ជាតិ
សង្គមជាតិ
យុវជនបន្សាបថ្នាំញៀនជាង១៥០នាក់ ពុលផ្លែតាសក់ បណ្ដាលឲ្យស្លាប់ម្នាក់
02, Dec 2019 , 11:59 am        
រូបភាព
យុវជនប្រុសស្រីជាង១៥០នាក់ ដែលកំពុងស្ដារនីតិសម្បទាបន្សាបថ្នាំញៀន នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ក្នុងភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានអការៈក្អួតចង្អោរ សង្ស័យថាពុលផ្លែតាសក់។ ក្នុងចំណោមពួកគេ មានម្នាក់បានបាត់បង់ជីវិត។ បើតាមគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីនេះ កើតឡើងនៅរសៀលថ្ងៃទី១ ធ្នូ ឆ្នាំ២០១៩។



កាលពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមយុជនកំពុងស្ដារនីតិសម្បទាបន្សាបគ្រឿងញៀន បានហូបផ្លែតាសក់ ជាមួយអំបិលម្ទេស ដោយខ្លះបានលាងទឹកនិងខ្លះអត់បានលាងសម្អាត។ បន្ទាប់មកពេលយប់ ចាប់ផ្ដើមមានអ្នក រាគ និង ក្អួតចង្អោរ រហូតដល់ម៉ោង២រសៀលថ្ងៃទី១ធ្នូ មានអ្នកក្អួតចង្អោរខ្លាំង ទើបកម្លាំងនគរបាល ដឹកបញ្ចូនទៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គលបូរីចំនួន៧៣នាក់។

ក្នុងចំណោម៧៣នាក់នេះ មានស្រី១៣នាក់ ហើយក្នុងករណីនេះ មានអ្នកស្លាប់ម្នាក់ (ប្រុស) ។ លុះដល់ម៉ោងប្រមាណ៤រសៀល មានយុវជនប្រមាណជាង៩០នាក់ផ្សេងទៀត ក្អួតចង្អោរ ត្រូវបានដឹកយកមកសង្គ្រោះនៅមន្ទីរ ដែលមានអ្នកសម្រាកនៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ៨១នាក់ ហើយក៏មានអ្នកចេញពីពេទ្យ ត្រឡប់ទៅវិញខ្លះដែរ។

ក្នុងករណីនេះ ក្រុមគ្រួពេទ្យបង្អែកក្រុងសិរីសោភ័ណ បានចុះទៅពិនិត្យនិងព្យាបាលជំងឺផ្ទាល់នៅក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង៕

Tag:
 ពុលអាហារ
© រក្សាសិទ្ធិដោយ thmeythmey.com