ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ពលរដ្ឋ អាច​សួរ​ពី​ច្បាប់​តាម​ទូរស័ព្ទ​!
04, Dec 2019 , 11:35 am        
រូបភាព
រូបពីលោក ជិន ម៉ាលីន
រូបពីលោក ជិន ម៉ាលីន
ដោយ: ថ្មីៗ
​គណៈកម្មាធិការ​សិ​ទិ្ធ​មនុស្ស​កម្ពុជា បានដាក់​ឲ្យ​អនុវត្ត «​កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ​»​។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បញ្ជាក់ថា ការបង្កើត​កម្មវិធី​នេះ គឺ​ដើម្បី​លើកស្ទួយ​សិទ្ធិ​ទទួលបាន​យុត្តិធម៌ សម្រួល​ការលំបាក និង បង្ខិត​សេវា​ប្រឹក្សា​ច្បាប់ ទៅដល់​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ ដោយ​មិនចាំបាច់​ធ្វើដំណើរ​ទៅ​ទទួល​សេវា​នេះ ដោយផ្ទាល់​នៅ​ការិយាល័យ​របស់​ក្រុម​មេធាវី​សិទ្ធិមនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​ទៀតឡើយ​។


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ បាន​សរសេរ​ដូច្នេះ​ថា​៖«​កម្មវិធី​ប្រឹក្សា​ច្បាប់​តាម​ទូរស័ព្ទ​ដោយ​ឥតគិតថ្លៃ មាន​ក្រុម​មេធាវី​សិទ្ធិមនុស្ស​របស់​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស​កម្ពុជា ប្រចាំការ​រៀងរាល់ថ្ងៃ​ក្នុង​ការទទួល​ទូរស័ព្ទ ឆ្លើយតប​ទៅនឹង​ចម្ងល់ និង ក្តីកង្វល់​ផ្សេងៗ​របស់​សាធារណជន ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​...»​។​
 
​ចង់ដឹង​ពី​ច្បាប់ សូម​ហៅ​ទៅ​លេខ​ទូរស័ព្ទ​ខាងក្រោម​នេះ

​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​បង្កើត​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ 
 
​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស មាន​តួនាទី​សំខាន់​មួយ គឺ «​ជួយ​ការពារ​ក្តី​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​» ដែល​គ្មាន​លទ្ធភាព ជាពិសេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​រំលោភសិទ្ធិ​មនុស្ស​។ ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស ក៏​អាច​ផ្តល់យោបល់​ផ្នែក​ច្បាប់​ដល់​ពួកគាត់ និង ជួយ​សម្រុះសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​។

ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស នៅមាន​តួនាទី​សំខាន់​មួយទៀត គឺ «​ឃ្លាំមើល​ដំណើរការ​សវនាការ​និង​ដំណើរការ​នីតិវិធី​របស់​តុលាការ​» ដើម្បី​ធានា​ឲ្យ​បាន​នូវ «​សិទ្ធិ​ទទួលបាន​យុត្តិធម៌​របស់​ប្រជាពលរដ្ឋ​» និង ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​ពាក់ព័ន្ធ រួមមាន ក្រសួងយុត្តិធម៌ ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម និង អង្គភាព​ប្រឆាំង​អំពើពុករលួយ​។ ការធ្វើ​របាយការណ៍​នេះ គឺ​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ «​មាន​វិធានការ​ច្បាប់​និង​វិន័យ​» ។ 
 
​ក្រៅពីនេះ ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស គឺជា​អ្នកផ្តល់យោបល់​ផ្នែក​ច្បាប់​ដល់​ស្ថាប័ន​របស់ខ្លួន​ផ្ទាល់ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។​
 
​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​សិទ្ធិមនុស្ស ត្រូវបានតែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នកច្បាប់​និង​មេធាវី​សិទ្ធិមនុស្ស អមដោយ​អនុប្រធាន​២​រូប គឺ​លោក ខៀវ តុលា និង លោក កេង សុ​ម៉ា​រតន៍ រួមទាំង​សមាជិក​១៥​រូប​ទៀត​៕ 
 

Tag:
 ច្បាប់​
  មេធាវី​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com