អន្តរជាតិ
ម៉ាឡេស៊ី នឹង​កែ​រដ្ឋធម្មនុញ្ញ ដើម្បី​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹម​ពីរ​អាណត្តិ​
04, Dec 2019 , 10:07 am        
រូបភាព
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់។ រូបភាព៖ Reuters
លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀ មហាម៉ាត់។ រូបភាព៖ Reuters
​រដ្ឋាភិបាល​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៣ ខែធ្នូ បានដាក់​សេចក្តីព្រាងច្បាប់​មួយ​ទៅ​សភា ដើម្បី​កម្រិត​រយៈពេល​កាន់ តំណែង​របស់​នាយករ​ដ្ឋ​មន្ត្រី​មក​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ ការកំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​បែបនេះ គឺធ្វើឡើង​តាម​ការសន្យា​របស់​រដ្ឋ​បាល​នាយករដ្ឋមន្ត្រី មហា​ធៀ មហាម៉ាត់ ក្នុង​គោលបំណង​ទប់ស្កាត់​អំពើពុករលួយ និង​ការរំលោភ​អំណាច​។


 
​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេ សេចក្តីព្រាងច្បាប់​ស្តីពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹង​ត្រូវបាន​សភាតំណាងរាស្ត្រ​លើក​យកមក​ពិភាក្សា​នៅក្នុង​ខែមីនា ឆ្នាំ​២០២០​ខាងមុខ​។ ដើម្បី​កែប្រែ​មាត្រា​នៃ​ច្បាប់កំពូល ដែលមាន​ចែង​ពី​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​នេះ​បាន វា​ត្រូវការ​សំឡេង​សំឡេង​ភាគច្រើន​ដោយ​ធៀប ឬ​សំឡេង​២​ភាគ​៣​នៃ​សមាជិកសភា​តំណាងរាស្ត្រ​ម៉ាឡេស៊ី​ចំនួន ២២២​រូប​។ 
 
​ការដាក់​សេចក្តីព្រាងច្បាប់​ទៅ​សភា​លើក​នេះ គឺធ្វើឡើង​តាម​ការសន្យា​របស់​សម្ព​ន្ធ​មិត្ត​របស់​នាយករ​ដ្ឋ​មន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ កាលពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨​។ ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​លើក​នេះ គឺ​ដើម្បី​ទប់ស្កាត់​អំពើពុករលួយ និង​ការកម្រិត​អំណាច​របស់​នាយករដ្ឋមន្ត្រី​។ 
 
​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើ​វិសោធនកម្ម​អាណត្តិ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​មក​ត្រឹម​ពីរ​អាណត្តិ​នេះ លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ បាន​ឆ្លើយតប​យ៉ាង​វិជ្ជមាន​ថា​៖ « ខ្ញុំ​មាន​អាយុ ៩៤​ឆ្នាំ​ហើយ​បច្ចុប្បន្ននេះ​។ តើ​អ្នក​ចង់​ឲ្យ​ខ្ញុំ​នៅតែ​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ខ្ញុំ​អាយុ​១០០​ឆ្នាំ​ឬ​? នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Malay Mail​។​
 
​ជាការ​ពិត នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​វ័យ ៩៤​ឆ្នាំ​រូបនេះ ធ្លាប់បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្តង​ហើយ ចាប់ពី​ឆ្នាំ​១៩៨១ ដល់​ឆ្នាំ ២០០៣ ទើប​លោក​ចុះ​ចេញពី​តំណែង​។ ពោលគឺ​លោក មហា​ធៀ បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រហូតដល់ ២២​ឆ្នាំ ដែលជា​រយៈពេល​ដ៏​វែង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ាឡេស៊ី​។ រហូតមកដល់​ឆ្នាំ ២០១៨ លោក មហា​ធៀ បាន​ចូលកាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្តងទៀត​ក្នុង​វ័យ ៩៣​ឆ្នាំ​។ 
 
​សូមបញ្ជាក់ថា នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​ខែឧសភា ឆ្នាំ ២០១៨ លោក​មហា​ធៀ បាន​យកឈ្នះ​លើ​លោក អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់​។ ការ​ឈ្នះឆ្នោត​ឆ្នាំ​២០១៨​នោះ គឺ​ដោយសារតែ​លោក ណា​ជីប រ៉ា​ហ្សា​ក់ បាន​ប្រព្រឹត្ត​អំពើពុករលួយ ជាពិសេស​កា​រលួយ​លុយ​ពី​មូលនិធិ​រដ្ឋ 1MDB និង​ការលាង​កខ្វក់​។ ជាពិសេស ក្រោម​ការដឹកនាំ​របស់​លោក ណា​ជីប សង្គម​ម៉ាឡេស៊ី បាន​បង្ក​ឲ្យ​មានការ​ចំណាយ​ក្នុងការ​រស់នៅ​ខ្ពស់ និង​បញ្ហា​ផ្សេង​ជាច្រើន​ទៀត​៕

Tag:
 ម៉ាឡេស៊ី​
  មហា​ធៀ
© រក្សាសិទ្ធិដោយ thmeythmey.com