ជាតិ
បណ្ដាខេត្តមួយចំនួន នឹងចុះត្រជាក់ដល់១៦អង្សា ពីថ្ងៃទី៥-៩ ធ្នូ
× ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១ ធ្នូនេះ បានចេញសេចក្ដីជូនដំណឹងថា ឥទ្ធិពលនៃការធ្លាក់ចុះជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន គួបផ្សំនឹងខ្យល់មូសុងឦសានខ្លាំង កំពុងមានឥទ្ធិពលជាបន្តបន្ទាប់មកលើកម្ពុជា។ ស្ថានភាពបែបនេះ បានធ្វើឲ្យខេត្តឧត្តរមានជ័យ, ព្រះវិហារ, ប៉ៃលិន, ស្ទឹងត្រែង, រតនគិរី និងខេត្តមណ្ឌលគិរី មានសីតុណ្ហភាពអប្បបរមាពី ១៦-១៨អង្សា និងសីតុណ្ហភាពអតិបរមាពី ២៥-២៧ អង្សា ពីថ្ងៃទី៥-៩ ខែធ្នូ។
សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បន្ថែមទៀតថា ខេត្តពោធិ៍សាត់, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, កំពង់ធំ, ក្រចេះ និងខេត្តកោះកុង មានសីតុណ្ហភាពអប្បបរមាពី ១៨-២០ អង្សា និងសីតុណ្ហភាពអតិបរមាពី ២៦-២៨អង្សា។ ចំណែករាជធានីភ្នំពេញ, កណ្ដាល, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀង មានសីតុណ្ហភាពអប្បបរមាពី ២១-២៣អង្សា និងសីតុណ្ហភាពអតិបរមាពី ២៦-២៨អង្សា។
តាមការព្យាករខាងលើ ខេត្តតាកែវ, កែប, កំពត និងខេត្តព្រះសីហនុ មានសីតុណ្ហភាពអប្បបរមាពី ២២-២៤អង្សា និងសីតុណ្ហភាពអតិបរមាពី ២៧-២៩អង្សា។ ក្រសួងធនធានទឹក ក៏អំពាវនាវដល់ពលរដ្ឋ ពិសេសកងទ័ពនៅតាមព្រំដែនតំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសាន ឲ្យមានការប្រុងប្រយ័ត្ន បង្កា និងថែរក្សាសុខភាពពេលអាកាសធាតុចុះត្រជាក់។ នេះបើតាមសេចក្ដីជូនដំណឹងដែលចុះហត្ថលេខាដោយលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម៕
© រក្សាសិទ្ធិដោយ thmeythmey.com