ONE Championship
កីឡាជាតិ
ជាតិ
កូន​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី និង​កីឡាការិនី​ប្រេ​ស៊ី​ល Bastos អ្នកណា​អាច​រក្សា​ភាពមិន​ចាញ់​នៅ ONE?
03, Dec 2019 , 9:39 pm        
រូបភាព
ដោយ៖ ស៊ី​ធី​

​អែម សុ​វណ្ណា​រី កូន​ខ្មែរ​នៅ​អាមេរិក​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា ត្រូវ​ប៉ះ​ជើង​ខ្លាំង​មិនដែល​ចាញ់​សញ្ជាតិ​ប្រេ​ស៊ី​ល Rayane Bastos នៅក្នុង​កម្មវិធី ONE: MARK OF GREATNESS នា​ថ្ងៃទី ៦ ខែធ្នូ នៅ​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី​។ យ៉ាងណាក្ដី ទាំង​សុ​វណ្ណា​រី និង Rayane សុទ្ធតែ​មិនដែល​ចាញ់​ដូចគ្នា​ក្នុង​អាជីព​គុន​ចម្រុះ​គិត​ត្រឹម​ពេលនេះ​។ តើ អែម សុ​វណ្ណា​រី និង  Rayane Bastos ដែលមាន​វ័យ​ត្រឹម​២០​ឆ្នាំ អាច​រក្សា​ភាពមិន​ដែល​ចាញ់​របស់ខ្លួន​បាន​?



​បទពិសោធន៍​ប្រកួត​៖
​អែម សុ​វណ្ណា​រី ទើប​ប្រកួត​នៅ​សង្វៀន ONE Championship បាន​ចំនួន​១​លើ​កាល​ឈ្នះ កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova ត្រឹមតែ ៨១​វិនាទី​ប៉ុណ្ណោះ​កាល​ខែ ធ្នូ ឆ្នាំ ២០១៨​។ មុន​ចូល​សង្វៀន ONE សុ​វណ្ណា​រី បំបាក់​កីឡាការិនី​អាមេរិក​ពីររូប​ឲ្យ​ចុះចាញ់​ត្រឹម​ទឹក​ទី​១​យ៉ាង​លឿន​បំផុត​។ ពោល​សុ​វណ្ណា​រី ផ្ដួល Evelyn Nieves ឲ្យ​ចុះចាញ់​ត្រឹម​រយៈពេល​១​នាទី​និង​១៩​វិនាទី​ប៉ុណ្ណោះ​នៅ​ទឹក​ទី​១ ហើយ ប្រើ​កណ្ដាប់ដៃ​វ៉ៃ Lanikqua Robins ឲ្យ​សន្លប់​ត្រឹមតែ ១៨ វិនាទី​។ ដ្បិត​ប្រកួត​តែ​៣​លើក ប៉ុន្តែ​វា​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​របស់​កីឡាការិនី​ខ្មែរ​នៅ​អាមេរិក​ដែល​កំពុង​ហ្វឹកហាត់​យ៉ាង​ល្អ​នៅ​ក្លិប​ប្រដាល់ Modern Martial Arts and Fitness​។

​ងាក​មកកាន់ Rayane Bastos ក៏​មិនធម្មតា​ដែរ ព្រោះ​ម្ចាស់​ខ្សែក្រវាត់ BJJ State Champion ៥​សម័យកាល​នៅឯ​ស្រុកកំណើត​របស់ខ្លួន​។ កីឡាការិនី​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​ទទួល​កេរ្តិ៍​បោះ​សំឡេង​នៅ​ស្រុកកំណើត​របស់ខ្លួន​ក្រុង Castanhal នៃ​រដ្ឋ Para​។ គេ​ចាប់ផ្ដើម​ហាត់​ក្បាច់គុន​ដោយមាន​ការណែនាំ​ពី​ឳ​ពុក​របស់ខ្លួន ដែលជា​គ្រូបង្វឹក​ខាង​ក្បាច់​កា​រ៉ា​តេ​។ Bastos ធ្លាប់​ឈ្នះ​ជើងឯក​កា​រ៉ា​តេ​ក្នុង​តំបន់ និង ជើងឯក State BJJ Championships រហូតដល់​៥​ដង​។ មិន​ត្រឹម​ហាត់​កា​រ៉ា​តេ Bastos បាន​ហាត់​ក្បាច់​មួយ​ថៃ ជឺ​ជិត​ស៊ូ និង គុន​ចម្រុះ​ទៀតផង​។  Bastos ប្រកួត​មិនដែល​ចាញ់​សោះ​ដោយ​ឈ្នះ ៣ ដង​និង​ស្មើ​១​ដង មុនពេល​ចុះហត្ថលេខា​ប្រកួត​នៅ​សង្វៀន ONE Championship​។ Bastos ឈ្នះ​ដោយ​ពិន្ទុ​២​លើក​និង​បញ្ចប់​គូប្រកួត​១​លើក​មុនពេល​ស្មើ​កីឡាការិនី Evelin Gomes នៅឯ​ស្រុកកំណើត​។ កីឡាការិនី​វ័យ​២០​ឆ្នាំ​រូបនេះ​មាន​កណ្ដាប់ដៃ​ធ្ងន់ និង​អាច​បញ្ចប់​គូប្រកួត​គ្រប់ពេលវេលា​ហើយក៏​បន្ត​ក្ដី​ស្រមៃ​របស់ខ្លួន​ទៅ​ប្រកួត​ខ្សែក្រវាត់​នាពេលខាងមុខ​ទៀតផង​។




​សម្រង់​សម្ដី​៖
​កីឡាការិនី អែម សុ​វណ្ណា​រី បានទទួល​ស្គាល់​អំពី​ចំណុច​ល្អ របស់​RAYANE  ថា​៖«​វា​ជាការ​ប្រកួត​ដ៏​លំបាក​មួយ គូប្រកួត​របស់ខ្ញុំ​នៅ​ក្មេង មាន​កម្លាំង​ខ្លាំង មាន​ជំនាញ​ខាង​ប្រយុទ្ធ និង ចូលចាប់ ជាពិសេស​ក្បាច់ ជឺ​ជិត​ស៊ូ និង មួយ​ថៃ​របស់គេ​ក៏​ល្អ​ដែរ​។ លើសពីនេះ RAYANE ក៏​ពូកែ​ខាង​ចំបាប់​ហើយ​ខ្ញុំ​ត្រូវតែ​ការពារ​កុំ​ឲ្យ​គេ​ចូលចាប់​ងាយៗ​។ បើ​មិន​ដូច្នោះ វា​អាច​នឹង​យ៉ាប់​។ ហើយ​គេ​ក៏មាន​ក្បាច់​ប្រយុទ្ធ​វាយបក​លឿនៗ​ផងដែរ​។ បើ​ហ៊ាន​ប្រហែស​ខ្ញុំ​ច្បាស់​ជា​ត្រូវគេ​បញ្ចប់​ការប្រកួត​មិន​ខាន​»​។

​ក្រោយ​ខកខាន​ឡើង​សង្វៀន​រយៈពេល​១​ឆ្នាំ កីឡាការិនី​វ័យ ២៧ ឆ្នាំ​សង្កត់ធ្ងន់ថា​៖«​ការប្រកួត​ច្បាស់​ជា​ល្អមើល ហើយ​ជក់ចិត្ត ព្រោះ​មាន​ស្ទិល​និង​ក្បាច់​ខុសគ្នា​ច្រើន​។ ហើយ​យើង​ទាំងពីរ​សុទ្ធតែ​មិន​ចង់​ខូច​កំណត់ត្រា​ឡើយ​»​។ សុ​វណ្ណា​រី មិន​ត្រឹម​ផ្ដោតលើ​ការប្រកួត​ទម្ងន់ flyweight នេះ​ទេ ប៉ុន្តែ​ថែមទាំង​ចង់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ទៅ​ថ្ងៃ​អនាគត​ទៀតផង​។

​កម្មវិធី​បន្ទាប់ សូមកុំ​ភ្លេច​ទស្សនា​កម្មវិធី​ប្រកួត​បន្ទាប់​នៅ ONE: Mark OF GREATNESS នៅ​ថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ចាប់ពី​ម៉ោង ៥:០០ ល្ងាច​តទៅ (​ម៉ោង​កម្ពុជា​)​តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយ​បន្ត​ផ្ទាល់​ដោយ CBS៕


© រក្សាសិទ្ធិដោយ thmeythmey.com