ជាតិ
បើ​សង្ស័យ​ជន​ណា បន្លំ​ខ្លួន​ជាម​ន្រី្ត​កាំកុងត្រូល​ទារប្រាក់ ពលរដ្ឋ​រាយការណ៍​ទៅ​ក្រសួងពាណិជ្ជកម្ម​
04, Dec 2019 , 9:19 pm        
រូបភាព
មន្រី្តអគ្គនាយកដ្ឋានកាំងកុងត្រូលចុះពិនិត្យទំនិញ។ (រូបភាពពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល)
មន្រី្តអគ្គនាយកដ្ឋានកាំងកុងត្រូលចុះពិនិត្យទំនិញ។ (រូបភាពពីទំព័រហ្វេសប៊ុករបស់អគ្គនាយកដ្ឋានកាំកុងត្រូល)
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម ប្រាប់​ឲ្យ​អាជីវករ ម្ចាស់​ក្រុមហ៊ុន សហគ្រាស និង​ពាណិជ្ជករ រាយការណ៍​ដល់​អគ្គ​យក​ដ្ឋា​ន​កាំកុងត្រូល ប្រសិនបើ​ជួប​ជនសង្ស័យ​ដែល​បន្លំ​ខ្លួន​ជាម​ន្រី្ត​កាំកុងត្រូល​ដើរ​ទារប្រាក់​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​៣ ធ្នូ ឆ្នាំ​២០១៩​។​

 
​ក្រសួង​កត់សម្គាល់ឃើញ មាន​ជនខិលខូច​មួយចំនួន ឆ្លៀត​បន្លំ​ខ្លួន ឬ​ប្រើប្រាស់​តួនាទី​ជាម​ន្រី្ត​កាំកុងត្រូល​ដើរ​ទារប្រាក់​ពី​ម្ចាស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ ជា​ថ្នូរ​នឹង​ការដោះស្រាយ​បញ្ហា ឬ​សម្របសម្រួល​លើ​បាតុភាព​ណាមួយ​ជាដើម​។ ដោយ​មើលឃើញ​ពី​បញ្ហា​នេះ ក្រសួង​ស្នើឱ្យ​អា​ជីករ និង​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់ រាយការណ៍​ទៅ​មន្ត្រី​ជំនាញ​ក្រសួង ដើម្បី​ចាត់វិធានការ​លើ​ជនខិលខូច​ទាំងនោះ​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ដើម្បី​ទប់ស្កាត់​និង​វែកមុខ​ជនខិលខូច​ឱ្យទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់ អគ្គនាយកដ្ឋាន​កាំកុងត្រូល​បាន​អំពាវនាវ​ឱ្យ​អាជីវករ​សហការ​ជាមួយ ធ្វើការ​រាយការណ៍​ដល់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ដើម្បី​ជា​ប្រយោជន៍​ដល់​អាជីវករ​និង​ពលរដ្ឋ​»​។​
 
​ដើម្បី​កុំឱ្យ​ពលរដ្ឋ​យល់ច្រឡំ​ពី​អត្ត​សញ្ញា​មន្ត្រី​កាំកុងត្រូល​នោះ ពលរដ្ឋ​ត្រូវ​កត់សម្គាល់ថា នៅពេល​ម​ន្រី្ត​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ចុះ​ប្រតិបត្តិ​ការងារ គឺមាន​សំ​សៀក​បំពាក់​ជា​ឯកសណ្ឋាន​ការងារ ដោយ​ភ្ជាប់​ស្លាក​ឈ្មោះ លេខ​សម្គាល់​ខ្លួន និង​មាន​លិខិត​បញ្ជា​បេសកកម្ម​ត្រឹមត្រូវ​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​។​
 
​ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់​ដូច្នេះ​ថា​៖«​ម​ន្រី្ត​ជំនាញ​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល កំពុង​អនុវត្ត​តួនាទី​ចុះ​ពិនិត្យ​ទំនិញ​និង​សេវា ដើម្បី​បង្ក្រាប​និង​ទប់ស្កាត់​ទំនិញ​ក្លែងបន្លំ ធានា​គុណភាព សុវត្ថិភាព រួមទាំង​ការពារ​ផលប្រយោជន៍​របស់​អ្នកប្រើប្រាស់​»​។​
 
​ប្រសិនបើ ម្ចាស់​ក្រុមហ៊ុន និង​អាជីវករ ជួប​ជនសង្ស័យ​បន្លំ​ខ្លួន​ណាមួយ អាច​រាយការណ៍​ទាក់ទង​ទៅ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​តាម​លេខ ០២៣ ២៣១ ៨៥៦៕

Tag:
 ម​ន្រី្ត​កាំកុងត្រូល​
  អាជីវករ​
© រក្សាសិទ្ធិដោយ thmeythmey.com