ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Denice Zamboanga ត្រៀមរួចរាល់ប៉ះដៃគូខ្លាំងនៅ ONE Championship
×
ដោយ៖ ស៊ីធី
កីឡាការិនី Denice Zamboanga រហស្សនាម «The Menace» ត្រូវជួបគូប្រកួតខ្លាំងបំផុតមួយនៅសង្វៀន ONE Championship ក្នុងការបង្ហាញខ្លួនលើកដំបូង។ កីឡាការិនីសញ្ជាតិហ្វីលីពីនរូបនេះថាខ្លួនចង់ធ្វើឲ្យលទ្ធផលមានភាពភ្ញាក់ផ្អើល។
នៅថ្ងៃសុក្រទី ៦ ខែ ធ្នូ ខាងមុខ កីឡាការិនីវ័យ ២២ ឆ្នាំមកពីក្រុង Quezon City នឹងប្រឈមកីឡាការិនីម្ចាស់ស្រុកម៉ាឡេស៊ី Jihin Radzuan ឬ «Shadowcat» នៅក្នុងកម្មវិធី ONE: MARK OF GREATNESS នាក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ Jihin Radzuan ជាជើងខ្លាំងទទួលជ័យជម្នះ៥លើកនៅសង្វៀនលំដាប់ពិភពលោក ប៉ុន្តែ Zamboanga ជាកីឡាការិនីទើបឡើងមកប្រកួតនៅសង្វៀនអន្តរជាតិ ONE លើកដំបូង។
Zamboanga បានប្រាប់ថា៖«នៅពេលខ្ញុំអាយុ ២០ ឆ្នាំ ខ្ញុំក៏ធ្លាប់គេទាក់ទងមកប្រកួតនៅទីនេះដែរ។ ប៉ុន្តែខ្ញុំអត់ទាន់មានបទពិសោធន៍ និង ការហ្វឹកហាត់ល្អត្រឹមត្រូវ។ ឥឡូវនេះ ខ្ញុំមានអារម្មណ៍ថាខ្ញុំត្រៀមបានរួចរាល់ហើយ»។ កីឡាការិនីហ្វីលីពីនរូបនេះមានបទពិសោធន៍ពីរលើកកន្លងមកក្នុងការប្រកួតគុនចម្រុះ និងអាចបង្កើតសមត្ថភាពកាន់តែខ្លាំងក្នុងការប្រកួតគុនចម្រុះនាថ្ងៃសុក្រសប្ដាហ៍ក្រោយនាសង្វៀនអន្តរជាតិ។ «The Menace» រីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល៦ ខែមកនេះនៅស្រុកកំណើតរបស់ខ្លួនមុនពេលចូលរួមក្លិប Fairtex នៅ Pattaya ប្រទេសថៃ។ កីឡាការិនីរូបនេះបានសំលៀងក្បាច់គុនបន្ថែមទៀតក្រោមការណែនាំរបស់ជើងឯកពីរស្ថាប័ន ONE World Champion កីឡាការិនី Stamp Fairtex។
«The Menace» គូសបញ្ជាក់ថា៖«ខ្ញុំមានអារម្មណ៍រីកចម្រើនច្រើន និង ប្រែប្រួលរាងកាយផងដែរ។ ខ្ញុំមានទំនុកចិត្តនាពេលនេះ ព្រោះខ្ញុំមានដៃគូឡាំកម្រិតខ្ពស់ និង គ្រូបង្វឹកនៅទីនេះ។ ការប្រយុទ្ធរបស់ខ្ញុំល្អច្រើន។ ក្បាច់ចំបាប់របស់ខ្ញុំក៏ល្អដែរព្រោះថាមានគ្រូបង្វឹកជាជើងឯកចំបាប់ និងខ្សែក្រវាត់ខ្មៅ ជឺជិតស៊ូ»។
លើសពីនេះទៅទៀត Zamboanga ក៏បានសិក្សាអំពីដៃគូដែលត្រូវប្រកួតផងដែរ និង បានសរសើរដល់ដៃគូដ៏មានបទពិសោធន៍ផងដែរ។ កីឡាការិនីដដែលបានពង្រឹងក្បាច់គុនចម្រុះកាន់ខ្លាំងឡើងនិងបានរៀបចំផែនការយ៉ាងល្អ។
កីឡាការិនីហ្វីលីពីនគូសបញ្ជាក់៖«ដៃគូរបស់ខ្ញុំ [Jihin Radzuan] ជាកីឡាការិនីល្អបំផុតក្នុងការប្រកួតជាពិសេសដៃឆ្វេងរបស់គេ។ គេខ្លាំង មួយថៃ និង ជឺជិតស៊ូ។ ការប្រកួតនេះច្បាស់ជាប្រកួតលើក្ដាររេញច្រើនជាង។ វាច្បាស់ជាល្អមើលមិនខាន។ ខ្ញុំក៏បានរៀនសូត្រច្រើនអំពីដៃគូរបស់ខ្ញុំ»។
បែបណាក្ដី Zamboanga លើកឡើងថា ដៃគូរបស់ខ្លួនជំនាញខាងជឺជិតស៊ូ កម្រិតខ្សែក្រវាត់ខ្មៅ ប៉ុន្តែ ក្បាច់ជឺជិតស៊ូ និង ចំបាប់របស់គេអាចទប់ទល់បានដើម្បីឲ្យការប្រកួតកាន់តែទាក់ទាញ។Zamboanga មិនខ្លាចរអានឹងជើងឯកកម្រិតពិភពលោកវូស៊ូ World Champion នោះទេ ឲ្យតែប្រភេទទម្ងន់ដូចគ្នា។
Zamboanga បង្ហើបអារម្មណ៍ថា ៖«ខ្ញុំគិតថាយើងជាគូប្រកួតដ៏ល្អនិង ចង់តេស្តអំពីក្បាច់ប្រយុទ្ធរបស់គេ។ ខ្ញុំដឹងថា នាងនឹងប្រើក្បាច់ប្រយុទ្ធរបស់គេ ហើយគេធ្លាប់ហៅ Stamp ដើម្បីប្រកួតទៀតផង។ ប៉ុន្តែឥឡូវនេះ នាងត្រូវជួបខ្ញុំមុន»។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
© រក្សាសិទ្ធិដោយ thmeythmey.com