ជាតិ
លោក នេត្រ ភក្ត្រា​៖ កម្ពុជា កើន​សំរាម​ប្រមាណ​១០​ភាគ​រយ ក្នុង​មួយឆ្នាំៗ​
03, Dec 2019 , 5:33 pm        
រូបភាព
លោក នេត្រ ភ​ក្រ្តា រដ្ឋលេខាធិការក្រសួង​បរិស្ថាន
លោក នេត្រ ភ​ក្រ្តា រដ្ឋលេខាធិការក្រសួង​បរិស្ថាន
​ភ្នំពេញ​៖ សំណល់​សំរាម​នៅ​កម្ពុជា បាន​កើនឡើង​ប្រមាណ​១០​ភាគរយ ក្នុង​មួយឆ្នាំ​។ នេះ​ជាការ​លើកឡើង​របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន  ដោយ​លោក​បាន​បញ្ជាក់ថា ការកើនឡើង​នៃ​សំរាម​ទាំងនេះ គឺ​ដោយសារតែ​ពលរដ្ឋ ងាក​មកប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​។​



​លោក នេត្រ ភក្ត្រា ថ្លែង​ក្នុង​វេទិកា​ជាតិ​ស្តីពី​សកម្មភាព​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា នា​ថ្ងៃទី​៣​ធ្នូ ឆ្នាំ​២០១៩ ថា ការកើនឡើង​សំរាម​ពី​ការប្រើប្រាស់​ប្លា​ស្ទិ​ក​នេះ ដោយសារតែ​កម្ពុ​ជាមាន​កំណើនប្រជាជន កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរ​របៀបរ​ស់​នៅ  និង​ការផ្លាស់ប្តូរ​របៀប​នៃ​ការ​វេច​ខ្ចប់​ទំនិញ​ផ្សេងៗ​ជាដើម​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ បាន​និយាយថា កម្ពុជា​បានក្លាយ​ជា​ប្រទេស​ដែលមាន​កំណើត​សេដ្ឋកិច្ច​យ៉ាង​រហ័ស​ក្នុង​រង្វង់​៧​ភាគរយ​ជា​មធ្យម​ក្នុង​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ចុង​ក្រោយនេះ​។  ប៉ុន្តែ ទន្ទឹមនឹង​កំណើនសេដ្ឋកិច្ច​យ៉ាង​រហ័ស​នេះ  កម្ពុជា បាន​ជួបនឹង​បញ្ហា​សំណល់​សំរាម ដែលមាន​ការកើនឡើង​ជា​លំដាប់​។ លោក​បាន​បន្តថា ក្នុង​មួយឆ្នាំៗ​កម្ពុ​ជាមាន​សំរាម​ជាង​៤​លាន​តោន ក្នុងនោះ​មាន​២០​ភាគរយ គឺជា​សំណល់​ប្លា​ស្ទិ​ក​។



​លោក អះអាង​ដូច្នេះ​ថា​៖«​បញ្ហា​នៃ​កំណើន​សំរាម​ទាំងនេះ បានកើត​ឡើង​ពី​ចូលរួមចំណែក ពី​ការផ្លាស់ប្តូរ​ទម្លាប់​រស់​នៅ​របស់​មនុស្ស​នៃ​ការ​វេច​ខ្ចប់​អាហារ និង​កង្វះ​ការយល់ដឹង​ពី​ការ​ទុកដាក់ និង​ញែក​សំរាម​នានា ឱ្យបាន​ត្រឹមត្រូវ​»​។

អត្ថបទទាក់ទង


​មន្ត្រី​ក្រសួងបរិស្ថាន បន្តថា ក្នុង​មួយថ្ងៃៗ ទីក្រុង​ធំៗ​នៅ​កម្ពុជា​ដែលមាន​សំរាម​និង​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើនជាងគេ គឺ រាជធានី​ភ្នំពេញ មាន​ថង់​ប្លា​ស្ទិ​កជាង​១០​លាន​ថង់ ក្រុងព្រះសីហនុ មាន​សំរាម​ជាង​៧០០​តោន ក្នុងនោះ​មាន​ប្លា​ស្ទិ​ក រហូតដល់​៣៤​ភាគរយ និង​ក្រុង​សៀមរាប មាន​សំរាម ៤០០​តោន ក្នុងនោះ​មាន​ប្លា​ស្ទិ​ក​២០,៧​ភាគរយ​។ លោក បន្ថែមថា ភាគរយ​នៃ​បា្ល​ស្ទិ​ក​ទាំងនេះ គឺ​មកពី​ការប្រមូល​បាន​តាមរយៈ​បោសសម្អាត នៅតាម​ដងផ្លូវ​ក្នុង​ក្រុង​ប៉ុណ្ណោះ​។​

​កាល​ឆ្នាំ​២០១៨ កម្ពុ​ជាមាន​សំណល់​រឹង​ដែល​បាន​ចាក់​នៅ​ទីលាន​សំរាម​ប្រមាណ​១,៧​លាន​តោន កើនឡើង​ជាង​១៣​ភាគរយ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ដោយឡែក របា​ការណ៍​សិក្សា​ស្រាវជ្រាវ​ដែល​លោក នេត្រ ភ​ក្រា្ត បានលើកឡើង​ក្នុង​វេទិកា​ជាតិ​ស្តីពី​សកម្មភាព​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា បាន​ឲ្យ​ដឹងថា ប្រជាពលរដ្ឋ​ម្នាក់ៗ​ដែល​រស់នៅក្នុង​ទីក្រុង​បាន​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​ច្រើនជាង​២​ពាន់​ថង់​ក្នុង​មួយឆ្នាំ​។ 

​កម្ពុជា​សព្វថ្ងៃនេះ បាន​សម្រេចយក​ការប្រយុទ្ធ​ប្រឆាំងនឹង​សំណល់​រឹង ជា​សកម្មភាព​អទិភាព​មួយ ដោយ​រាជរដ្ឋាភិបាល​មិន​អនុញ្ញាត​ឱ្យមាន​ជាដាច់ខាត​នូវ​ការ​នាំចូល​សំណល់​បា្ល​ស្ទិ​ក មក​កែច្នៃ​នៅ​កម្ពុជា​។ ប៉ុន្តែ​កម្ពុជា​លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​សំណល់​ប្លា​ស្ទិ​ក​ដែល​មាននៅ​កម្ពុជា ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​ដោយ​បា្ល​ស្ទិ​ក​។ បើតាម​លោក នេត្រ ភក្ត្រា ដដែល កម្ពុជា​បច្ចុប្បន្ន មាន​សហគ្រាស​៣ ដែល​កំពុង​កែច្នៃ​សំណល់​ប្លា​ស្ទិ​ក​ប្រើប្រាស់​ឡើងវិញ​។

​គេ ចាត់ទុក​សំណល់​ប្លា​ស្ទិ​ក គឺជា​ក្តីកង្វល់​រួម​របស់​ពិភពលោក ហើយ​សំណ់​រឹង​ប្រភេទ​នេះ បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ​៕





Tag:
 សំរាម​
  សៀមរាប​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com