ខៀវ ចិន្តា​រ័ត្ន ដាក់​គោលដៅ​ដណ្តើមយក​មេដាយមាស​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ​
កីឡាជាតិ
ជាតិ
ខៀវ ចិន្តា​រ័ត្ន ដាក់​គោលដៅ​ដណ្តើមយក​មេដាយមាស​ក្នុងការ​ប្រកួត​ស៊ី​ហ្គេម​ឆ្នាំនេះ​
01, Dec 2019 , 7:59 pm        
រូបភាព
​ក្រោយ​វិល​ត្រឡប់មក​ចូលរួម​ក្នុង​វិស័យ​កីឡា​គុន​ល្បុក្កតោ​សាជាថ្មី កីឡាការិនី ខៀវ ចិន្តា​រ័ត្ន ហាក់​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ ការ​ឈ្នះ​មេដាយមាស គឺជា​គោលដៅ និង​ជា​ក្តី​រំពឹង សម្រាប់​ការបង្ហាញ​ខ្លួន​លើកដំបូង​របស់ ចិន្តា​រ័ត្ន ដែលមាន​ការប្តេជ្ញា​ខ្ពស់​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំនេះ​។ កីឡាការិនី​រូបនេះ នឹង​ប្រកួត​លើ​វិញ្ញាសា​ដំបង​ខ្លី Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ម្ចាស់ផ្ទះ​ហ្វីលីពីន​។

 
​កីឡាការិនី​គុន​ល្បុក្កតោ ខៀវ ចិន្តា​រ័ត្ន ដែល​កំពុង​ហ្វឹកហាត់​នៅ​ប្រទេស​ហ្វីលីពីន​បាន​អះអាងថា នាង​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​ក្នុងការ​រួមចំណែក​ជួយ​កសាង​កិត្តិយស​ជូន​ជាតិ​មាតុភូមិ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ ក្រៅពី​ប្តេជ្ញា​ប្រឹងប្រែង​ប្រកួត​ឲ្យ​អស់ពី​សមត្ថភាព ចិន្តា​រ័ត្ន ក៏​ដាក់​ក្តី​រំពឹង​ខ្ពស់​ក្នុងការ​ប្រជែង​ដណ្តើមយក​មេដាយមាស​ផងដែរ​។  
 
«​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច សម្រាប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម ហើយ​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​អស់ពី​សមត្ថភាព​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​។ សម្រាប់​ខ្ញុំ​ដាក់​ក្តី​រំពឹង​ច្រើន​ទៅលើ​មេដាយមាស ហើយ​ដើម្បី​សម្រេច​នូវ​គោលបំណង​នេះ ខ្ញុំ​នឹង​ខិតខំ​ហ្វឹកហាត់ ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ​»​។ នេះ​ជាការ​លើកឡើង​របស់​កីឡាការិនី ខៀវ ចិន្តា​រ័ត្ន ដែល​ចាត់ទុក​មេដាយ​ណាមួយ​ពី​ស៊ី​ហ្គេម​ជា​កិត្តិយស​ដ៏​ធំធេង​សម្រាប់​ខ្លួន​។ 
 
​នៅក្នុង​ការប្រកួត Pre-SEA Games លើ​វិញ្ញាសា​ដំបង​ខ្លី Arnis នៅ​ប្រទេស​កូរ៉េខាងត្បូង​កាលពីពេល​ថ្មីៗ កីឡាការិនី​សម្បុរ​សរាង​ស្តើង​រូបនេះ ដណ្តើមបាន​មេដាយមាស​លើ​ប្រភេទ​ទម្ងន់​ក្រោម​៥០​គីឡូក្រាម​។ ជ័យជម្នះ​នេះ បាន​ក្លាយជា​ចលករ​ជួយ​បង្កើន​ទំនុកចិត្ត ចិន្តា​រ័ត្ន មានការ​ជឿជាក់​កាន់តែខ្លាំង​ក្នុងការ​ប្រកួត​។ តែ​យ៉ាងណា សម្រាប់​ការប្រកួត​នេះ គឺ​ពុំមាន​ការចូលរួម​ពី​សំណាក់​កីឡាករ​ម្ចាស់ផ្ទះ​ឡើយ​។​
 
​ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ​ជូន​ជាតិ ក្រុម​កីឡាករ​កីឡាការិនី​ល្បុក្កតោ​កម្ពុជា​បាន​ទៅ​បោះជំរំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅ​ប្រទេស​ហ្វីលីពីន តាំងពី​ថ្ងៃទី​១១ ខែវិច្ឆិកា មកម្ល៉េះ​។ ល្បុក្កតោ​ជា​ប្រភេទ​កីឡា​ដំបូង​គេ​របស់​កម្ពុជា ដែល​បាន​ទឹកដី​ហ្វីលីពីន សម្រាប់​ព្រឹត្តិការណ៍​នេះ​។ 
 
​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ហ្វីលីពីន សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​បាន​បញ្ជូន​កីឡាករ​កីឡាការិនី​ចំនួន​៩​រូប​ឲ្យ​ចូលរួម ដោយមាន​លោក អ៊ួ តារា អគ្គលេខាធិការ​សហព័ន្ធ​ជា​ប្រធាន​ប្រតិភូ​។ កីឡាការិនី ខៀវ ចិន្តា​រ័ត្ន នឹង​ប្រកួត​លើ​ពីរ​វិញ្ញាសា​លើ​ប្រភេទ​ប្រយុទ្ធ​៕  



Tag:
 ​ល្បុក្កតោ​
  ខៀវ ចិន្តា​រ័ត្ន​
  SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម