ភ្នំពេញ៖ តម្រូវការឈើឥន្ធនៈ ដែលរួមមាន អុស និងធ្យូង គឺកាន់តែកើនឡើង ដែលបច្ចុប្បន្នការប្រើប្រាស់នៅកម្ពុជាមានប្រមាណ៦លានតោនក្នុងមួយឆ្នាំ។ នេះជាតួលេខដែលត្រូវលើកឡើងក្នុងពិធីដាក់ឲ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលសម្រាប់ផលិតកម្មធ្យូងប្រកបដោយនិរន្តរភាព ដែលរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍសហប្រជាជាតិ (UNDP) នៅថ្ងៃទី២ខែធ្នូនេះ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ UNDP អុសប្រមាណ ០,៨លានតោនត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មរោងចក្រ និងសិប្បកម្មផលិតឥដ្ឋ និង ១,៨លានតោនសម្រាប់ការចម្អិនម្ហូបនៅតាមគេហដ្ឋាន ក្នុងមួយឆ្នាំ។ រីឯធ្យូងវិញ បរិមាណប្រមាណ ៣,៥លានតោនត្រូវបានប្រើប្រាស់សម្រាប់គ្រួសារ និងភោជនីយដ្ឋាន។
«ការប្រើប្រាស់ឈើឥន្ធនៈក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ននេះ មានបរិមាណដល់ប្រមាណ៦លានតោន ដែលស្មើនឹងការបាត់បង់ព្រៃឈើ ៧១៦០០ ហិកតាជារៀងរាល់ឆ្នាំ។ នេះជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភមួយដែលចាំបាច់ត្រូវដោះស្រាយ ហើយមិនមែនដើម្បីរក្សាព្រៃឈើឲ្យនៅគង់វង្សប៉ុណ្ណោះនោះទេ តែក៏ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សផងដែរ»។ នេះជាការគូសបញ្ជាក់របស់សេចក្ដីប្រកាសព័ត៌មានខាងលើ។
គួរបញ្ជាក់ថា ជាការរួមចំណែកឆ្លើយតបនឹងក្ដីកង្វល់នេះ UNDP បានសហការជាមួយនឹងអង្គការ Geres អង្គការ RECOFTC និងក្រុមហ៊ុន Okoone ដើម្បីរៀបចំនូវប្រព័ន្ធឌីជីថលបែបថ្មីមួយ សម្រាប់រាជរដ្ឋាភិបាលកម្ពុជាប្រើប្រាស់ ក្នុងគោលដៅលើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ធ្យូងប្រកបដោយនិរន្តរភាព។ ប្រព័ន្ធឌីធីថលនេះផ្ដល់នូវកម្មវិធីសម្រាប់តាមដានរកប្រភពដើមនៃការផលិតធ្យូង ការដឹកជញ្ជូនចែកចាយលក់ធ្យូង និងការគ្រប់គ្រងការលក់ធ្យូង នៅតាមសហគមន៍មួយចំនួន។ ប្រព័ន្ធថ្មីនេះ ក៏មានមុខងារពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិក (e-commerce) ដើម្បីបង្កើនប្រសិទ្ធភាពចង្វាក់ផ្គត់ផ្គង់ធ្យូងទាំងមូល ដែលនាំឱ្យមានការកាត់បន្ថយចំណាយប្រតិបត្តិការ និងធ្វើឱ្យអតិថិជនកាន់តែងាយរកបាននូវប្រភេទធ្យូងដែលមាននិរន្តរភាព។ ក្រោមការដឹកនាំរបស់រដ្ឋបាលព្រៃឈើ ប្រព័ន្ធឌីជីថលនេះត្រូវបានអនុវត្តសាកល្បង ប្រកបដោយជោគជ័យក្នុងខេត្តពោធិ៍សាត់។
ថ្លែងក្នុងពិធីសម្ភោធដាក់ឲ្យដំណើរការនូវប្រព័ន្ធឌីជីថលនេះ លោក កែវ អូម៉ាលីស ប្រតភូប្រធានរដ្ឋបាលព្រៃឈើ មានប្រសាសន៍ដូច្នេះថា៖«គម្រោងសាកល្បងប្រព័ន្ធឌីជីថលនេះកំពុងរួមចំណែកដល់ការសម្រេចបាននូវសមិទ្ធផលនានា ដូចដែលមានចែងក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ត្រស្ដីពីព្រៃផលិតកម្ម (NFSP) ផែនការមេស្ដីពីវិស័យកសិកម្ម និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ផ្អែកតាមបទពិសោធន៍ជោគជ័យនេះ រដ្ឋបាលព្រៃឈើសហការជាមួយនឹង Geres កំពុងពង្រីកសកម្មភាពនេះក្នុងខេត្តចំនួន ២ (ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង)»។ លោកបន្តទៀតថា៖«ការអនុវត្តល្អ និងមេរៀនដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាព័ត៌មានដល់រាជរដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីធ្វើឱ្យកាន់តែប្រសើរនូវគោលនយោបាយលើកកម្ពស់ផលិតកម្ម និងការប្រើប្រាស់ឈើឥន្ធនៈប្រកបដោយនិរន្តរភាពនាពេលអនាគត»។
លោក Nick Beresford អ្នកតំណាង UNDP លើកឡើងបែបនេះថា «ប្រព័ន្ធឌីជីថលថ្មីនេះ អាចជួយជំរុញផលិតកម្ម និងការប្រើប្រាស់ឈើឥន្ធនៈឱ្យកាន់តែមាននិរន្តរភាព និងលើកកម្ពស់ការគ្រប់គ្រងព្រៃសហគមន៍ប្រកបដោយនិរន្តរភាព។ ព្រឹត្តិការណ៍នៅថ្ងៃនេះផ្ដល់នូវឱកាសឱ្យយើងទាំងអស់គ្នាធ្វើការស្វែងយល់អំពីប្រព័ន្ធឌីជីថលនេះ»។
ប្រព័ន្ធឌីជីថលនេះ ត្រូវបានរៀបចំរួចរាល់ សម្រាប់ប្រើប្រាស់ក្នុងទីផ្សារ។ ទាំងបញ្ញត្តិករ ទាំងអ្នកប្រើប្រាស់ឈើឥន្ធនៈ អាចកាត់បន្ថយផលប៉ះពាល់មកលើបរិស្ថាន ពីការប្រើប្រាស់ធ្យូងរបស់ពួកគេកាន់ ប្រសិនបើពួកគេប្រើប្រាស់កម្មវីធីពាណិជ្ជកម្មតាមប្រព័ន្ធអេឡេត្រូនិកនេះ ដើម្បីទិញធ្យូងយកមកប្រើប្រាស់។ ចុងក្រោយ ព្រឹត្តិការណ៍នេះមានបំណងស្វែងរកការគាំទ្រ ដើម្បីពង្រីកការអនុវត្តប្រព័ន្ធឌីជីថលនេះជាមួយនឹងសហគមន៍ដទៃទៀតនៅក្នុងប្រទេស ព្រមទាំងគាំទ្រដល់ផលិតកម្ម និងការប្រើប្រាស់អុសប្រកបដោយនិរន្តរភាព ហើយក្នុងពេលជាមួយគ្នាជួយទ្រទ្រង់ដល់សេដ្ឋកិច្ច និងការគ្រប់គ្រងព្រៃឈើនៅមូលដ្ឋានក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចកក្ដីប្រកាសព័ត៌មាន៕