កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ តាំងពីឆ្នាំ១៩៩៥ កម្ពុជាមិនដែលឈ្នះម៉ាឡេស៊ីឡើយ ចុះរសៀលនេះ? លោក Felix Dalmas គ្រូបង្វឹកក្រុម U22 កម្ពុជា, រូបភាពពី FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ(U22)កម្ពុជា ត្រូវការឈ្នះម៉ាឡេស៊ីដាច់ខាត នាជំនួបចុងក្រោយពូល A ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនថ្ងៃនេះ ដើម្បីប្រជែងដណ្តើមកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Rizal Memorial Stadium វេលាម៉ោង៣រសៀល(ម៉ោងនៅកម្ពុជា)ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ នេះ ខណៈម្ចាស់ផ្ទះហ្វីលីពីនត្រូវប្រជែងជាមួយទីម័រខាងកើតនៅកីឡដ្ឋាន Binan Football Stadium ម៉ោងដំណាលគ្នានេះដែរ។
វាជាជំនួបដ៏សំខាន់មួយ សម្រាប់ក្រុម U22 កម្ពុជា ដ្បិតពួកគេត្រូវការឈ្នះម៉ាឡេស៊ីដាច់ខាត បើពុំនោះទេក្រុមក្រោមការដឹកនាំរបស់លោក Felix Dalmas នឹងអស់ឱកាសឡើងទៅវគ្គបន្ត សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ កម្ពុជាអាចឡើងទៅវគ្គបន្តបានលុះត្រាអាចយកឈ្នះម៉ាឡេស៊ី ហើយហ្វីលីពីនចាញ់ ឬស្មើទីម័រខាងកើត ឬឈ្នះមិនសើលពី៤គ្រាប់។
បច្ចុប្បន្នកម្ពុជាស្ថិតនៅលេខរៀងទី២មាន៤ពិន្ទុជាមួយគ្រាប់ចំណេញ៤គ្រាប់ ខណៈម៉ាឡេស៊ីស្ថិតនៅលេខរៀងទី៣មាន៤ពិន្ទុដូចគ្នាតែមានគ្រាប់បាល់ចំណេញតែ៣គ្រាប់។ ឯហ្វីលីពីនស្ថិតនៅលេខរៀងទី៤មាន៤ពិន្ទុ តែគ្មានគ្រាប់បាល់ចំណេញ។ សម្រាប់ការប្រកួតរវាង U22 កម្ពុជាជាមួយម៉ាឡេស៊ី ដែលធ្វើឡើងនៅម៉ោង៣រសៀល បើក្រុមណាឈ្នះក្រុមនោះនឹងឡើងទៅវគ្គបន្តជាមួយមីយ៉ាន់ម៉ាតំណាងឲ្យពូល A។ ដូច្នេះការប្រកួតរៀបចំនៅកីឡដ្ឋាន Rizal Memorial Stadium នេះ នឹងក្លាយជាជំនួបដ៏ទាក់ទាញនិងតានតឹងបំផុត ដ្បិតពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នា។
ប៉ុន្តែក្នុងករណី U22 កម្ពុជាស្មើជាមួយម៉ាឡេស៊ី ហើយហ្វីលីពីនឈ្នះទីម័រខាងកើត នោះក្រុមម្ចាស់ផ្ទះនឹងទទួលបានកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តែវាមានភាគរយតិចតួចបំផុត។
បើគិតតាំងពីឆ្នាំ១៩៩៥ ក្រុមទាំងពីរធ្លាប់ជួបគ្នាចំនួន៦លើកក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ។ តែអ្វីដែលគួរឲ្យកត់សម្គាល់កម្ពុជាមិនដែលយកឈ្នះម៉ាឡេស៊ីនោះទេ។ ជាក់ស្តែងនៅស៊ីហ្គេមឆ្នាំ១៩៩៥ ដែលថៃធ្វើម្ចាស់ផ្ទះកម្ពុជាចាញ់ម៉ាឡេស៊ីក្នុងលទ្ធផល ៩-០ ហើយបានបន្តចាញ់ ៧-២ នៅស៊ីហ្គេមឆ្នាំ១៩៩៩, ចាញ់ ៨-១ ស៊ីហ្គេមឆ្នាំ២០០៣, ចាញ់ ៥-០ ស៊ីហ្គេមឆ្នាំ២០០៥, ចាញ់ ៤-០ ស៊ីហ្គេមឆ្នាំ២០០៩ និងចាញ់ ៤-១ នៅស៊ីហ្គេមឆ្នាំ២០១១៕
Tag:
បាល់ទាត់
SEA Games
U22 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com