ជាតិ
លោក ស៊ា សុផល ៖​សំរាម​ប្លា​ស្ទិ​កជាង​១០០​តោន ត្រូវបាន​នាំចេញ​ពី​តំបន់​បឹង​ទន្លេសាប តាមរយៈ​យុទ្ធនាការ​សម្អាត​បរិស្ថាន​
02, Dec 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី លោក ស៊ា សុផល បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ប្រមូល​សំរាម ដើម្បី​សម្អាត​បរិស្ថាន​នៅ​តំបន់​បឹង​ទន្លេសាប អស់​រយៈពេល​៣​ឆ្នាំ​មកហើយ​។ លោក ស៊ា សុផល បានរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ចំនួន​២​ដង​ក្នុង​មួយឆ្នាំ ដើម្បី​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ ឈប់​ចោល​សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឲ្យ​ទន្លេសាប​រង​ការបំពុល​ដោយ​សំរាម​តទៅទៀត​។ បើតាម​លោក ស៊ា សុផល សំរាម​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ​ជាង​១០០​តោន ត្រូវបាន​នាំចេញ​ពី​តំបន់​បឹង​ទន្លេសាប តាមរយៈ​យុទ្ធនាការ​សម្អាត​បរិស្ថាន​នេះ​។​


 
​ក្នុង​រយៈពេល​៣​ឆ្នាំនេះ លោក ស៊ា សុផល បានរៀបចំ​យុទ្ធនា​ការប្រមូល​សំរាម សម្អាត​បរិស្ថាន ចំនួន​២​លើក​ក្នុង​មួយឆ្នាំ គឺ​នៅ​រដូវ​ទឹក​ឡើង ចន្លោះ​ខែមិថុនា និង​នៅ​រដូវ​ទឹក​ស្រក​ចន្លោះ​ខែវិច្ឆិកា ឬ​ខែធ្នូ​។ តាមរយៈ​យុទ្ធនាការ​នេះ ក្រុម​ប្រជាពលរដ្ឋ និង​អ្នក​ស្រលាញ់​បរិស្ថាន ដែល​ដឹកនាំ​ដោយ​ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ប្រមូល​សំរាម​ប្លា​ស្ទិ​កបាន​ជាង​៥០​តោន​ក្នុង​មួយ​លើក​។ ដូច្នេះ​ក្នុង​យុទ្ធនាការ​២​លើក​នោះ គឺមាន​សំរាម​ជាង​១០០​តោន ដែល​បាន​យកចេញ​ពី​បឹង​ទន្លេសាប​។​
 
​ជា​បន្ត​សូម​លោក អ្នកនាង​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក រំដួល ចិ​ត្រា អ្នកសារព័ត៌មាន​ថ្មីៗ និង​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី ដូចតទៅ​៖



 
«​ពេល​ទឹក​ស្រក​យើង​មើល​នៅតាម​មាត់ទន្លេ មាន​សំរាម​គ្រប់​ប្រភេទ មាន​ទាំង​ច្រាស​ដុសធ្មេញ កែវ​ជ័រ ក្រាស​សិតសក់​ជាដើម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ា សុផល ដែល​បាន​បន្ថែមថា សំរាម​ប្លា​ស្ទិ​កនៅ​បឹង​ទន្លេសាប គឺ​ហូរ​ចូល​មកពី​តំបន់​គ្រប់ទិសទី​នៅ​ជុំវិញ​ប្រទេស​កម្ពុជា នៅពេល​រដូវ​ទឹក​ឡើង​ម្ដងៗ ព្រោះ​បឹង​ទន្លេសាប មាន​រូបរាង​ជា​បាតខ្ទះ (​តំបន់​ទំនាប​)​។ 
 
​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី បានរៀបចំ​ទិវា​បរិស្ថាន​រដូវ​ទឹកសម្រក​បឹង​ទន្លេសាប​ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​សហគមន៍​ស្អាត ទន្លេសាប​ស្អាត ដោយ​គ្មាន​ប្លា​ស្ទិ​ក​» ចាប់ពី​ថ្ងៃទី​២៨ វិច្ឆិកា ដល់​ថ្ងៃទី​១ ធ្នូ ឆ្នាំ​២០១៩​។ ទិវា​នេះ​រៀបចំឡើង​ដើម្បី​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ ឈប់​ចោល​សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឲ្យ​ទន្លេសាប​រង​ការបំពុល​ដោយ​សំរាម តទៅទៀត​។ នៅក្នុង​កម្មវិធី​នេះ នឹងមាន​សកម្មភាព​ស​ម្អា​ត​បរិស្ថាន ការអប់រំ​នៅតាម​សហគមន៍​បឹង​ទន្លេសាប រួមមាន​សង្កាត់​សៀមរាប សហគមន៍​ចុង​ឃ្នៀ​ស សហគមន៍​មេ​ជ្រៃ និង​សហគមន៍​កំពង់​ឃ្លាំង​។​នេះ​បើតាម​ប្រធាន​អង្គ​ការមូល​និ​ធី​ទំពាំង​ស្នង​ឫស្សី ដែល​បន្ថែមថា បើ​ពលរដ្ឋ​មិន​យកចិត្តទុកដាក់​កាត់បន្ថយ​ការប្រើប្រាស់​សំរាម​ប្លា​ស្ទិ​ក​នោះទេ វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​មនុស្ស សត្វ និង​ជីវចម្រុះ​គ្រប់​ប្រភេទ​៕

Tag:
 ស៊ា សុផល​
  សំរាម​
  ប្លា​ស្ទិ​ក​
© រក្សាសិទ្ធិដោយ thmeythmey.com