ជាតិ
ជប៉ុន ផ្តល់ប្រាក់ជាង២២លានដុល្លារដល់កម្ពុជា សម្រាប់ពង្រីកប្រព័ន្ធទឹកស្អាត នៅពោធិ៍សាត់
× ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា ចំនួន២,៤ពាន់លានយ៉េន(ប្រមាណ២២លានដុល្លារ) សម្រាប់ពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តពោធិ៍សាត់។ ការផ្តល់ហិរញ្ញប្បទានឥតសំណងនេះ បានចុះហត្ថលេខា ដោយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ(MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្តីការក្រសួង នាថ្ងៃទី៣ធ្នូ ឆ្នាំ២០១៩ ។
លោក ប្រាក់ សុខុន បានលើកឡើងក្នុងពិធីចុះហត្ថលេខាថា រោងចក្រប្រព្រឹតិ្តកម្មទឹកស្អាតនេះ នឹងចាប់ផ្តើមសាងសង់ នៅខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ខែកញ្ញា ឆ្នាំ២០២២។ បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះ រោងចក្រប្រព្រឹតិ្តកម្មទឹកស្អាតនេះ មានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបាន៦,៦០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយមានប្រវែងតភ្ជាប់ប្រព័ន្ធទឹកក្នុងខេត្តពោធិ៍សាត់ចំនួន៨៤,៥គីឡូម៉ែត្រ ដែលអាចតភ្ជាប់ទៅគ្រួសារក្រីក្រីជាង២៥០គ្រួសារផងដែរ។
ចាប់ពីខែមេសា ឆ្នាំ២០១៩ ដល់ខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញាប្បទានឥតសំណង ដល់កម្ពុជា ចំនួន៣,៨១៦លានយ៉េន (ប្រមាណ៣៤,៥លានដុលា្លរ) ។ ទំហំទឹកប្រាក់ឥតសំណងនេះ គឺមិនទាន់រាប់បញ្ជូលនូវគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តពោធិ៍សាត់ឡើយ។ នេះបើតាមលោក ប្រាក់ សុខុន។
បើតាមលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ការផ្តល់ជំនួយសម្រាប់សាងសង់រោងចក្រប្រព្រឹតិ្តកម្ម និងរៀបចំប្រព័ន្ធចែកចាយទឹកនៅខេត្តពោធិ៍សាត់នេះ នឹងចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅនៃការផ្គត់ផ្គង់ទឹកស្អាតឱ្យបាន១០០ភាគរយនៅទូទាំងប្រទេសក្នុងឆ្នាំ២០២៥។
កន្លងមក រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងដល់កម្ពុជាលើគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត ប្រមាណ២៥លានដុល្លារ, ខេត្តកំពង់ធំ ចំនួន៣០លានដុល្លារ ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com