អន្តរជាតិ
ទីក្រុងហូជីមិញរបស់វៀតណាម នឹងបង្កើតឧទ្យានសាធារណៈ១៥០ហិកតាបន្ថែម
× ទីក្រុង ហូជីមិញ បានផ្តល់ភ្លើងបៃតងចំពោះការសាងសង់ឧទ្យានសាធារណៈទំហំ១៥០ហិកតាមួយ។ ឧទ្យាននេះ នឹងមានទីតាំងនៅក្នុងសង្កាត់ ១២ ដែលជាទីប្រជុំជនធំបំផុតមួយនៃទីក្រុងភាគខាងត្បូង ប្រទេសវៀតណាមនេះ។
សារព័ត៌មានក្នុងស្រុកវៀតណាម Vietnam Express បានចុះផ្សាយនៅថ្ងៃអង្គារ ទី៣ ខែធ្នូ ថា ឧទ្យានពហុបំណងមួយនេះ នឹងបង្កើនផ្ទៃដីសរុបនៃឧទ្យានក្នុងទីក្រុងនេះប្រមាណ១ភាគ៣ ពីទំហំផ្ទៃដីឧទ្យានបច្ចុប្បន្ន ដែលស្មើនឹង ៤៩១ ហិកតា ។
រដ្ឋបាលទីក្រុងនេះ នឹងរៀបរៀងផែនការសាងសង់លម្អិត ។ ក៏ប៉ុន្តែគេពុំទាន់ឃើញមានការព័ត៌មានណាមួយពាក់ព័ន្ធនឹងរយៈពេលសាងសង់ និងតម្លៃសាងសង់នៅឡើយទេ។ ទោះមិនបានបង្ហើបតម្លៃ ប្រធាននាយកដ្ឋានសំណង់ទីក្រុងហូជីមិញ ឈ្មោះថា Lee Hoa Binh បានអះអាងកាលពីខែសីហាកន្លងទៅថា ទីក្រុងនឹងត្រូវការលុយចន្លោះពី៤,៣ ដល់ ៨,៥លានដុល្លារ ក្នុងមួយឆ្នាំដើម្បីអភិវឌ្ឍឧទ្យានសាធារណៈ ១០ ទៅ ២០ ហិកតា។
សព្វថ្ងៃនេះ មានដើមឈើត្រឹម ១០២ ០០០ដើមប៉ុណ្ណោះ ក្នុងទីក្រុងធំបំផុតរបស់វៀតណាមនេះ ដែលមានប្រជាជនរស់នៅ១៣លាននាក់។ ចំពោះតួលេខដើមឈើនៅទីក្រុង ហូជីមិញ នេះ គឺទាបជាងចំនួនដើមឈើក្នុងរដ្ឋធានីហាណូយ ដែលមានដល់ជាង១លានដើមឯណោះ ឬក្នុងប្រទេសសិង្ហបុរី ដែលមានដល់ជាង២លានដើម។
អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យមានតំបន់បៃតងទំហំ៩ម៉ែត្រការ៉េសម្រាប់មនុស្សម្នាក់ ដើម្បីការរស់នៅទីក្រុងដែលមានសុខភាពល្អ។ មែនទែនទៅ ទីក្រុង ហូជីមិញ បានបាត់បង់ដើមឈើរបស់ខ្លួន ដោយសារតែ កំណើនអភិវឌ្ឍន៍ទីក្រុងដ៏លឿនរហ័ស និងកាប់បំផ្លាញដើមឈើដើម្បីសាងសង់ផ្លូវ និងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀតជាដើម៕
Tag:
វៀតណាម
ហូជីមិញ
ឧទ្យានសាធារណៈ
© រក្សាសិទ្ធិដោយ thmeythmey.com