ជាតិ
លោក រៀម មុនី​ស៊ី​ឡុង ច្នៃ​កាក​អំពៅ ដើម​ឈូក ស្រកាត្រី​..​ដំ​ឡើងជា​រូបនាង​មច្ឆា​និង​ស្ដេច​សមុទ្រ​
03, Dec 2019 , 9:38 am        
រូបភាព
​សៀមរាប​៖ លោក រៀម មុនី​ស៊ី​ឡុង ត្រូវបាន​គេ​ស្គាល់​ច្រើន​តាមរយៈ​រូប​សិល្បៈ​ដែល​ច្នៃ​ពី​សំរាម ពិសេស​សំរាម​ប្លា​ស្ទិ​ក​។ នាពេល​ថ្មីៗ​នេះ លោក​បាន​ដំឡើង​រូប​សិល្បៈ​មួយ​ដ៏​ទាក់ទាញ និង​ជា​ស្នាដៃ​សិល្បៈ​ខ្នាត​ធំ​ដំបូង​របស់លោក គឺ​រូបនាង​មច្ឆា​និង​សេ្ដច​សមុទ្រ ដែល​ច្នៃ​ពី​កាក​អំពៅ ដើម​ឈូក ស្រកាត្រី សំបក​ងាវ សំបក​ពង​ទា និង​ដប​ប្លា​ស្ទិ​ក​។​

 
​រូប​សិល្បៈ​នាង​ម​ច្ចា​និង​សេ្ដច​សមុទ្រ​កម្ពស់​ជាង​មួយ​ម៉ែត្រ ត្រូវបាន​ដំឡើង ច្នៃ​យ៉ាង​ទាក់ទាញ​ដោយ​វិចិត្រករ លោក រៀម មុនី​ស៊ី​ឡុង​។ លោក ស៊ី​ឡុង និង​ក្រុម​ជាង​ចំនួន​៦​នាក់​ទៀត បានរួម​គ្នា​បង្កើត​ស្នាដៃ​នេះ​ឡើង ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​យល់​ពី​ផលប៉ះពាល់​នៃ​សំរាម ក៏ដូចជា​គុណប្រយោជន៍​នៃ​ការកែច្នៃ​វា​ឡើងវិញ​។​
 
​តាមពិតទៅ រូប​សិល្បៈ​នេះ គឺធ្វើឡើង​ទៅតាម​ការបញ្ជា​ធ្វើ​ពី​អ្នកសិល្បៈ​មួយរូប​គឺ​លោក ប៉ែន ចំរុង សម្រាប់​ថ្ងៃ​អាពាហ៍ពិពាហ៍​របស់លោក​។ លោក ស៊ី​ឡុង បញ្ជាក់ថា ក្រុមការងារ​លោក​ចំណាយពេល​ទាំងយប់​ទាំង​ថ្ងៃ​ដំឡើង​ជាង​មួយខែ​ទើប​រួចរាល់​។ តាម​ធម្មតា ក្នុង​រូប​មួយ​យ៉ាងហោចណាស់​ក៏​ចំណាយ​ពេលធ្វើ​ជាង​២​ខែ​ដែរ តែ​នេះ​ជា​ករណី​ពិសេស​មួយ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ស៊ី​ឡុង​។​


 
​សម្រាប់​បច្ចេកទេស​ដំឡើង​រូប​សិល្បៈ​ខាងលើ លោក ស៊ី​ឡុង ពន្យល់ថា លោក​បាន​យក​រូបមន្ត​ដែល​លោក​បាន​ស្រាវជ្រាវ​កាលពី​១០​ឆ្នាំមុន​មក​ប្រើ​។ រូបមន្ត​នោះ គឺ​ការយក​វត្ថុធាតុដើម​ដែលមាន កាក​អំពៅ ដើម​ឈូក សំបក​ពង​ទា​ឬ​ពងមាន់ មក​កិន​ច្របល់​ចូលគ្នា បន្ទាប់មក​យកទៅ​បៀក​លើ​គ្រោង​ដែក​ដែល​បាន​ដំឡើង​រួច​៕










 

Tag:
 សំរាម​
  រៀម មុនី​ស៊ី​ឡុង​
  មនុស្ស​សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com