ពីនេះ ពីនោះ
រូបត្លុក
ព្រឹកថ្ងៃអាទិត្យនេះ, សុធី ខឹង សំណាង រឿង សំណាង ទាញតម្លៃគ្រូបង្រៀនទម្លាក់!
× ដូចសព្វដង ទាំងពីរនាក់ផឹកកាហ្វេនៅកន្លែងដដែល។ តែនៅព្រឹកថ្ងៃអាទិត្យនេះ សុធី និងសំណាង មិននិយាយពីរឿងដីធ្លីទៀតឡើយ។ នៅព្រឹកនេះ សុធី និងសំណាង ដំឡើងសសៃកដាក់គ្នាជុំវិញរឿងអាជីពគ្រូបង្រៀន។
សំណាង៖ អាជីពគ្រូបង្រៀន បង្រៀនគេឲ្យចេះដឹង ឲ្យចេះធ្វើ តែខ្លួនឯងដូចជាមិនសូវ«មានបាន»ហ៊ឺហាអីសោះ អា សុធី។
សុធី៖ អា សំណាង។ អត់ហ៊ឺហាអីអ្ហា។ ធ្វើជាគ្រូបង្រៀនជួយកូនគេ ជួយសហគមន៍ និងជួយសង្គមជាតិច្រើនណាស់ណា៎។ គ្រូបង្រៀនមានតម្លៃ មិនអាចកាត់ថ្លៃបានឡើយ។
សំណាង៖ អាហ្នឹង អញដឹងវាអ៊ីចឹងហើយ។ តែគ្រាន់អញថា ជីវភាពគ្រូបង្រៀនដូចជាមិនសូវអស្ចារ្យដូចអាជីពផ្សេងសោះ។
សុធី៖ ចុះបើអ្ហែងដឹងហើយ ហេតុអីអ្ហែងចង់តែមើលងាយគ្រូបង្រៀនអ៊ីចឹង។
សំណាង៖ (សំណាង ចង់ធ្វើឲ្យ សុធី ខឹង)។ អញមិនមើលងាយគ្រូបង្រៀនទេ តែអញសង្កេតឃើញគ្រូបង្រៀនខ្លះ ធ្វើគ្រូរហូត រីឯកូនសិស្សរបស់គាត់«ឡើងធំ»អស់រលីង ចំណែកឯគាត់វិញ នៅតែជាគ្រូស្ទើរអស់មួយជីវិត។ ករណីនេះ មានច្រើនណាស់អា សុធី កុំនិយាយលេងអ្ហា។
សុធី៖ (ក្តៅស្លឹកត្រចៀក)។ អា សំណាង។ អ្ហែងចូលដល់មើលងាយគ្រូបង្រៀនកាន់តែខ្លាំងឡើងៗហើយ។ អ្ហែងដឹងទេថា អាជីពគ្រូបង្រៀន គឺជាមេអាជីពបង្កើតអាជីពដទៃទៀត។ អញសួរឯងថា បើគ្រូបង្រៀនឡើងធ្វើ«អ្នកធំ»អស់ តើមានអាណាបង្រៀនកូនចៅយើងបន្តទៀត?
សំណាង៖ ថា អញដឹងហើយ!។ អញគ្រាន់តែលើកឡើងយកមកជជែកលេងតើ!។
សុធី៖ អា សំណាង។ លេងសើចរឿងអីផ្សេងបាន។ តែកុំមើលងាយគ្រូឲ្យសោះណា អា សំណាង។
ក្រេបកាហ្វេអស់មួយកែវ សំណាង និងសុធី ក៏បែកគ្នាទាំងមិនសូវសប្បាយនៅព្រឹកថ្ងៃអាទិត្យនេះ។ តែទោះជាយ៉ាងណា អ្នកទាំងពីរសន្យាជួបគ្នានៅសប្តាហ៍ក្រោយទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com