ជាតិ
ឃាត់ខ្លួនអ្នកបើករថយន្តដឹកទេសចរចិនក្រឡាប់នៅភ្នំគូលែនក្រោយគេចខ្លួនរយៈពេល៤ខែ
× សៀមរាប៖ ជនសង្ស័យដែលជាអ្នកបើករថយន្ដដឹកទេសចរចិនក្រឡាប់នៅភ្នំគូលែនកាលពីអំឡុងខែកក្កដា ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នាថ្ងៃទី២៩ វិច្ឆិកា។ ជនសង្ស័យត្រូវបានឃាត់ខ្លួន បន្ទាប់ពីរត់ទៅរស់នៅស្រុកកំណើតនាខេត្តកំពតអស់រយៈពេល៤ខែកន្លងមក។
ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោក ហួត សុធី ដែលដឹកនាំកម្លាំងជំនាញចុះឃាត់ខ្លួនអ្នកបើករថយន្តនោះបានឱ្យដឹងថា កម្លាំងនគរបាលខេត្តសៀមរាបសហការជាមួយនគរបាលខេត្តកំពត ចុះឃាត់បុរសជាជនសង្ស័យឈ្មោះ វ៉ាន វុទ្ធី នៅឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោយជនសង្ស័យរត់គេចខ្លួនបន្ទាប់ពីថ្ងៃកើតហេតុ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានជំនាញរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់។ ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទធ្វេសប្រហែលក្នុងការបើកបរ។
គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅថ្ងៃទី២១ កក្កដា ត្រង់ចំណុចខ្នងភ្នំគូលែន ក្នុងភូមិសាស្ដ្រភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ នៅលើផ្លូវចុះភ្នំគូលែនថ្មីដែលកំពុងស្ថាបនា។ ហេតុការណ៍នេះបណ្ដាលឱ្យរថយន្តសាំងយ៉ុងមួយគ្រឿងដឹកទេសចរចិន១៤នាក់ក្រឡាប់ ដែលធ្វើឱ្យមនុស្ស៣នាក់ស្លាប់ និងរងរបួសធ្ងន់ស្រាលជាច្រើននាក់៕
Tag:
ទេសចរចិន
ភ្នំគូលែន
គ្រោះថ្នាក់ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com