ជាតិ
ខួប៤ឆ្នាំ នៃការដាក់បញ្ចូល«ទាញព្រ័ត្រ» ក្នុងបញ្ជីយូណេស្កូ
× ភ្នំពេញ៖ ថ្ងៃនេះ គឺជាខួប៤ឆ្នាំ នៃការបញ្ចូល«ទាញព្រ័ត្រ» ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ។ «ទាញព្រ័ត្រ» (Tug-of-War) ដែលជាប្រភេទកីឡា និងល្បែងចម្រុះជាតិសាសន៍ត្រូវបានចុះទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីក្រោមឈ្មោះ «Tugging Rituals and Games» នាកិច្ចប្រជុំលើកទី១០នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ថែរក្សាបេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុង Windhoek ប្រទេសណាមីប៊ី កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ។
ការចុះបញ្ជីល្បែង «ទាញព្រ័ត្រ» ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ កើតចេញពីការប្រឹងប្រែងរួមគ្នា របស់កម្ពុជា ហ្វីលីពីន កូរ៉េខាងត្បូង និងវៀតណាម។ សម្រាប់កម្ពុជា ទាញព្រ័ត្រ គឺជាល្បែងដ៏ពេញនិយម ដែលមាននៅក្នុងរឿងព្រេង និងនៅតាមជញ្ជាំងប្រាសាទ រួមទាំងយក្សទាញព្រ័ត្រនៅច្រកចូលអង្គរធំ។
ទាញព្រ័ត្រត្រូវបានគេចាត់ទុកជាល្បែងប្រជាប្រិយផង និងជាប្រភេទកីឡាផង។ កីឡាទាញព្រ័ត្រ គឺជាកីឡាមួយប្រភេទដែលឆ្លុះបញ្ចាំងពីភាពមានរបៀបរៀបរយ និងបង្ហាញពីកម្លាំងសាមគ្គី ឯកភាពគ្នា មានវិន័យល្អ និងសេចក្តីថ្លៃថ្នូរល្អនៅក្នុងសង្គមទៀតផង។ កម្ពុជា មានសហព័ន្ធកីឡាទាញព្រ័ត្រដែលដឹកនាំដោយលោក មាស សារិន និងអ្នកស្រី ប្រាក់ សម្ផស្ស ជាអគ្គលេខាធិការ៕
© រក្សាសិទ្ធិដោយ thmeythmey.com