អាកទិច​៖ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក​ម្ចេ​ច​ប្លា​ស្ទិ​ក​តូចៗ​ធ្លាក់​មក​ជាមួយនឹង​ព្រិល​
វិទ្យាសាស្រ្ត និង បច្ចេកវិទ្យា
អន្តរជាតិ
អាកទិច​៖ អ្នកវិទ្យាសាស្ត្រ​រកឃើញ​ក​ម្ចេ​ច​ប្លា​ស្ទិ​ក​តូចៗ​ធ្លាក់​មក​ជាមួយនឹង​ព្រិល​
01, Dec 2019 , 11:18 am        
រូបភាព
ការចុះផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​ដោយ​គេហទំព័រ​សារព័ត៌មាន​អង់គ្លេស BBC កាលពី​ថ្ងៃទី​១៥ ខែកក្កដា ដែល​បានបង្ហាញ​ពី​ភាព​ភ្ញាក់ផ្អើល​របស់​អ្នកវិទ្យាសាស្ត្រ​ក្នុងការ​ពិនិត្យ​មើលឃើញ​ក​ម្ចេ​ច​កំ​ទី​ប្លា​ស្ទិ​ក​តូចៗ (​មីក្រូ​ប្លា​ស្ទិ​ក​) នៅក្នុង​បរិយាកាស​។ ទិន្នន័យ​ត្រូវបាន​បង្ហាញថា មីក្រូ​ប្លា​ស្ទិ​ក​ទាំងនោះ​មាន​ចំនួន​អាច​ទៅដល់​១​ម៉ឺន​ផ្នែក ក្នុង​ចំណុះ​១​លីត្រ​។

 
​អាក​ទិ​ក​ត្រូវបាន​គេ​ចាត់ទុកថា​ជា​កន្លែង​មួយ​ដែល​នៅមាន​ភាព​រងគ្រោះ​តិចតួច​ពី​សកម្មភាព​របស់​មនុស្ស ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​មែន វត្តមាន​កាកសំណល់​នានា​ដែល​ប្រើប្រាស់​ដោយ​មនុស្ស​ក៏​នៅតែមាន​វត្តមាន​ខ្លះៗ​នៅ​តំបន់​ប៉ូល​ខាងជើង​នេះដែរ​។ អ្នកវិទ្យាសាស្ត្រ​មិនទាន់​អាច​កំណត់​ឲ្យ​បានច្បាស់លាស់​ថា ការដកដង្ហើម​ដែលមាន​បរិមាណ​ប្លា​ស្ទិ​ក​នៅក្នុង​ខ្យល់​បរិយាកាស​អាច​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អ្វីខ្លះ​ដល់​ខ្លួនប្រាណ​មនុស្ស​នោះទេ​។ 
 
​អ្នកស្រាវជ្រាវ​បាន​ចូក​យក​បរិមាណ​ព្រិល​មួយចំនួន​មកពី​កោះ Svalbard ក្បែ​ប៉ូល​ខាងជើង និង​យកមក​ធ្វើការ​ពិនិត្យ​ពិសោធន៍​នៅឯ​វិទ្យាស្ថាន Alfred Wegener នៅក្នុង​ប្រទេស​អាល្លឺម៉ង់​។ មីក្រូ​ប្លា​ស្ទិ​ក​គឺជា​ផង់​ប្លា​ស្ទិ​ក​តូចៗ​ទាំងឡាយណា​ដែលមាន​ទំហំ​តូច​ជាង​៥​មី​លី​ម៉ែត្រ​។ 
 
​តើ​ប្លា​ស្ទិ​ក​ទាំងនេះ​ធ្វើដំណើរ​ទៅកាន់​អាកទិច​ដោយ​ដូចម្តេច​? គេ​សន្មត​ថា ចរន្ត​ខ្យល់​នានា​ជា​អ្នក​ទាញយក​បរិមាណ​ប្លា​ស្ទិ​ក​ទាំងអស់នេះ​ពី​តំបន់​ទីក្រុង និង​ទីប្រជុំជន​។ ប៉ុន្តែ​ប្រព័ន្ធ​នៃ​ចរន្ត​ខ្យល់ មិនទាន់មាន​អ្នក​ដែល​អាច​សិក្សា​ឲ្យ​បានច្បាស់លាស់​នោះទេ​។ មានការ​ជជែក​គ្នា​ជាច្រើន​ទៅលើ​រឿង​មួយ​នេះ​។ មតិ​ខ្លះ​បាន​លើកឡើងថា ផង់​តូចៗ​មួយចំនួន​អាចមាន​វត្តមាន​ចេញពី​ផ្នែក​នានា​នៃ​កប៉ាល់ ឬ​នាវា​។ 
 
​មតិ​ខ្លះទៀត​បាន​និយាយថា វា​មាន​វត្តមាន​មកពី​តួប៊ីន​ខ្យល់​ធំៗ ដែល​ផលិត​ថាមពល​ចេញពី​ខ្យល់ ចំណែកឯ​ខ្លះទៀត​ក៏បាន​និយាយ​ផងដែរ​ថា វា​ចេញ​មកពី​សំលៀកបំពាក់​នៃ​មនុស្ស​នៅ​ទីនោះ​។ វា​ជាហេតុ​ការណ៍​មួយ​ដែល​ពិបាក​នឹង​ទទួលយក ដោយ​ប្រជាជន​មួយចំនួន​ដែល​រស់នៅក្នុង​តំបន់​អាកទិច​។ អ្នករស់នៅ​ម្នាក់​បាន​លើកឡើងថា គាត់​ធ្លាប់​ដឹង​ពី​ប្លា​ស្ទិ​ក​នៅក្នុង​ទឹកកក ប្លា​ស្ទិ​ក​នៅក្នុង​ទឹកសមុទ្រ និង​តាម​ឆ្នេរ​។ តែ​ពេលនេះ វត្តមាន​របស់​ប្លា​ស្ទិ​ក​នៅក្នុង​ព្រិល​បានធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​សោកសៅ​យ៉ាងខ្លាំង​៕

Tag:
 ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com