កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ អត្តពលិកល្បុក្កតោដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ៣បន្ថែមលើកីឡា Arnis
× កីឡាការិនីគុនល្បុក្កតោជម្រើសជាតិ ស៊ីវ័ន្ត សូនីតា ដណ្តើមបានមេដាយប្រាក់ក្នុងការប្រកួតកីឡាដំបងខ្លី Arnis នាព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅហ្វីលីពីន។ ចំណែកកីឡាការិនី ខៀវ ចិន្តារ័ត្ន, យស់ សញ្ចនា និង បូ ចន្ធី ទទួលបានមេដាយសំរឹទ្ធក្នុងប្រភេទកីឡានេះផងដែរ។ សម្រាប់ការប្រកួតថ្ងៃដំបូងកម្ពុជាទទួលបានមេដាយប្រាក់៣ និងសំរឹទ្ធ៦។
ក្រុមកីឡាករកីឡាការិនីគុនល្បុក្កតោកម្ពុជា បន្តបង្ហាញភាពខ្លាំងក្នុងការប្រកួតកីឡាដំបងខ្លី Arnis តាមរយៈដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ៣បន្ថែមទៀតនៅល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ។ មេដាយប្រាក់រកបានដោយកីឡាការិនី ស៊ីវ័ន្ត សូនីតា ក្នុងវិញ្ញាសា Live Stick ទម្ងន់ចន្លោះពី៥៥-៦០គីឡូក្រាម។ ចំណែកមេដាយសំរឹទ្ធរកបានដោយកីឡាការិនី ខៀវ ចិន្តារ័ត្ន លើវិញ្ញាសា Live Stick ទម្ងន់ក្រោម៥០គីឡូក្រាម, យស់ សញ្ចនា ទម្ងន់៥០-៥៥គីឡូក្រាម និងកីឡាការិនី បូ ចន្ធី ទម្ងន់លើ៦០គីឡូក្រាម។
សម្រាប់ការប្រកួតថ្ងៃដំបូងក្នុងប្រភេទកីឡា Arnis លើវិញ្ញាសា Live Stick ក្រុមកីឡាករគុនល្បុក្កតោដណ្តើមបានមេដាយប្រាក់២ និងសំរឹទ្ធ៦ បន្ទាប់ពីកីឡាករ យ៉ុង ម៉េងលី រកបានមេដាយប្រាក់១លើទម្ងន់៦០-៦៥ និងកីឡាករ ឌឹម ង៉ែត, សុខ ឈុន និង មឿន ប៊ុនលី រកបានមេដាយសំរឹទ្ធម្នាក់១ក្នុងប្រភេទទម្ងន់រៀងៗខ្លួន។
លទ្ធផលជារួមនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ កម្ពុជាដណ្តើមបានមេដាយប្រាក់៣និងសំរឹទ្ធ៦ ដោយឈរចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្នក្នុងតារាងមេដាយ ដែលមានម្ចាស់ផ្ទះហ្វីលីពីនឈរកំពូលតារាងជាមួយមេដាយមាស២៦ និងប្រាក់១២៕
Tag:
ល្បុក្កតោ
SEA Games
Arnis
© រក្សាសិទ្ធិដោយ thmeythmey.com