ជាតិ
សង្គមជាតិ
កងកម្លាំង១២១រូបហើយ ដែលត្រូវបញ្ចប់ងារឧកញ៉ា
× មកដល់ពេលនេះ មានកងកម្លាំងប្រដាប់អាវុធ១២១រូបហើយ ដែលត្រូវបានបញ្ចប់គោរមងារជាឧកញ៉ា។
ដោយមានសំណើពីនាយករដ្ឋមន្ត្រី ព្រះមហាក្សត្រ បានចេញពីរាជក្រឹត្យ២ផ្សេងគ្នា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបញ្ចប់គោរមងារជាឧកញ៉ាចេញពីនគរបាល៣៦រូប និងយោធា១០រូប។ បើតាមព្រះរាជក្រឹត្យ នគរបាលទាំង៣៦រូបនោះ គឺមាន នាយឧត្តមសេនីយ៍២រូប ឧត្តមសេនីយ៍ឯក១០រូប ឧត្តមសេនីយ៍ទោ១០រូប ឧត្តមសេនីយ៍ត្រី៤រូប វរសេនីយ៍ឯក២រូប វរសេនីយ៍ទោ៦រូប វរសេនីយ៍ត្រី១រូប និង អនុសេនីយ៍ឯក១រូប ហើយទាហានទាំង១០រូបនោះ គឺមានឧត្តមសេនីយ៍ទោ៣រូប ឧត្តមសេនីយ៍ត្រី២រូប វរសេនីយ៍ឯក២រូប និង វរសេនីយ៍ទោ២រូប។
កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៩ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលរាជានុសិទ្ធិជាប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារជាឧកញ៉ាចេញពីកងកម្លាំងប្រដាប់អាវុធ៧៥រូប ដោយក្នុងនោះ មានទាំងទាហាន កងរាជអាវុធហត្ថ និង កងអង្គរក្ស។ កងកម្លាំងប្រដាប់អាវុធទាំង៧៥រូបនោះ រួមមាន នាយឧត្តមសេនីយ៍៦រូប ឧត្តមសេនីយ៍ឯក-ឧត្តមនាវីឯក២០រូប ឧត្តមសេនីយ៍ទោ២២រូប ឧត្តមសេនីយ៍ត្រី១៥រូប វរសេនីយ៍ឯក៦រូប និង វរសេនីយ៍ទោ៦រូប។
ប្រមុខរដ្ឋាភិបាល កំណត់ថា បើចង់បន្តធ្វើជាកងកម្លាំងប្រដាប់អាវុធ ត្រូវបោះបង់គោរមងារជាឧកញ៉ា តែបើចង់ធ្វើជាឧកញ៉ា ត្រូវឈប់ធ្វើជាកងកម្លាំងប្រដាប់អាវុធ៕
Tag:
គោរមងារឧកញ៉ា
ទាហាន
© រក្សាសិទ្ធិដោយ thmeythmey.com