កីឡាជាតិ
ជាតិ
ប្រវត្តិសាស្ត្រ​! U19 កម្ពុជា​បាន​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ពានរង្វាន់ AFC
30, Nov 2019 , 8:55 pm        
រូបភាព
ដោយ: ថ្មីៗ
ទីបំផុត​ទៅ ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​កម្ពុជា ដែល​បាន​រង់ចាំ​ដ៏​យូរ បានសម្រេច​ក្តី​សុបិន​របស់ខ្លួន ដោយ​ទទួល​កៅអី​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ AFC U19 Championship ឆ្នាំ​២០២០ នៅ​ប្រទេស​អ៊ូ​ស​បេ​គី​ស្ថាន​។ លទ្ធផល​នេះ កើតឡើង​ដោយ ប៉ា​ឡេ​ស្ទី​ន និង​គូ​វែ​ត បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៣-៣ នៅក្នុង​ពូ​ល A។



លទ្ធផល​នេះ កើតឡើង​បន្ទាប់ពី​ការប្រកួត​ពូ​ល A នៅ​ប្រទេស​អូ​ម៉​ង់ ដោយ​រក​មិនឃើញ​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ល្អ​ជាង​កម្ពុជា​នោះឡើយ ពោលគឺ​បន្ទាប់​គូ​វ៉ែត និង​ប៉ា​ឡេ​ស្ទី​ន បានបញ្ចប់​ក្នុ​លទ្ធផល​ស្មើ ៣-៣​។ U19 កម្ពុជា ស្ថិតក្នុង​ចំណោម​ក្រុម​លេខ​ពីរ​ដែលមាន​ពិន្ទុ​ល្អ​ជាងគេ ពី​ការប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូ​ល G នៅ​រាជធានី​ភ្នំពេញ កាលពីដើម​ខែវិច្ឆិកា កន្លងមក​។​

​ក្នុងការ​ប្រកួត​ទាំងមូល កម្ពុជា​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២ រីឯ​ម៉ាឡេស៊ី ឡើងទៅ​វគ្គ​បន្ត​ក្នុងនាម​ជា​ក្រុម​លេខ​មួយ​។ កម្ពុជា​បាន​ចាញ់​ម៉ាឡេស៊ី ៥-៤ ឈ្នះ​កោះ​ម៉ា​រី​យ៉ាណា​ខាងជើង ៩-០ ឈ្នះ​ថៃ ២-១ និង​ឈ្នះ ព្រុយ​ណេ ៣-០​។ ដោយសារ​ពូ​ល​ផ្សេងទៀត​មាន​៤​ក្រុម ដូច្នេះ​លទ្ធផល​ជាមួយ​កោះ​ម៉ា​រី​យ៉ាណា​ខាងជើង មិនត្រូវ​បាន​បូក​បញ្ចូល​ក្នុងការ​ប្រៀបធៀប​គ្នា​សម្រាប់​ចំណាត់​លេខ​២​ល្អ​។ ស៊ីសង​លទ្ធផល ជាមួយ​ម៉ាឡេស៊ី ថៃ និង​ព្រុយ​ណេ កម្ពុ​ជាមាន​៦​ពិន្ទុ (+៣)​។​

លទ្ធផលដែលបាន​កើតឡើង​ក្នុងពូល A មានន័យថា ក្រុមលេខ២ពូលនេះ មិនមានពិន្ទុលើសកម្ពុជាឡើយសម្រាប់តំណែងក្រុម​លេខ២ដែល​ល្អជាងគេ។

ក្រុម​ដែល​កក់​កៅអី​ទៅ​អ៊ូ​ស​បេ​គី​ស្ថាន​រួមមាន ម្ចាស់ផ្ទះ​អ៊ូ​បេ​គី​ស្ថាន កាតា តា​ហ្ស៊ី​គី​ស្ថាន អ៊ីរ៉ង់ បា​រ៉ែ​ន អា​រ៉ា​ប៊ី​សា​អូឌីត ម៉ាឡេស៊ី អូស្ត្រាលី កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូណេស៊ី ឡាវ វៀតណាម យ៉េ​មែន និង​កម្ពុជា​៕​


© រក្សាសិទ្ធិដោយ thmeythmey.com