អន្តរជាតិ
ចិន វាយបកប្រឆាំងអាមេរិកករណីច្បាប់ប្រជាធិបតេយ្យហុងកុង អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying (AFP)
× ចិន បានសម្រេចចិត្តផ្អាករាល់ការចូលសំចតរបស់នាវាចម្បាំងអាមេរិក និងដាក់ទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាលរបស់អាមេរិក។ ចំណាត់ការនេះ គឺជាការឆ្លើយតបនឹងការសម្រេចចិត្តរបស់ក្រុងវ៉ាស៊ីនតោនក្នុងការគាំទ្របាតុករហុងកុងជាមួយច្បាប់ប្រជាធិបតេយ្យ។
«ឆ្លើយតបនឹងអកប្បកិរិយាដែលគ្មានហេតុផលរបស់ភាគីអាមេរិក រដ្ឋាភិបាលចិន បានសម្រេចចិត្តផ្អាកការត្រួតពិនិត្យលើសំណើសម្រាប់នាវាចម្បាំងអាមេរិកចូលសំចតនៅហុងកុង»។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying នៅសន្និសីទព័ត៌មានប្រចាំថ្ងៃ។
កន្លងទៅ រដ្ឋាភិបាលចិន ក៏ធ្លាប់បដិសេធសំណើសម្រាប់នាវាចម្បាំងអាមេរិក២គ្រឿងចូលសំចតនៅកំពង់ផែហុងកុង កាលពីខែសីហា ដោយពុំបានផ្តល់ហេតុផលច្បាស់លាស់។ ហើយការចូលសំចតចុងក្រោយរបស់នាវាចម្បាំងអាមេរិកនៅហុងកុង គឺនាវាចម្បាំង USS Blue Ridge ក្នុងខែមេសា ២០១៩។
អត្ថបទវិចារណកថារបស់កវីនិពន្ធ ដែលចុះផ្សាយដោយសារព័ត៌មាន Global Times របស់បក្សកុម្មនុយនីស្តចិន បញ្ជាក់ថា ក្រុងប៉េកាំង អាចចាត់វិធានការធ្ងន់ធ្ងរជាងនេះ ប្រសិនបើសហរដ្ឋអាមេរិកបន្តបង្កើនការបង្ករឿងក្នុងទីក្រុងហុងកុង។ ពួកគេ សរសេរទៀតថា ចំណាត់ការដែលបានប្រកាសនៅថ្ងៃចន្ទនេះ គឺគ្រាន់តែជាចំណាត់ការស្រាលបំផុតប៉ុណ្ណោះ។
ក្រៅពីការដាក់បម្រាមលើនាវាចម្បាំងអាមេរិកពីការចូលសំចតនៅហុងកុង លោកស្រី Hua បញ្ជាក់ទៀតថា ក្រុងប៉េកាំង ក៏នឹងអនុវត្តទណ្ឌកម្មលើអង្គការក្រៅរដ្ឋាភិបាល (NGOs) របស់អាមេរិកមួយចំនួនផងដែរ។ យ៉ាងណាមិញ លោកស្រី ពុំបានបញ្ជាក់ឲ្យច្បាស់ទេថាតើចំណាត់ការបែបណាដែលនឹងត្រូវដាក់ចេញនោះឡើយ។
ទណ្ឌកម្ម នឹងអនុវត្តលើ NGOs ដែលបានធ្វើសកម្មភាពអាក្រក់ក្នុងករណីភាពវឹកវរក្នុងទីក្រុងហុងកុង កាលពីថ្មីៗនេះ ។ លោកស្រី អះអាងបែបនេះ ដោយរាយនាមអង្គការទាំងនោះ គឺមានដូចជា អង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW), អង្គការ Freedom House និង National Endowment for Democracy ។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP លោកស្រីអ្នកនាំពាក្យរូបនេះ បញ្ជាក់ថា វាមានអង្គហេតុនិងភ័ស្តុតាងមួយចំនួនធំដែលបានបញ្ជាក់យ៉ាងច្បាស់ថា អង្គការមិនមែនរដ្ឋាភិបាលទាំងនេះគាំទ្រកងកម្លាំងប្រឆាំងរដ្ឋាភិបាលចិន ព្រមទាំងញុះញង់សកម្មភាពបំបែកខ្លួនដើម្បីឯករាជ្យភាពហុងកុងទៀតផង។ ត្រង់នេះ លោកស្រី Hua បានទម្លាក់កំហុសអង្គការទាំងនេះថាមានទំនួលខុសត្រូវធំធេងសម្រាប់ស្ថានការណ៍ចលាចលក្នុងទីក្រុងហុងកុង។
សូមបញ្ជាក់ថា ចំណាត់ការវាយបករបស់រដ្ឋាភិបាលប៉េកាំង ធ្វើឡើងក្រោយពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្តាហ៍មុន បានចុះហត្ថលេខាលើសំណើច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សហុងកុង ដែលនឹងតម្រូវឲ្យរដ្ឋាភិបាលអាមេរិកវាយតម្លៃជាប្រចាំឆ្នាំលើការអភិវឌ្ឍនយោបាយក្នុងទីក្រុងនេះ។ នោះគឺមើលថា ហុងកុង នៅតែអាចរក្សាលក្ខខណ្ឌស្វ័យភាពគ្រប់គ្រាន់ ដាច់ដោយឡែកពីចិនដីគោក ក្នុងគោលដៅរក្សាការផ្តល់ឲ្យពិសេសពីសហរដ្ឋអាមេរិក។ ទន្ទឹមនេះ ច្បាប់គាំទ្រប្រជាធិបតេយ្យហុងកុងនេះ ក៏នឹងបើកផ្លូវឲ្យរដ្ឋបាលលោកត្រាំដាក់ទណ្ឌកម្មលើមន្ត្រីចិនដែលទទួលខុសត្រូវចំពោះការបំផ្លិចបំផ្លាញសិទ្ធិមនុស្ស និងស្វ័យភាពរបស់ទីក្រុងហុងកុង៕
Tag:
សហរដ្ឋអាមេរិក
ហុងកុង
ចិន
ច្បាប់ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស
© រក្សាសិទ្ធិដោយ thmeythmey.com