កីឡាប្រណាំងកង់របស់ប្រទេសបារាំងដែលមានឈ្មោះថា Tour De France គឺជាកីឡាមួយក្នុងចំណោមកីឡាជាច្រើនទៀតដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងឆាកកីឡាពិភពលោក។ កីឡាប្រណាំងកង់មួយនេះត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងទឹកដីប្រទេសបារាំង (លាយឡំជាមួយនិងទឹកដីប្រទេសជិតខាងខ្លះដែរ) ដែលមានការចូលរួមពីកីឡាករអាជីពជាច្រើនរយរូបមកពីប្រទេសជាច្រើនពីផ្នែកផ្សេងៗនៃពិភពលោក។ វាជាព្រឹត្តិការណ៍ប្រណាំងកង់មួយដែលទាមទារកម្លាំងកាយ និងកម្លាំងចិត្តយ៉ាងខ្លាំង ថែមទាំងសម្ភារៈកីឡាដែលមានតម្លៃរហូតទៅដល់រាប់ម៉ឺនដុល្លារ។
ការបកស្រាយពីគេហទំព័រ History.com បានធ្វើការពន្យល់ថា កីឡាប្រណាំងកង់ Tour De France ត្រូវបានគេបង្កើតឡើងដំបូងនៅក្នុងថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩០៣ ពោលគឺតាំងពី១១៦ឆ្នាំមុន។ នៅក្នុងឆ្នាំដំបូងនៃការប្រកួត មានកីឡាករសរុបចំនួន៦០នាក់ ដែលក្នុងនោះពួកគេមានវត្តមានមកពីប្រទេសបារាំង ប៊ែលហ្ស៊ីក ស្វីស អាល្លឺម៉ង់ និងអ៊ីតាលីជាដើម។
មួយភាគបីនៃអ្នកប្រណាំងគឺជាកីឡាករអាជីពដែលត្រូវបានគាំទ្រដោយក្រុមហ៊ុនផលិតកង់ល្បីៗ ចំណែកឯអ្នកប្រណាំងដទៃគឺគ្រាន់តែជាបេក្ខជនដែលស្រឡាញ់កីឡាប្រណាំងកង់ប៉ុណ្ណោះ។ អ្នកទាំងឡាយនេះនឹងត្រូវបានចូលរួមការប្រកួតមួយដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រនៃកីឡាប្រណាំងកង់ ជាមួយនឹងរង្វាន់ជាសាច់ប្រាក់ចំនួន២ម៉ឺនហ្វ្រង់។
ដើមកំណើតនៃកីឡាមួយនេះត្រូវបានបង្កើតឡើងដោយអ្នកសារព័ត៌មានម្នាក់ ដែលលោកមានឈ្មោះថា Geo Lefevre ដែលគំនិតមួយនេះនឹងអាចជួយកាសែតរបស់លោក L’Auto ឲ្យមានការគាំទ្រឡើងវិញពីសំណាក់មហាជនអ្នកអាន។ លោក Henri Desgrange ដែលអ្នកគ្រប់គ្រងមួយរូបនៅក្នុងកាសែត L’Auto បានស្រឡាញ់ និងទទួលស្គាល់គំនិតដ៏ប្លែកមួយនេះ។
លោកបានបង្កើតទីលានប្រណាំងកង់មួយដែលមានផ្លូវប្រណាំងជុំវិញប្រទេសបារាំង ក្នុងចម្ងាយសរុបប្រមាណជាង២៤០០គីឡូម៉ែត្រ ចេញពីទីក្រុងប៉ារីស ទៅកាន់ Lyon, Marseille, Toulouse, Bordeaux និង Nantes មុននឹងត្រលប់មកកាន់ប៉ារីសវិញ។ ដោយកាលពីពេលនោះ ការប្រណាំងមិនទាន់មានផ្នែកឡើងភ្នំ និងមានតែ៦វគ្គ ដោយប្រៀបធៀបជាមួយនឹងសព្វថ្ងៃមានទៅដល់២១វគ្គ។ ក្នុងមួយវគ្គនិមួយមានរយៈចម្ងាយជាមធ្យម៤០០គីឡូម៉ែត្រ និងរយៈពេលសម្រាក់ពី១ទៅ៣ថ្ងៃ នៅចន្លោះវគ្គនិមួយៗ។
នៅក្នុងការប្រណាំងដំបូងនៃឆ្នាំ១៩០៣ ផ្លូវប្រណាំងមិនទាន់បានគេរៀបចំឲ្យបានស្អាតដូចសព្វថ្ងៃនោះទេ ហើយកីឡាករប្រណាំងក៏មិនទាន់បានប្រើប្រាស់ឧបករណ៍ការពារត្រឹមត្រូវដូចពេលសព្វថ្ងៃនេះដែរ។ ពួកគេប្រណាំងជាបុគ្គលរៀងៗខ្លួន មិនទាន់សហការប្រណាំងជាក្រុមនោះទេ។ កីឡាករកាលពីពេលនោះមានបន្ទុកក្នុងការជួសជុសកង់ដោយខ្លួនឯង និងមិនទាន់មានរថយន្តជំនួយជួយពីក្រោយនោះទេ។ ការប្រណាំងពេលខ្លះត្រូវបានប្រព្រឹត្តិទៅទាំងយប់ រហូតដល់ពេលព្រលឹម ដែលមានតែព្រះចន្ទជាអ្នកនាំផ្លូវ និងផ្កាយនៅលើមេឃជាអ្នកទស្សនា។
កីឡាករ២៣នាក់ចុះចាញការប្រកួតវគ្គដំបូងនៃការប្រណាំង។ តែបេក្ខជនដំបូងគេដែលឈ្នះវគ្គដំបូងពីប៉ារីសទៅកាន់ Lyon គឺលោក Maurice Garin ក្រោយពីការប្រណាំងអស់ពេលប្រមាណ១៧ម៉ោង។ លោក Maurice Garin ធ្លាប់ជាអ្នកបោសជូតបំពង់ផ្សែងនៅតាមផ្ទះ មុននឹងបានក្លាយជាកីឡាករប្រណាំងឆ្នើមមួយនេះ។ នៅក្នុងវគ្គទី៦នៃការប្រណាំង លោក Maurice បានក្លាយជាបេក្ខជនជោគជ័យដំបូងគេក្នុងប្រវត្តិសាស្ត្រនៃកីឡា Tour De France នៅពេលដែលលោកចាក់ចេញពី Nantes មកកាន់ប៉ារីស។ លោក Maurice ចំណាយពេលជាង៩៥ម៉ោងនៅលើកង់ និងធ្វើដំណើរជាមធ្យម ២៤គីឡូម៉ែត្រក្នុងមួយម៉ោង។
ក្នុងចំណោម៦០នាក់នោះ មានតែ២១នាក់ប៉ុណ្ណោះដែលបានធ្វើការឆ្លងកាត់ការប្រណាំងមួយនេះ។ ចំពោះលោក Henri Desgrange កាសែតរបស់លោកត្រូវបានមហាជនអាន និងមានចំណាប់អារម្មណ៍ឡើងវិញរហូតទៅ៦ដងក្នុងអំឡុងពេលប្រណាំង។ កីឡាមួយនេះក៏ត្រូវបានផ្អាកចំនួនពីរដងផងដែរ គឺនៅក្នុងសង្គ្រាមលោកលើកទី១ និងលោកលើកទី២៕