អន្តរជាតិ
ចិន ចោទ​មេ​សិទ្ធិមនុស្ស UN ថា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​សំណុំរឿង​ហុងកុង​
01, Dec 2019 , 10:29 pm        
រូបភាព
លោកស្រី Michelle-Bachelet ឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (AFP)
លោកស្រី Michelle-Bachelet ឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (AFP)
ដោយ:
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង នៅ​ថ្ងៃ​សៅរ៍ ៣០ វិច្ឆិកា បាន​ចោទប្រកាន់​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ (UNCHR) លោកស្រី Michelle Bachelet ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន ក្រោយពី​លោកស្រី​បានស្នើ​សុំ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​ពី​សំណាក់​ប៉ូលិស​ហុងកុង​។​

 
​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ​ន៍​របស់​ចិន​ប្រចាំ UN ក្នុង​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​លើកឡើងថា អត្ថបទ Op-ed មួយ​ដែល​សរសេរ​ដោយ​លោកស្រី Bachelet ក្នុង​កាសែត​ហុងកុង South China Morning Post គឺជា​មិន​ត្រឹមត្រូវ ហើយ​ល្មើស​នឹង​គោលបំណង​និង​គោលការណ៍​របស់​ធម្មនុញ​អង្គការសហប្រជាជាតិ​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ស្ថាន​បេសកកម្ម​នេះ បញ្ជាក់ថា អត្ថបទ​នេះ​មាន​រំលេច យោបល់​មិន​សមរម្យ​លើ​ស្ថានភាព​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ហើយ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។ ខ្លួន​សង្កត់ធ្ងន់​ទៀតថា អត្ថបទ​របស់លោក​ស្រី Bachelet នឹងធ្វើ​ឲ្យ​ក្រុម​ធ្វើ​កុបកម្ម​កាន់តែ​មាន​ចរិត​ហិង្សា​ធ្ងន់ធ្ងរ​ថែមទៀត​។​
 
​ក្នុង​អត្ថបទ​ដែល​បាន​ចុះផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​កន្លងទៅ លោកស្រី Bachelet បាន​ទទូច​ឲ្យ​អាជ្ញាធរ​ក្នុង​ទីក្រុង​ហុងកុង​បើក​ការស៊ើបអង្កេត​ដែល​ដឹកនាំ​ដោយ​ចៅក្រម​ដោយឡែក និង​ឯករាជ្យ សមរម្យ​មួយ ក្នុង​គោលដៅ​បើក​កកាយ​ការពិត​ជុំវិញ​របាយការណ៍​នៃ​ការប្រើ​កម្លាំង​ជ្រុល​ហួសហេតុ​ពេក​ពី​សំណាក់​ប៉ូលិស​ហុងកុង​។ 
 
​ការតវ៉ា​របស់​ពលរ​ដ្ឋ​ហុងកុង ត្រូវបាន​បញ្ឆេះ​ដោយ​ការខឹង​សម្បារ​ជាច្រើន​ឆ្នាំ​ដោយសារ​ការយល់ឃើញរ​បស់​ប្រទេស​ចិន​ជុំវិញ​ការលុបបំបាត់​សេរីភាព​នៅ​ទីក្រុង​ពាក់កណ្តាល​ស្វយ័ត​នេះ​។ វា​មានការ​ប៉ះទង្គិច​គ្នា​ដោយ​អំពើហិង្សា​ម្តង​ហើយ​ម្តងទៀត​រវាង​ប៉ូលីស​និង​ក្រុមបាតុករ ដែល​បាន​អំពាវនាវ​ឲ្យ​មាន​គណនេយ្យភាព​របស់​ប៉ូលីស​និង​ការបោះឆ្នោត​ដោយ​សេរី​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​បដិសេធ​រាល់​ការទាមទារ​ពី​សំណាក់​អ្នក​តវ៉ា​ក្រុង​ហុងកុង ហើយ​ចាត់ទុកថា​ជា​« បដិវត្ត​ពណ៌​» ដែល​គាំទ្រ​ដោយ​បរទេស​ក្នុង​គោលបំណង​ធ្វើឱ្យមាន​អស្ថិរភាព​ដល់​ប្រទេស​ចិនដីគោក​៕

Tag:
 ចិន​
  UN
  សិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com