ជាតិ
លោក ហ៊ុន ម៉ា​នី​៖ «​ស្មារតី​២​ធ្នូ ជាការ​លះបង់ និង​ដាក់​ប្រយោជន៍​បុគ្គល​ម្នាក់ៗ សម្រាប់​សង្គមជាតិ និង​ប្រជាជន​»
30, Nov 2019 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ ពិធី​អបអរសាទរ​ខួប​លើក​ទី​៤១​រប​ស់ស​.​ស​.​យ​.​ក នៅ​ថ្ងៃទី​៣០ វិច្ឆិកា នា​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​រំឭក​ពី​ការលះបង់​ជីវិត​របស់​យុវជន​ជំនាន់​មុន ដើម្បី​សង្គមជាតិ​។ សម្រាប់​លោក ហ៊ុន ម៉ា​នី ស្មារតី​២​ធ្នូ នៅតែ​ដក់​ជាប់​ជាមួយ​លោក ទោះបី​៤១​ឆ្នាំ​កន្លងផុតទៅ​ក៏ដោយ​។​


 
២​ធ្នូ ១៩៧៨ ជា​ថ្ងៃកំណើត​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ា​នី បានរៀបចំ​ខួប​លើក​ទី​៤១​របស់ខ្លួន ដែល​រំឭក​ពី​ការលះបង់​របស់​យុវជន​ជំនាន់​មុន និង​អបអរ​នូវ​សមិទ្ធផល​នានា​ដែល​សម្រេចបាន​កន្លងមក​រហូតដល់​បច្ចុប្បន្ននេះ រួមទាំង​ការ ត្រៀមខ្លួន​ចូលរួមចំណែក​ដើម្បី​នាំ​កម្ពុជា​ទៅ​អនាគត​ឲ្យ​កាន់តែ​ប្រសើរ​។​
 
​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​៤១ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានចាត់ទុក​ស្មារតី​២​ធ្នូ គឺជា​ការលះបង់ និង​ដាក់​ប្រយោជន៍​របស់​បុគ្គល​ម្នាក់ៗ​។ លោក ហ៊ុន ម៉ា​នី លើកឡើង​យ៉ាង​ដូច្នេះ​៖ «​ស្មារតី ២​ធ្នូ ជាការ​លះបង់ និង​ការដាក់​ប្រយោជន៍​បុគ្គល​ម្នាក់ៗ​ដោយឡែក ហើយ​មក​រួបរួមគ្នា ពុះពារ​ដើម្បី​សម្រេច​នូវ​បុព្វហេតុ​រួម នោះ​គឺ​សម្រាប់​សង្គមជាតិ និង​ប្រជាជន​»​។​
 
​ប្រធាន​សហភាព​សហព័ន្ធ​កម្ពុជា​រូបនេះ សង្ឃឹម​យ៉ាង​ថា សមាជិក សមាជិកា ស​.​ស​.​យ​.​ក គ្រប់រូប​ចាំ​ទុក​នូវ​ស្មារតី​២​ធ្នូ ជា​រៀងរហូត ដើម្បី​ធ្វើការ​សម្រេចចិត្ត​នានា​សម្រាប់​សង្គមជាតិ​ទៅ​អនាគត មិន​ថា​ទាំង​ក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​ការងារ​។ សម្រាប់​លោក ហ៊ុន ម៉ា​នី នឹង​ប្ដេជ្ញា​បន្ត និង​មិន​ឲ្យ​ស្មារតី​២​ធ្នូ​បាត់បង់​ឡើយ​។ 
 
​សូមបញ្ជាក់ថា ស​.​ស​.​យ​.​ក​. ជា​ផ្នែក​មួយ​នៃ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​ត្រូវបាន​បង្កើតឡើង​កាលពី​៤១ ឆ្នាំមុន នៅ​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​១៩៧៨ ក្រោម​ការដឹកនាំ​របស់ សម្តេច ជា ស៊ីម​,  សម្តេច ហេង សំរិន និង​សម្តេច ហ៊ុន សែន ក្នុង​បុព្វហេតុ​ផ្តួលរំលំ​របប​ខ្មែរក្រហម និង​រំដោះជាតិ​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍​៕

Tag:
 ហ៊ុន ម៉ា​នី​
  ២​ធ្នូ
© រក្សាសិទ្ធិដោយ thmeythmey.com