ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហេង សំរិន​៖ ៤១​ឆ្នាំ​នៃ​«​សា្មរ​តី​២​ធ្នូ​» បានធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​គ្រប់​វិស័យ
02, Dec 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖  រណសិរ្ស​សាមគ្គី អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​(​រណសិរ្ស​២​ធ្នូ​) មិន​ត្រឹមតែ​សង្គ្រោះ​កម្ពុជា ឱ្យ​ចាក​ផុតពី​មហន្តរាយ​នៃ​របប​ប្រល័យពូជសាសន៍​នោះទេ  គឺ​ថែមទាំង​ជួយ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គមជាតិ​គ្រប់ទិសទី​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច ហេង សំរិន ដែល​បាន​បន្ថែមថា រណសិរ្ស​២​ធ្នូ បានធ្វើឱ្យ​មាតុភូមិ​កម្ពុជា​កែ​មុខមាត់​ថ្មី ជា​បន្តបន្ទាប់ រហូតដល់​ពេលបច្ចុប្បន្ន​។

 
​ថ្លែង​ចំពោះមុខ​សមាជិក​បក្ស នៅក្នុង​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤១​នៃ​រណសិរ្ស​សង្គ្រោះ​ជាតិ ដែល​បច្ចុប្បន្ន​ហៅ «​ការបង្កើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា​» នៅ​ថ្ងៃទី​២ ធ្នូ ឆ្នាំ​២០១៩  សម្តេច ហេង សំរិន បាន​បញ្ជាក់ថា ការរួបរួម​គ្នា​ជា​ធ្លុង​មួយ ទើប​ឈានទៅដល់​ការអភិវឌ្ឍ​ប្រកបដោយ​វឌ្ឍនភាព​។​
 
«​យើង​បាន​លុបបំបាត់​នូវ​ស្នាម​បែកបាក់​ប្រេះឆា​ក្នុង​សង្គមជាតិ ធ្វើឱ្យ​ធ្លុង​មហា​សាមគ្គី​ជាតិ​កាន់តែ​រឹងមាំ​ឡើង​។ មហា​សាមគ្គី​ផ្ទៃក្នុង​ជាតិ ជា​ឧត្ដមភាព និង​ជា​មូលដ្ឋានគ្រឹះ​ដើម្បី​ឈានទៅ​សម្រេច​នូវ​គោលដៅ​ចុងក្រោយ គឺ​ការស្ថាបនា​ប្រទេស​កម្ពុ​ជាមួយ​ប្រកបដោយ​វឌ្ឍនភាព ដែល​ប្រជាជន​យើង នឹង​បានរស់នៅ​យ៉ាង​សម្បូរ​ណ៍ស​ប្បាយ​ក្នុង​សន្ដិភាព សេរីភាព យុត្ដិធម៌ និង​ភាពថ្លៃថ្នូរ​ជា​រៀងរហូត​តទៅ នៅលើ​មាតុភូមិ​របស់ខ្លួន »​។ នេះ​ជាការ​លើកឡើង របស់​សម្តេច ហេង សំរិន ។​
 
​បើតាម​សម្តេច ហេង សំរិន ស្មារតី​២​ធ្នូ និង​ស្មារតី​៧ មករា បាន​ចារិក​ជាប់​ក្នុង​មនសិការ​បស់​ប្រជាជន​ខ្មែរ​គ្រប់រូប  និង​បាន​ប្រែក្លាយជា​កម្លាំង​យ៉ាង​ធំធេង​ក្នុងការ​បង្កើត​សមិទ្ធផល​ធំ​នៃ​សង្គមជាតិ​។​
 
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ២ ធ្នូ ១៩៧៨ ដែល​បច្ចុប្បន្ន​ត្រូវបាន​ប្តូរ​ឈ្មោះថា ក្រុមប្រឹក្សា​ជាតិ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា បាន​ប្រមូល​ក្រុម​អ្នកស្នេហាជាតិ​មួយក្រុម​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ  ដើម្បី​ដាក់ចេញ​នូវ​ផែនការ​រំដោះជាតិ​ចេញពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ក៏បាន​ប្រកាស​ចេញ​សេចក្តីថ្លែងការណ៍ ១១​ខ របស់ខ្លួន​នៅ​តំបន់​រំដោះ​ស្នួល ស្រុក​ស្នួល ខេត្តក្រចេះ​។​
 
​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវបាន​កើតឡើង​ដោយ​កម្លាំង​មហា​សាមគ្គី​ប្រជាជន​ទាំងមូល ទាំង​ក្នុង និង​ក្រៅប្រទេស ដែលមាន​សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និង​វីរជន​ស្នេហា​ជាតិ ជា​ច្រើ​រូប​ទៀត ក្នុង​ការរៀបចំ​កម្លាំង​ផ្ដួលរំលំ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត និង​ទទួលបាន​ជ័យជម្នះ​លើ​របប​នេះ នៅ​ថ្ងៃទី​៧ មករា ឆ្នាំ​១៩៧៩​។ នេះ​បើតាម​សម្ដេច ហ៊ុន សែន​៕

Tag:
 ២​ធ្នូ​
  ៧​មករា​
  ហេង សំរិន
© រក្សាសិទ្ធិដោយ thmeythmey.com