អន្តរជាតិ
អូស្ត្រាលី បង្កើតក្រុមការងារកម្រិតខ្ពស់ប្រឆាំងអំពើចារកម្ម លោកនាយករដ្ឋមន្ត្រីអូស្រ្តាលី Scott Morisson (AFP)
× អូស្ត្រាលី នៅថ្ងៃចន្ទ ២ ធ្នូ បានបង្កើតក្រុមការងារកម្រិតខ្ពស់មួយ ដែលមានគោលដៅប្រយុទ្ធប្រឆាំងនឹងអ្វីដែលមន្ត្រី អះអាងថា ការជ្រៀតជ្រែកក្នុងប្រទេស។ ការសម្រេចនេះ ក៏ធ្វើឡើងក្រោយពីមានការលើកឡើងពីប្រតិបត្តិការចារកម្មរបស់ចិនក្នុងប្រទេសអូស្ត្រាលី។
លោកនាយករដ្ឋមន្ត្រី Scott Morisson បញ្ជាក់ឲ្យដឹងថា ក្រុមការងារថ្មីនេះ នឹងមានរាប់បញ្ចូលភ្នាក់ងារសម្ងាត់ជាន់ខ្ពស់ទាំងអស់របស់ប្រទេស ហើយពួកគេបានគោលដៅចម្បងaក្នុងការរំខាននិងរារាំងបុគ្គលដែលប៉ុនប៉ងធ្វើឲ្យអន្តរាយដល់ផលប្រយោជន៍ជាតិរបស់អូស្ត្រាលី។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ក្រុមការងារកម្រិតខ្ពស់ថ្មីនេះ នឹងគ្រប់គ្រងភ្នាក់ងារសម្ងាត់ ដែលជាទូទៅទទួលខុសត្រូវតាមដានការគំរាមកំហែងបរទេស, សម្របសម្រួលជាមួយប៉ូលិសសហព័ន្ធដើម្បីកំណត់អត្តសញ្ញាណ និងកាត់ទោស ឬបណ្ដេញចោលភ្នាក់ងារបរទេស។
អំឡុងសន្និសីទព័ត៌មានមួយ ក្នុងរដ្ឋធានី កង់បេរ៉ា លោកនាយករដ្ឋមន្ត្រី Morrison គូសបញ្ជាក់បែបនេះ៖«យើងនឹងអភិវឌ្ឍសមត្ថភាពជំនាញថ្មីទាំងសមត្ថភាពស៊ើបអង្កេត ក៏ដូចជា លទ្ធភាពក្នុងការបើកការស៊ើបអង្កេត ហើយរំខានសកម្មភាពពួកគេ ឬការកាត់ទោស»។ លោក បន្តថា ក្រុមការងារដែលមានគោលដៅប្រឆាំងការជ្រែតជ្រែកពីបរទេសនេះ គឺផ្តោតលើការកំណត់រូបភាពនៃការជ្រែតជ្រែក រារាំង និងកាត់ទោស។ មេដឹកនាំវ័យ៥១ឆ្នាំរូបនេះ ពុំបានលើកឈ្មោះចិនចំៗនោះទេ ដោយសង្កត់ធ្ងន់ថា ការលូកដៃពីសំណាក់បរទេស កើតឡើងក្នុងប្រភពច្រើនខុសៗគ្នា ហើយកំពុងវិវត្តន៍ទៅជាការគំរាមកំហែង។
ក៏ប៉ុន្តែការប្រកាសនៅថ្ងៃចន្ទនេះ កើតឡើងបន្ទាប់ពីមានការអះអាងដោយភ្ញាក់ផ្អើលថា អាជ្ញាធរអូស្ត្រាលីកំពុងស៊ើបអង្កេតលើការលើកឡើងរបស់លោក Wang Ligiang ស្តីពីអំពើចារកម្មរបស់ចិន ។ បុរសរូបនេះបានអះអាងថា ខ្លួនលោកជាអ្នករត់ចោលជួររបស់ចិន។ ម្យ៉ាងទៀត ការបង្កើតក្រុមការងារកម្រិតខ្ពស់នេះ ក៏ធ្វើឡើងក្រោយពីអតីតអង្គការសម្ងាត់សន្តិសុខអូស្ត្រាលី លោក Duncan Lewis កាលពីថ្មីៗនេះ និយាយថា ចិនចង់គ្រប់គ្រងប្រព័ន្ធនយោបាយរបស់អូស្ត្រាលីជាមួយការប្រើប្រាស់កលឧបាយ និងយុទ្ធនាការជាប្រព័ន្ធនៃការធ្វើចារកម្មនិងការជំរុញឥទ្ធិពល។
ទន្ទឹមនេះ អាជ្ញាធរអូស្ត្រាលី ក៏កំពុងរកមើលជុំវិញការអះអាងមួយថា ចិនបានព្យាយាមជួលអ្នកជំនួញនៅទីក្រុង Melbourne ម្នាក់ ហើយជួយឲ្យបុរសរូបនេះជាប់ឆ្នោតក្លាយជាសមាជិកសភាអូស្ត្រាលី។ មានឈ្មោះថា Bo Zhao ជាអ្នកលក់ឡានសេរ៊ីទំនើបវ័យ៣២ឆ្នាំ ដែលជាអតីតសមាជិកបក្សសេរីនិយមរបស់លោកនាយករដ្ឋមន្ត្រី Morrison ជាក់ស្តែងបានបដិសេធការផ្តល់ជូននេះ ហើយត្រូវបានគេរកឃើញថាបានស្លាប់នៅក្នុងបន្ទប់ផ្ទះសំណាក់មួយ កាលពីខែមីនា។ លោក Morrison បានចាត់ទុកការចោទប្រកាន់នេះថា បញ្ហានិងគួរឲ្យព្រួយបាម្ភ ខណៈចិនចាត់ទុកការអះអាងនេះថា ជាការកុហក ដោយចោទប្រកាន់អ្នកនយោបាយ, អង្គការ និងប្រព័ន្ធផ្សព្វផ្សាយរបស់អូស្ត្រាលីខ្លះថា បានប្រឌិតសំណុំរឿងចារកម្មនេះឡើង។
រដ្ឋាភិបាលលោក Morrison កាលពីឆ្នាំមុន បានអនុម័យសំណើច្បាប់ការពារការជ្រែតជ្រែកពីបរទេស ក្រោយពីអ្នកជំនួញជនជាតិចិនជាច្រើននាក់ដែលជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលក្រុងប៉េកាំង បានផ្តល់ប្រាក់ឧបត្ថម្ភដល់គណបក្សខ្លះរបស់អូស្ត្រាលី និងបេក្ខជនក្នុងឆាកនយោបាយអូស្រា្តលី។ ច្បាប់នេះ បានតម្រូវឲ្យមានការចុះឈ្មោះមនុស្សឬអង្គការណាមួយដែលធ្វើសកម្មភាពក្នុងនាមរដ្ឋាភិបាលបរទេស៕
Tag:
អូស្ត្រាលី
ចិន
ចារកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com