កីឡាជាតិ
ជាតិ
ម៉ូតូរ៉ាដអង្គរ ដែលរៀបចំដើម្បីទាក់ទាញភ្ញៀវទេសចរ គ្រោងចំណាយជាង១០ម៉ឺនដុល្លារ
01, Dec 2019 , 8:35 pm        
រូបភាព
ដោយ:
«Motorrad Angkor Festival» គឺជាឈ្មោះព្រឹត្តិការណ៍ជួបជុំអ្នកស្រលាញ់ម៉ូតូដ៏ធំមួយ ដែលរៀបចំនៅខេត្តសៀមរាបចាប់ពីថ្ងៃទី៦-៨ ខែឆ្នូ ឆ្នាំ២០១៩។ ពាក់ព័ន្ធគោលបំណងនៃព្រឹត្តិការណ៍នេះ គឺរៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ និងរួមចំណែកការពារបរិស្ថាន ជាពិសេសកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ វាក៏ជាវេទិកាជួបជុំ និងរឹតចំណងសាមគ្គីភាពរវាងកីឡាករកម្ពុជា និងកីឡាករបរទេសផងដែរ។ ទាំងក្រសួងបរិស្ថាន និងទេសចរណ៍ សុទ្ធតែគាំទ្រចំពោះព្រឹត្តិការណ៍នេះ។

នៅសល់តែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ជួបជុំអ្នកស្រលាញ់ម៉ូតូ Motorrad Angkor Festival ដែលរៀបចំលើកដំបូងនៅកម្ពុជានឹងឈានមកដល់។ កីឡាករជាតិនិងអន្តរជាតិមិនតិចជាង៨ប្រទេសនោះទេនឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ។ នេះបើតាមការបញ្ជាក់របស់លោក អ៊ុំ ប៊ុនរ៉េត ប្រធានក្លិប BMW Motorcycle និងជាប្រធានគណៈកម្មការរៀបចំកម្មវិធីនេះ។

ជាវេទិកាជួបជុំអ្នកស្រលាញ់ម៉ូតូធំ និងកែច្នៃក៏ពិតមែន តែវាជាទីលានប្រកួតប្រជែងដ៏ក្តៅគគុក សម្រាប់កីឡាករជាតិនិងអន្តរជាតិ ដើម្បីដណ្តើមជើងឯកទៀតផង។ បើតាមលោក ប៊ុនរ៉េត ការប្រកួតនេះចែកចេញជា៤ក្រុមម៉ូតូ ដោយរំពឹងទាក់ទាញកីឡាករជាង១ពាន់នាក់ឲ្យចូលរួម។ ក្រៅពីប្រកួតប្រជែងលើផ្លូវរាប ក៏មានការប្រកួតឆ្លងឧបសគ្គផងដែរ។ ព្រឹត្តិការណ៍នេះរៀបចំលើផ្ទៃដី៨ហិកតា។

អ្នកផ្តួចផ្តើមបង្កើតឲ្យមានព្រឹត្តិការណ៍នេះខាងលើបានបញ្ជាក់ថា គណៈកម្មការគ្រោងចំណាយថវិកាជាង១០ម៉ឺនដុល្លារក្នុងការទ្រទ្រង់ដល់ដំណើរនៃរៀបចំព្រឹត្តិការណ៍នេះ។ ទោះបីការចំណាយមានទំហំ តែប្រធានក្លិប BMW Motorcycle ហាក់មានការប្តេជ្ញាខ្ពស់ក្នុងការបន្តរៀបចំព្រឹត្តិការណ៍ទេសចរណ៍មួយនេះ។ ក្រៅពីខេត្តសៀមរាប ខេត្តស្ថិតនៅភាគឦសាន អាចជាគោលដៅបន្ទាប់ ប្រសិនបើមានដៃគូសហការគ្រប់គ្រាន់។

«កាលយើងសិក្សាដំបូងបូកលេខត្រួសៗចូល១២ម៉ឺនដុល្លារអាមេរិក ប៉ុន្តែការចំណាយជាក់ស្តែងអាចលើស ព្រោះពិបាកជាងគេគឺការរៀបចំដី ដោយសារដីមិនធ្លាប់រៀបចំព្រឹត្តិការណ៍ ដូច្នេះយើងត្រូវប្រើគ្រឿងចក្រធ្វើដីឲ្យស្មើ ហើយទី២គឺបញ្ហាបន្ទប់ទឹក....ភ្ញៀវយើងរំពឹងទុកថាអាច៥ម៉ឺននាក់ ដូច្នេះយើងត្រូវសាងសង់បន្ទប់ទឹកតែម្តង បើយើងជួលគេកាន់តែអស់ច្រើនជាងនេះ»។ នេះជាការលើកឡើងរបស់លោក អ៊ុំ សារ៉េត ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៣០ វិច្ឆិកា។

ដោយមើលឃើញសារប្រយោជន៍នៃគោលបំណងរបស់ព្រឹត្តិការណ៍ Motorrad Angkor Festival ទាំងលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក កាទើ មហាំម៉ាត់ ណោសស្រ៊ី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានប្រកាសសហការ និងគាំទ្រយ៉ាងពេញទំហឹងជាមួយគណៈកម្មការរៀបចំព្រឹត្តិការណ៍ជួបជុំអ្នកស្រលាញ់ម៉ូតូនេះ។

ក្នុងនោះលោក ណោសស៊្រី ចាត់ទុកព្រឹត្តិការណ៍នេះជាផលិតផលកីឡាទេសចរណ៍ថ្មីមួយបន្ថែមទៀត ក្នុងការជួយជំរុញកំណើតភ្ញៀវទេសចរណ៍ឲ្យមកកម្សាន្តនៅកម្ពុជា ពិសេសខេត្តសៀមរាបតែម្តង។ បន្ថែមលើនេះ វានឹងជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ឲ្យពិភពលោកស្គាល់កាន់តែច្បាស់ តាមរយៈអ្នកចូលរួម និងប្រព័ន្ធផ្សព្វផ្សាយជាតិនិងអន្តរជាតិ។

ជាមួយគ្នានេះ លោក ស្នើឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍ខាងលើ ត្រូវគិតគូ និងរៀបចំអាហារសម្រាប់កីឡាករអ៊ិស្លាម និងត្រួតពិនិត្យទង់ជាតិរបស់កីឡាករមកពីប្រទេសនីមួយៗឲ្យបានម៉ត់ចត់។ ព្រោះកម្ពុជាមិនអនុញ្ញាតឲ្យមានការលើកទង់ជាតិហុងកុងនៅលើទឹកដីកម្ពុជាឡើយ ដោយសារកម្ពុជាអនុវត្តគោលនយោបានចិនតែមួយ។

បើតាមលោក អ៊ុំ សារ៉េត ព្រឹត្តិការណ៍ម៉ូតូរ៉ាដអង្គរ រៀបចំឡើងក្នុងគោលបំណង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តសៀមរាប និងបំផុសស្មារតីប្រជាពលរដ្ឋឲ្យចេះស្រលាញ់បរិស្ថាន ពិសេសរួមចំណែកកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ការស្វែងរកមូលនិធិសប្បុរសធម៌ ក៏ស្ថិតក្នុងគោលបំណងនៃព្រឹត្តិការណ៍នេះដែរ ព្រោះក្រៅពីប្រកួត ក៏មានការជិះម៉ូតូដើម្បីរៃអង្គាសថវិកាជួយដល់សិស្សានុសិស្ស និងសាលាមួយចំនួនក្នុងខេត្តសៀមរាបផងដែរ។ ក្រៅពីការប្រណាំងម៉ូតូ ក៏មានការប្រគំតន្ត្រី និងតាំងពិព័រណ៌ផលិតផលជាតិ និងអន្តរជាតិជាង៣០០ស្តង់ទៀតផង៕

Tag:
 ប្រណាំងម៉ូតូ
  អ៊ុំ ប៊ុនរ៉េត
  Motorrad Angkor Festival
© រក្សាសិទ្ធិដោយ thmeythmey.com