ជាតិ
សង្គមជាតិ
ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឲ្យ​គ្រប់​ស្ថាប័ន ចូលរួម​ប្រារព្ធ​ទិវា​ជនពិការ​
02, Dec 2019 , 8:39 am        
រូបភាព
រូបភាពពី​អង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស
រូបភាពពី​អង្គភាពព័ត៌មាន និងប្រតិកម្ម​រហ័ស
ដោយ:
​ភ្នំពេញ​៖ នៅ​ថ្ងៃទី​៣ ខែ​ឆ្នូ ជា​ទិវា​ជន​មាន​ពិការភាព​កម្ពុជា​លើក​ទី​២១ និង​ជា​ទិវា​ជន​មាន​ពិការភាព​អន្តរជាតិ​លើក​ទី​៣៧​។ ទិវា​ជន​មាន​ពិការភាព​នៅ​ឆ្នាំនេះ នឹង​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​លុបបំបាត់​ឧបសគ្គ​រារាំង​ជន​មាន​ពិការភាព ដើម្បី​សង្គម​មួយ​ប្រកបដោយ​បរិ​យាប​ន្ន​»​។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ណែនាំ​ឲ្យ​គ្រប់​ក្រសួង និង​ស្ថាប័ន ចូលរួម​ផ្តល់​អាទិភាព​ឲ្យ​ជនពិការ អាច​បម្រើ​ការងារ និង​ផ្តល់​ជា​កម្មវិធី​កម្សាន្ត​ដល់​ជន​មាន​ពិការភាព​។


 
​សាចរ​ណែនាំ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បាន​ចាត់តាំង​ឲ្យ​ក្រសួង​នានា រៀបចំ​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ជនពិការ បង្កើតជា​កម្មវិធី​កម្សាន្ត​សម្រាប់​ជន​មាន​ពិការភាព និង​រៀបចំ​កន្លែង​សាធារណៈ​សមរម្យ​សម្រាប់​ជនពិការ ដោយមាន​ជា ចំណត​យានយន្ត ការធ្វើ​ជម្រាល ការបំពាក់​ឧបករណ៍​ធ្នាក់​ដៃ និង បន្ទប់ទឹក​សម្រាប់​ជនពិការ​។  ជាពិសេស​នៅតាម​គ្រឹះស្ថាន​នានា ត្រូវ​រៀបចំ​បដា​និង​ពាក្យស្លោក ដើម្បី​អបអរសាទរ​ទិវា​ជនពិការ​។ 
 
​ការ​ប្រារព្ធ​ទិវា​ជន​មាន​ពិការភាព​នេះ គឺ​ដើម្បី​រំលឹក​ដល់​ជនពិការ​ដែល​បាន​បាត់បង់​កាយសម្បទា និង​ផ្លាស់ប្តូរ​ស្ថានភាព​រស់នៅ​របស់​ពួកគេ​ឲ្យ​មាន​សិទ្ធិ​នៅក្នុង​សកម្មភាព​នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ និង​កីឡា​។ សម្រាប់​កម្ពុជា ប្រារព្ធ​ទិវា​នេះ ក៏​បង្ហាញ​គោលបំណង​រំលឹក​ដល់​វិនាសកម្ម​ក្នុង​របប​ប្រល័យពូជសាសន៍​ផងដែរ ដែល​បន្សល់ទុក​ឲ្យ​មាន​ជនពិការ ស្រី្ត​មេម៉ាយ កុមារកំព្រា រួមទាំង​ជនពិការ​ដោយសារ​ជូ​ប​គ្រោះថ្នាក់​ចរាចរណ៍ ពិការភាព​ពី​កំណើត និង​ជំងឺ​រុំ​ាំ​រ៉ៃ ជាដើម​។​
 
​គូសបញ្ជាក់ថា ឆ្នាំ​២០១៩​នេះ មាន​ជនពិការ​២៨៦០​នាក់ (​ស្ត្រី​មាន​៧៨៩​នាក់​) បាន​ចូល​បម្រើ​ការងារ​ក្នុង​សា្ថ​ប័ន​រដ្ឋ​ចំនួន​៤០​។ ចំណែក​វិស័យ​ឯកជន​វិញ មាន​ជនពិការ​៣៧៩២​នាក់ (​ស្ត្រី​មាន​២១៦២​នាក់​)  បាន​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ចំនួន​១០២​។ នេះ​បើតាម​របាយការណ៍​ដែល​ចេញផ្សាយ​ក្នុង​សន្និបាត​បូកសរុប​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​ឆ្នាំ​២០១៤-២០១៨៕  

Tag:
 ​រាជរដ្ឋាភិបាល​
 ​ស្ថាប័ន​
 ​ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com