កីឡាអន្តរជាតិ
អន្តរជាតិ
ស៊ី​ហ្គេម​៖ ព្យុះ Kammuri បង្ខំ​ឲ្យ​ហ្វីលីពីន​លុបចោល​ការប្រកួត​មួយចំនួន​
02, Dec 2019 , 11:18 am        
រូបភាព
​ហ្វីលីពីន ចាប់ផ្តើម​ជម្លៀស​មនុស្ស​រាប់ពាន់នាក់ ខណៈដែល​ព្យុះ​ទី​ហ្វុ​ង​កំពុង​បោកបក់​ខ្លាំង​ពី​សមុទ្រ​ប៉ាស៊ីហ្វិក និង​បង្ខំ​អ្នករៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម (SEA Games) ត្រូវ​លុបចោល ឬ​កំណត់ពេល​ប្រកួត​ឡើងវិញ​សម្រាប់​វិញ្ញាសា​មួយចំនួន​។​


 
​ក្រុម​អ្នក​ឧតុនិយម​ព្យាករណ៍​ថា​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Kammuri នឹង​បង្ក​ឲ្យ​មានការ​បាក់​ដី​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ទី​២ ខែធ្នូ ឬ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៣ ដោយ​បញ្ចេញ​កម្លាំង ១៧០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង និង​មាន​ខ្យល់​បក់​អតិបរមា ១៤០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។​
 
​ព្យុះ​កំណាច​មួយ​នេះ បាន​ចូលដល់​ទឹកដី​ហ្វីលីពីន​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​៣០ ខែវិច្ឆិកា​ភ្លាមៗ​មុន​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ និង​កំពូល​អ្នក​ប្រដាល់​ប្រដាល់ Manny Pacquiao ចូលរួម​បើក​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ាន​ឆ្នាំ​២០១៩ នេះ​។​
 
​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​ក្នុង​ក្រុង​ម៉ានីល និង​ក្រុង​ជាប់​សមុទ្រ Subic ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដោយមាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​មកពី​១១​ប្រទេស​ចូលរួម​។ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។​


 
​យ៉ាងណាក៏ដោយ វិញ្ញាសា​មួយចំនួន​ដែល​ធ្វើឡើង​ក្នុង​ក្រុង Subic ដែល​ស្ថិតនៅ​ឆ្នេរ​ខាងលិច កោះ Luzon អាច​នឹងត្រូវ​ប្រឈម​ខ្លាំ​ង​ដោយសារ​ព្យុះ Kammuri នេះ​។​
 
​លោក Ramon Agregado ប្រធាន​គណៈកម្មាធិការ​រៀបចំ​ការប្រកួត​នៅ​ប្រជុំ​កោះ Subic បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​ដោយសារ​ព្យុះ​នេះ ត្រូវ​បង្ខំចិត្ត​លុបចោល​កម្មវិធី​ប្រកួត​មួយចំនួន រហូតដល់​អាកាសធាតុ​ប្រសើរ​ឡើងវិញ​»​។ លោក Agregado បន្ថែមថា វិញ្ញាសា​កីឡា​ទ្រី​យ៉ា​ត្លុង​ស្ត្រី​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៣ ត្រូវ​ប្តូរ​ពេល​ប្រកួត​នៅ​ថ្ងៃទី​២​នេះ​វិញ​។​
 
​ដោយឡែក ទីតាំង​ប្រកួត​ផ្សេងទៀត នឹងមិន​ត្រូវ​ផ្លាស់ប្តូរ​នោះទេ ប៉ុន្តែ​ក្នុងករណី​មាន​អាកាសធាតុ​អាក្រក់​ដែល​បង្ក​ឲ្យ​មានការ​ខូចខាត​សមភារ​កីឡា​នោះ​អាច​នឹងត្រូវ​រៀបចំ​ប្រកួត​ឡើងវិញ​។​
 
​គិត​ត្រឹម​ម៉ោង ១១​ព្រឹក​ថ្ងៃទី​២ ខែធ្នូ​នេះ ម្ចាស់ផ្ទះ​ហ្វីលីពីន​រក​មេដាយ​បាន​ច្រើនជាងគេ​រហូតដល់​៤៩ ក្នុងនោះ មាស​២៥ ប្រាក់​១៥ និង​សំរឹទ្ធិ​៩​។ វៀតណាម​ឈរ​លេខ​រៀង​ទី​២​ក្នុង​តារាង​ដោយ​ទទួលបាន​មេដាយ​សរុប​៣៥ ក្នុងនោះ មាស​១០ ប្រាក់​១៣ និង​សំរឹទ្ធិ​១២ តាម​ពីក្រោយ​ដោយ​ថៃ​ដែល​រកបាន​មេដាយមាស​៥ ប្រាក់​៥ និង​សំរឹទ្ធិ​១២ សរុប​២២ ម៉ាឡេស៊ី បាន​មាស​៥ ប្រាក់​២ សំរឹទ្ធិ​២ សិង្ហ​បុរី​បាន​មាស​៣ ប្រាក់​៣ សំរឹទ្ធិ​៥ ឥណ្ឌូណេស៊ី​បាន​មាស​២ ប្រាក់​៦ សំរឹទ្ធិ​៦ ព្រុយ​ណេ​បាន​មាស​១ ប្រាក់​២ សំរឹទ្ធិ​១ កម្ពុជា​បាន​បាន​ប្រាក់​៣ សំរឹទ្ធិ​៦ មី​យ៉ាន់​ម៉ា​បាន​ប្រាក់​២ សំរឹទ្ធិ​៨ ឡាវ​បាន​សំរឹទ្ធិ​២ ហើយ​និង​ទី​ម័​រ​ខាងកើត​មិនទាន់​ទទួលបាន​មេ​ដា​នៅឡើយ​៕

Tag:
 Sea Gaems
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com