កីឡាជាតិ
ជាតិ
ដឹង​ច្បាស់​ពី​បច្ចេកទេស​កីឡាករ​ហ្វីលីពីន ទើប យ៉ុង ម៉េង​លី ប្រឹង​រហូតដល់​ឈ្នះ​មេដាយមាស​
02, Dec 2019 , 5:43 pm        
រូបភាព
រូបភាពពី Cambodia SEA Games 2023
រូបភាពពី Cambodia SEA Games 2023
ដោយ:
​កីឡាករ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ បើតាម ម៉េង​លី មេដាយមាស​នេះ មានការ​រួមចំណែក​យ៉ាង​ធំធេង​ពី​គ្រូបង្វឹក​ជនជាតិ​ហ្វីលីពីន ព្រោះ​លោក​បាន​ប្រាប់​ពី​បច្ចេកទេស និង​តិច​និក​ក្នុងការ​ផ្តួល​កីឡាករ​ម្ចាស់ផ្ទះ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នាយ​បេសកកម្ម​ស៊ី​ហ្គេម​កម្ពុជា លោក វ៉ា​ត់ ចំរើន ចាត់ទុក​មេដាយមាស​នេះ ជា​គំរូ និង​ជា​កម្លាំងចិត្ត​សម្រាប់​កីឡាករ​នៃ​ប្រភេទ​កីឡា ក្នុងការ​ប្រជែង​ដណ្តើម​មេដាយ​ជូន​ជាតិ​។​

 
​ទើបតែ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម តែ​កីឡាករ​ជម្រើសជាតិ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី ហាក់​ទទួលបាន​ជោគជ័យ​ខ្លាំង​គួរ​ឲ្យ​កោតសរសើរ​។ បន្ទាប់ពី រូបគេ ដណ្តើមបាន​មេដាយមាស​១ និង​ប្រាក់​១​ក្នុងការ​ប្រកួត​ដំបង​ខ្លី Arnis ដែលជា​កីឡា​ប្រពៃណី​របស់​ហ្វីលីពីន​។ ជោគជ័យ​ដ៏​ធំធេង​នេះ មិន​ត្រឹមតែ​ជួយ​លើក​មុខមាត់​ប្រទេសជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ជួយ​ឲ្យ ម៉េង​លី មានកេរ្តិ៍ឈ្មោះ​កាន់តែ​ល្បីល្បាញ ជាពិសេស​ឈ្មោះ​របស់គេ​ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ព្រឹត្តិការណ៍​នេះ​ថែម​ទៀតផង​។ 
 
​ម៉េង​លី ជា​កីឡាករ​ដំបូង​គេ ដែល​ដណ្តើមបាន​មេដាយមាស​ឲ្យ​កម្ពុជា សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ គ្រូបង្វឹក​ជនជាតិ​ហ្វីលីពីន​ជា​អ្នកផ្តល់​បច្ចេកទេស ក៏ដូចជា​តិច​និក​ដល់ ម៉េង​លី ក្នុងការ​ផ្តួល​កីឡាករ​ហ្វីលីពីន​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ ជាមួយ​ការបង្ហាញ​អារម្មណ៍​រំភើប ម៉េង​លី បានលើកឡើង​ដូច្នេះ​ថា​៖«​គ្រូបង្វឹក​ជនជាតិ​ហ្វីលីពីន​គាត់​បាន​បង្វឹក​ខ្ញុំ ហើយ​គាត់​បាន​ឲ្យ​ទឹក​ដល់​ខ្ញុំ ពេលនោះ​គាត់​បាន​ប្រាប់​តិច​និក​ដល់​ខ្ញុំ ហើយ​ខ្ញុំ​បានធ្វើ​តាម​គាត់​ទើប​ទទួលបាន​លទ្ធផល​ល្អ​»​។  


 
​មេដាយមាស​នេះ បាន​កើតឡើង​ក្រោយ​កីឡាករ យ៉ុង ម៉េង​លី យកឈ្នះ​កីឡាករ​ហ្វីលីពីន Valenzuela Billy Joel ក្នុងការ​ប្រកួត​កីឡា Arnis លើ​វិញ្ញាសា Padded Stick ទម្ងន់​៦០-៦៥​គីឡូក្រាម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នៅក្នុង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡាករ​រូបនេះ បាន​យកឈ្នះ​កីឡាករ​មី​យ៉ាន់​ម៉ា Linn Aung Khaing ខណៈ​កីឡាករ​ហ្វីលីពីន​ឈ្នះ​កីឡាករ​វៀតណាម Vu Duc Hung​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេម មាន​មោទកភាព​ខ្លាំង​មែនទែន​ចំពោះ​ជ័យជម្នះ​ដ៏​ធំធេង​របស់​កីឡាករ​គុន​ល្បុក្កតោ យ៉ុង ម៉េង​លី ហើយ​លោក​ចាត់ទុក​មេដាយ​នេះ​ជា​កម្លាំងចលករ​ដល់​កីឡាករ​កីឡាការិនី​កម្ពុជា​ដទៃទៀត​។ 
 
«​មេដាយមាស​នេះ​គឺជា​គំរូ​និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​កីឡាការិនី​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​ខិតខំ​ប្រឹងប្រែង​ស្វែងរក​មេដាយមាស​បន្តទៀត​។ កីឡាករ​កម្ពុជា​នៅទីនេះ​(​ហ្វីលីពីន​)​មានការ​ខិតខំ​ប្រឹងប្រែង​មែនទែន​។ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ជួយផ្តល់​កម្លាំង​និង​លើកទឹកចិត្ត​ដល់​កីឡាករ​យើងទាំងអស់គ្នា​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន​៕ 

Tag:
 ល្បុក្កតោ​
  យ៉ុង ម៉េង​លី​
  SEA Games
  វ៉ា​ត់ ចំរើន​
© រក្សាសិទ្ធិដោយ thmeythmey.com