កីឡាជាតិ
ជាតិ
ស៊ីហ្គេម៖ ពេជ្រ ម្ទេសខ្មាំង ប៉ះមីយ៉ាន់ម៉ាម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមនៅល្ងាចនេះ
× កីឡាករ ពេជ្រ ម្ទេសខ្មាំង ត្រូវប្រជែងជាមួយកីឡាករមីយ៉ាន់ម៉ា Latt Naing លើប្រភេទទម្ងន់៥៦គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩នេះ។ ម្ទេសខ្មាំង មានការតាំងចិត្តខ្ពស់ក្នុងការស្វែងរកមេដាយពីព្រឹត្តិការណ៍នេះ ហើយរូបគេប្តេជ្ញានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ទោះត្រូវប្រឈមជាមួយជើងខ្លាំងណាក៏ដោយ។
ការប្រកួតដែលគ្រោងចាប់ផ្តើមពីម៉ោង៦ល្ងាច(ម៉ោងនៅកម្ពុជា)នេះ នឹងក្លាយជាការប្រកួតដ៏តានតឹងនិងទាក់ទាញបំផុតដ្បិតទាំងកីឡាករ ពេជ្រ ម្ទេសខ្មាំង និងកីឡាករមីយ៉ាន់ម៉ា Latt Naing សុទ្ធសឹងជាម្ចាស់មេដាយសំរឹទ្ចកីឡាស៊ីហ្គេមដូចគ្នា។ ក្នុងនោះកីឡាករមានឈ្មោះក្នុងបញ្ជីជាតិហៅ ណាត សៀកនិន របស់កម្ពុជាជាម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៧នៅម៉ាឡេសី ឯកីឡាករមីយ៉ាន់ម៉ា ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេមឆ្នាំ២០១៥នៅសិង្ហបុរី។
បើតាមប្រវត្តិ កីឡាករទាំងពីរមិនធ្លាប់ជួបគ្នាក្នុងព្រឹត្តិការណ៍នេះកន្លងមកនោះទេ។ កីឡាករទាំងពីរមានអាយុ២៥ឆ្នាំដូចគ្នា ហើយកម្ពស់ក៏ប្រហាក់ហែលគ្នាដែរ ដោយ ម្ទេសខ្មាំង មានកម្ពស់១.៦៤ម៉ែត្រ ខណៈ Latt Naing កម្ពស់១.៦៥ម៉ែត្រ។ កត្តានេះ អាចជាភាពងាយស្រួលមួយសម្រាប់ ម្ទេសខ្មាំង ក្នុងការវាយទៅលើគូប្រកួត។
«ទោះជាដល់ថ្ងៃប្រកួតខ្ញុំនៅតែឈឺជើងក៏ដោយ ក៏ខ្ញុំខិតខំឲ្យដល់នាទីចុងក្រោយ។ សម្រាប់ចិត្តខ្ញុំវិញ ទោះចាប់ឆ្នោតប៉ះម្ចាស់ផ្ទះហ្វីលីពីន វៀតណាម ឬថៃ ក៏ខ្ញុំអត់ខ្លាចដែរ។ ព្រោះតាំងពីចូលប្រឡូកក្នុងវិស័យនេះ ខ្ញុំអត់ដែលបារម្ភរឿងដៃគួខ្លាំងនោះទេ គឺខ្ញុំខិតខំវាយឲ្យអស់ពីសមត្ថភាព ខ្ញុំអត់ខ្លាចញញើតគេថាខ្លាំងកម្រិតណានោះទេ»។ នេះការបង្ហាញការតាំងចិត្តរបស់កីឡាករ ពេជ្រ ម្ទេសខ្មាំង ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗកន្លងទៅ៕
Tag:
ប្រដាល់សកល
ពេជ្រ ម្ទេសខ្មាំង
SEA Games
© រក្សាសិទ្ធិដោយ thmeythmey.com