ជាតិ
ក្រសួងបរិស្ថាន ជំរុញការអភិរក្សសត្វរមាំង នៅតំបន់ទេសភាពអាងត្រពាំងថ្ម សត្វរមាំងនៅតំបន់អាងត្រពាំងថ្ម (រូបភាពពីក្រសួងបរិស្ថាន)
× ភ្នំពេញ៖ ក្រសួងបរិស្ថាន ជំរុញឱ្យអាជ្ញាធរ និងពលរដ្ឋ អភិរក្សសត្វរមាំង និងសត្វកម្រជាច្រើនទៀត នៅតំបន់ទេសភាពអាងត្រពាំងថ្ម រហូតដល់កងទ័ពនៅកងពលតូចអន្តរាគមន៍លេខ៥ ខេត្តឧត្តរមានជ័យ។ សត្វរមាំង ក្រៀល និងត្រយ៉ងជាដើម ជាប្រភេទសត្វកម្រ និងប្រឈមនឹងការជិតផុតពូជ។
លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាននិយាយថា តំបន់អាងត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ ដែលមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរមានជ័យ ជាកន្លែងទ្រទ្រង់ដល់ការរស់នៅ និងបន្តពូជរបស់ប្រភេទសត្វព្រៃសំខាន់ៗជាច្រើន។ ជាពិសេសតំបន់នេះ ជាកន្លែងរស់នៅរបស់សត្វរមាំង ដែលជាប្រភេទថនិកសត្វជិតផុតពូជបំផុតលើពិភពលោក។
ដោយសារមើលឃើញពីបញ្ហានេះ លោក ស្រ៊ុន ដារិទ្ធិ បានជំរុញឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ ជួយការពារនិងអភិរក្សធនធានធម្មជាតិ ជាពិសេសសត្វជិតផុតពូជនេះ តាមរយៈការទប់ស្កាត់ និងបញ្ឈប់ការប្រមាញ់ ការជួញដូរ និងការលួចទន្ទ្រានកាន់កាប់ដីតំបន់ការពារ ដែលជាទីជម្រកសត្វព្រៃជិតផុតពូជ។
«សត្វរមាំងនេះ រស់នៅចាប់ពីខែកក្កដាដល់ខែមករា នៅក្នុងតំបន់ព្រៃកូនខ្លែង ជាតំបន់សហគមន៍ព្រៃឈើ ជាប់នឹងព្រំប្រទល់ខេត្តឧត្តរមានជ័យ និងរស់នៅបន្តពូជនៅក្នុង តំបន់ការពារទេសភាពអាងត្រពាំងថ្មចាប់ពីខែកុម្ភៈដល់ខែមិថុនា ដែលជាកន្លែងមានប្រភពទឹកចំណី អាហារនិងទីជម្រកគ្រប់គ្រាន់»។ នេះបើតាមរដ្ឋលេខាធិកាក្រសួងបរិស្ថាន។
បច្ចុប្បន្នតំបន់អាងត្រពាំងថ្មនេះ មានប្រភេទសត្វកម្រជាច្រើន ដូចជាសត្វរមាំង ក្រៀល ត្រយ៉ងជាដើម។ នេះជាការលើកឡើងរបស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននេះ គឺជួយជំរុញឱ្យមានការយកចិត្តទុកដាក់អភិរក្សសត្វជិតផុតពូជនេះ។
ដើម្បីដោះស្រាយបញ្ហាធនធានធម្មជាតិ និងបរិស្ថាននេះ ក្រសួងបានកំណត់តំបន់សំខាន់ៗមួយចំនួន ទៅជាតំបន់ការពារធម្មជាតិ អភិរក្សជីវៈចម្រុះ និងកំពុងដំណើរការដាក់បញ្ចូលតំបន់ការពារធម្មជាតិមួយចំនួន ទៅជាតំបន់បេតិកភ័ណ្ឌអាស៊ានទៀតផង។ នេះបើតាមរដ្ឋលេខាធិការក្រសួងបរិស្ថាន។
សូមបញ្ជាក់ថា សត្វរមាំងនៅជុំវិញតំបន់ការពារទេសភាពអាងត្រពាំងថ្ម ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងឧត្តរមានជ័យ មានចំនួន៧០ក្បាល ក្នុងឆ្នាំ២០០៣។ ប៉ុន្តែចំនួនសត្វនេះ បានថយចុះមកសល់ត្រឹមតែ១៧ក្បាលប៉ុណ្ណោះ នៅឆ្នាំ២០១៩៕
Tag:
សត្វរមាំង
អាងត្រពាំងថ្ម
សត្វកម្រ
© រក្សាសិទ្ធិដោយ thmeythmey.com