រាជធានីភ្នំពេញ កំពុងធ្វើជាម្ចាស់ផ្ទះសមាជសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ រហូតដល់ថ្ងៃទី៤ ខែធ្នូ នៅសណ្ឋាគារសុខាភ្នំពេញ។ ក្នុងចំណោមអ្នកចូលរួមប្រមាណ៤០០នាក់ មានតំណាងក្រុងជាង១៤០ពីជាង៤០ប្រទេស រួមទាំងអភិបាលក្រុង៨៥រូបដែលជាសមាជិក AIMF ផងដែរ។
សមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ឈានដល់សមាជលើកទី៣៩ ក្រោយការបង្កើតផ្លូវការនៅឆ្នាំ១៩៧៩។ ក្នុងនាមជាម្ចាស់ផ្ទះ សាលារាជធានីភ្នំពេញ បានដាក់តាំងពិព័រណ៌ខួប៤០ឆ្នាំរាជធានីភ្នំពេញ បើគិតចាប់ពីក្រោយការដួលរលំរបបខ្មែរ។ ពិរព័ណ៌រូបថតនេះ ត្រូវបានសម្ពោធកាលពីថ្ងៃទី១ ខែធ្នូ នៅសួនព្រះនាងប្រាជ្ញាបារមី តាមបណ្តោយផ្លូវស៊ីសុវត្ថិ។
មុនពិធីបើកមហាសន្និបាតផ្លូវការ ថ្នាក់ដឹកនាំក្រុង តំណាង ក៏ដូចជាដៃគូ AIMF មានកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់លើប្រធានបទជាច្រើន ដូចជា បរិស្ថាន ការផ្លាស់ប្តូរបទពិសោធន៍ក្នុងការកែប្រែមុខមាត់សហគមន៍ ការផ្លាស់ប្តូរទីក្រុងអាស៊ីអាគ្នេយ៍ និងតួនាទីរបស់ទីក្រុងនានាក្នុងតំបន់អាស៊ីអាគ្នេយ៍លើឆាកអន្តរជាតិ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នឹងធ្វើបទបង្ហាញអំពី «ទីក្រុងដែលមានភាពធន់៖ ការគិតគូរពីបញ្ហាប្រឈម និងការស្ថាបនាទីក្រុងឡើងវិញ» ខណៈអតីតអភិបាលរាជធានីភ្នំពេញមួយចំនួនក៏ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកិច្ចប្រជុំ និងធ្វើបទបង្ហាញលើប្រធានបទផ្សេងពីគ្នាដូចជា៖ ការសាកល្បងស្ថាបនាទីក្រុងឡើងវិញ សកម្មភាពនៃការស្ថាបនាទីក្រុង ការគ្រប់គ្រងប្រជាពលរដ្ឋ ជាដើម។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងចូលរួមពិធីប្រកាសបើមហាសន្និបាត AIMF លើកទី៣៩ផ្លូវកា នាថ្ងៃទី៤ ខែធ្នូ បន្ទាប់ពីមានការចូលរួមថ្លែងសន្ទរកថា ពីសំណាក់ លោក ឃួង ស្រេង ដែលជាម្ចាស់ផ្ទះ លោកស្រី Annel Hidalgo ប្រធាន AIMF និងជាអភិបាលក្រុងប៉ារីស រួមទាំងលោកស្រី Louise Mushikiwabo អគ្គលេខាធិការហ្វ្រង់កូហ្វូនី។
មហាសន្និបាតនេះ នឹងផ្តោតលើការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិកភាព សកម្មភាពការងារកន្លងមក ការពិនិត្យសម្រេចគម្រោងថវិកាឆ្នាំ២០២០ ការចូលជាសមាជិកនៃ Observatoire international des Maires en danger, ការចូលជាសមាជិកថ្មី និងការកំណត់កាលបរិច្ឆេទ ទីតាំងសម្រាប់មហាសន្និបាតបន្ទាប់។
ប្រតិភូនៃ AIMF ក៏មានកម្មវិធីចូលក្រាបបង្គំព្រះករុណាព្រះមហាក្សត្រផងដែរ មុនចេញដំណើរទៅទស្សនាប្រាសាទអង្គរវត្ត បាយ័ន តាព្រហ្ម នៅខេត្តសៀមរាប។
AIMF ដែលមានឈ្មោះពេញថា Association Internationale des Maires Francophone ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧៩ ដោយក្រុងស្ថាបនិកចំនួន២០ ក្រោមគំនិតផ្តួចផ្តើមរបស់លោក Jacques Chirac អតីតប្រធានាធិបតីបារាំង និងជាអតីតអភិបាលក្រុងប៉ារីស នាពេលនោះ។ ស្ថាបនិកមួយរូបទៀត គឺអតីតអភិបាលក្រុងកេប៊ិច Jean Pelletier។
លោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីសនាពេលបច្ចុប្បន្ន ជាប្រធាន AIMF ដោយមានលោក Pierre Baillet ជាអគ្គលេខាធិការអចិន្ត្រៃយ៍តាំងពីឆ្នាំ២០០៩ មក។
នៅកម្ពុជា រាជធានីភ្នំពេញ បានក្លាយជាសមាជិក AIMF តាំងពីឆ្នាំ១៩៩០ មក បន្ទាប់មក មានខេត្តសៀមរាប (ឆ្នាំ២០០០) ខេត្តកំពត (ឆ្នាំ២០០៧) និង ខេត្តបាត់ដំបង (ឆ្នាំ២០១៦)។
ភ្នំពេញ បានក្លាយជាម្ចាស់ផ្ទះមហាសន្និបាតលើកទី៣៩ បន្ទាប់ពីក្រុង Lille ប្រទេសបារាំង ដែលបានរៀបចំកាលពីឆ្នាំមុន។ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានថ្លែងប្រាប់អ្នកសារព័ត៌មាននាសន្និសីទសារព័ត៌មានកន្លងមកថា នេះជាកិត្តិយស សមត្ថភាព រូបភាពវិជ្ជមាននៃទិដ្ឋភាពនយោបាយ និងសង្គមដែលបង្ហាញពីស្ថិរភាព និងសន្តិសុខ គឺជាផលប្រយោជន៍ធំ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំអន្តរជាតិ។
«មតិខ្លះសង្ស័យថា តើភ្នំពេញ ឬកម្ពុជា ស្ថិតនៅដំណាក់កាលណា? មានវិបត្តិអ្វី មានសន្តិសុខទេ? ដូច្នេះតាមរយៈមហាសន្និបាតនេះ យើងនឹងបង្ហាញទៅកាន់ពិភពលោក ពិសេសបណ្តាប្រទេសនិយាយភាសាបារាំង ថាកម្ពុជាមានការអភិវឌ្ឍ និងសន្តិសុខល្អ។»។ នេះជាការអត្ថាធិប្បាយរបស់លោកអភិបាលរង៕
រូបថតទាំងអស់៖ រដ្ឋបាលរាជធានីភ្នំពេញ