រថយន្ត
អន្តរជាតិ
Mercedes-Benz លក់​រថយន្តក្រុង Citaro ទី​៥៥ ៥៥៥​របស់ខ្លួន​ទៅ​ក្រុមហ៊ុន​ស៊ុយអែត​
02, Dec 2019 , 8:39 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន Mercedes-Benz របស់​អាល្លឺម៉ង់ បានប្រកាស​ពី​ការបញ្ចេញ​លក់​ប្រភេទ​រថយន្តក្រុង​ទី​៥៥ ៥៥៥​របស់ខ្លួន ទៅ​ក្រុមហ៊ុន​ស៊ុយអែត Bergkvarabuss AB កាលពីពេល​ថ្មីៗ​កន្លងមកនេះ​។​

 
eCitaro ជា​ប្រភេទ​រថយន្តក្រុង​អគ្គិសនី​ដែលមាន​កៅអី​នៅ​ជាន់​ទាប ហើយក៏​ជា​រថយន្ត​ទី​ពីរ​ផងដែរ ដែល​ក្រុមហ៊ុន​ស៊ុយអែត Bergkvarabuss AB បាន​បញ្ជា​ទិញ​។ ក្រុមហ៊ុន​នេះ ប្រតិបត្តិការ​លើ​សេវាកម្ម​រថយន្តក្រុង​ជាច្រើន​នៅ​ស៊ុយអែត​។​
 
​លោក Roman Biondi ប្រធាន​ផ្នែក​លក់​នៃ​សេវាកម្ម Daimler Buses បាន​បញ្ជាក់ថា​៖ «​រថយន្ត Citaro បាន​ឈានដល់​គោលដៅ​ជា​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ វត្តមាន​របស់ eCitaro បង្ហាញ​ពី​ការអភិវឌ្ឍ​ដំណាក់កាល​ថ្មី​មួយទៀត​។ យើង​រួមចំណែក​បង្កើត​ភាពស្ងប់ស្ងាត់ និង​គ្មាន​ការបំពុល​បរិស្ថាន​នៅក្នុង​ក្រុង​»​។​


 
​រថយន្ត Citaro បច្ចុប្បន្ន​ត្រូវបាន​ផលិត​នៅ​រោងចក្រ​ក្នុង​ក្រុង Mannheim ប្រទេស​អាល្លឺម៉ង់ ក្រុង Ligny-en-Barrois ប្រទេស​បារាំង និង​ក្រុង Samano ប្រទេស​អេ​ស្ប៉ា​ញ រីឯ​ប្រភេទ​រថយន្ត Conecto តម្លៃថោក ក៏មាន​ការផលិត​ចេញពី​រោងចក្រ​នៅ​ក្រុង Hosdere ប្រទេស​តួ​ក​គី​ផងដែរ​។​
 
Citaro មាន​ប្រតិបត្តិ​នៅ​បណ្តា​ប្រទេស​ជាច្រើន ដូចជា​អាល្លឺម៉ង់ ស្លូ​វ៉ា​គី ហុង​គ្រី ហូ​ឡង់ រូ​ម៉ា​នី អេ​ស្ប៉ា​ញ អ៊ីតាលី ចក្រភព​អង់គ្លេស អា​រ៉ា​ប៊ី​សា​អូឌីត អារ៉ាប់​រួម​អេ​មី​រ៉ា​ត ជប៉ុន សិង្ហ​បុរី អូស្ត្រាលី និង​បណ្តា​ប្រទេសមួយ​ចំនួន​នៅ​អាមេរិក​ឡាទីន​៕



© រក្សាសិទ្ធិដោយ thmeythmey.com