរ​នៅតាម​ស្រទាប់​ភពផែនដី​។ វា​មិន​ទទួលរង​ឥទ្ធិពល​ពី​ទំនាញផែនដី ឬ​ការប្រែប្រួល​សីតុណ្ហភាព​ដូច​ដុំ​រំយោល​នោះឡើយ​។ គេ​ប្រើប្រាស់ Quartz ក្នុងការ​កំណត់​ម៉ោង​ដោយ​ផ្ទេរ​ចរ​ន្ទ​អគ្គីសនី​ទៅលើ​វា​បន្តិចៗ​ក្នុង​លំនាំ​មួយ​ហៅថា Piezoelectric រួច​សារធាតុ Quartz នេះ​នឹងមាន​រំ​ញ័រ​ក្នុង​កម្រិត​មួយ​យ៉ាងច្បាស់​លាស់​គឺ ៣២៧៦៨ ដង​ក្នុង​មួយ​វិនាទី ឬ ៣២៧៦៨ អ៊ែ​ក​។ 
 
​ចំនួន​នេះ​ត្រូវបាន​រាប់​ដោយ​បន្ទះក្តារ​អេ​ឡិច​ត្រូ​និ​ច និង​ប​ម្លែ​ង​វា​ឲ្យ​ទៅជា​មួយ​វិនាទី​យ៉ាងច្បាស់​លាស់ ទៅលើ​អេក្រង់​ឌីជីថល ឬ​ទ្រនិចនាឡិកា​។ តែ​ទោះបីជា​វា​ល្អ​យ៉ាងនេះ​មែន Quartz ក៏​នៅតែ​អាចមាន​ភាពប្រែប្រួល​បន្តិច​បន្តួច​ផងដែរ ដូចជា​នៅក្នុង​សីតុណ្ហភាព និង​សម្ពាធ​ខុសៗ​គ្នា​។ ក្នុង​មួយខែៗ នាឡិ​ការប្រើប្រាស់ Quartz អាចមាន​ការប្រែប្រួល​ប្រមាណ​២​ទី​បី​វិនាទី​៕

© រក្សាសិទ្ធិដោយ thmeythmey.com