ជាតិ
ក្រសួង ជំ​រុញឱ្យ​ផលិតករ​នាំចេញ ប្រញាប់​ចុះបញ្ជី​ក្នុង​ប្រព័ន្ធ ដើម្បី​ទទួលបាន​ភាពអនុគ្រោះ​ពន្ធ​
04, Dec 2019 , 9:59 pm        
រូបភាព
លោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួង)
លោក ប៉ាន់ សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (រូបពីក្រសួង)
​ភ្នំពេញ​៖ ផលិតករ ឬ​អ្នក​នាំចេញ ដែល​ចង់​ទទួលបាន​ផលប្រយោជន៍​ខ្ពស់​នោះ ត្រូវ​ប្រញាប់​ទៅ​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​របស់​ក្រសួងពាណិជ្ជកម្ម ឱ្យបាន​មុន​ថ្ងៃទី​៣១ ធ្នូ ដើម្បី​ទទួលបាន​នូវ​ភាពអនុគ្រោះ​ពន្ធ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម ។​

 
​ក្រសួងពាណិជ្ជកម្ម បានផ្ដល់​ព័ត៌មាន​ចំនួន​៣​លើក​ហើយ ពី​រឿង​ចុះបញ្ជី​នាំចេញ​នេះ ប៉ុន្តែ​ក្រុមហ៊ុននាំចេញ​ទៅ​សហភាព​អឺរ៉ុប​មួយចំនួនធំ មិនទាន់​បានមក​ស្នើសុំ​ចុះឈ្មោះ​មក​ក្រសួង​នៅឡើយ​ទេ​។​
 
​សេចក្តីជូនដំណឹង​ក្រសួងពាណិជ្ជកម្ម ចុះ​ថ្ងៃទី​៣ ធ្នូ បាន​សង្កត់ធ្ងន់​ដូច្នេះ​ថា​៖«​ដើម្បី​ចៀសវាង​ការបាត់បង់​ផលប្រយោជន៍​ពី​ការទទួលបាន​នូវ​ភាពអនុគ្រោះ​ពន្ធ សម្រាប់​ការនាំចេញ​ទំនិញ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប និង​ប្រព័ន្ធ​អនុគ្រោះ​របស់​ប្រទេស​ណ័​រ​វែ​ស ស្វី​ស និង​ទួរគី ផលិតករ ឬ អ្នក​នាំចេញ​ទាំងឡាយណា ដែល​មិនទាន់បាន​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ (Registered Exporter System-REX) សូម​រួសរាន់​មក​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំចេញ​សម្រាប់​ប្រកាស​ដើមកំណើត​ទំនិញ (Statement On Origin) ជំនួស​ឲ្យ​ការស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ទម្រង់​អេ យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩»​។​
 
​សម្រាប់​អ្នកគ្រប់គ្រង ដែល​ទទួលបាន​សិទ្ធិ​ពី​ម្ចាស់​ក្រុមហ៊ុន ក៏​អាច​ចុះបញ្ជី​ជំនួស​បានដែរ​។ «​ដើម្បី​សម្រួល​នីតិវិធី​ដល់​អ្នក​នាំចេញ ដែល​មក​ធ្វើការ​ចុះបញ្ជី​នៅក្នុង​ប្រព័ន្ធ​(Registered Exporter System-REX) សម្រាប់​អ្នកគ្រប់គ្រង​ក្នុង​ក្រុមហ៊ុន (​មិនមែនជា​អ្នកតំណាង​រត់​កម្រៃជើងសា​រ និង​តំណាង​ដែល​មិនមាន​ចំណែក​ក្នុងការ​ទទួលខុសត្រូវ​ក្នុង​ក្រុមហ៊ុន​) ដែល​បានទទួល​សិទ្ធិ​តាមផ្លូវ​ច្បាប់​ពី​ម្ចាស់​ភាគហ៊ុន​ដែលមាន​ឈ្មោះ​ក្នុង​លក្ខន្តិកៈ​ក្រុមហ៊ុន គឺមាន​សិទ្ធិ​ក្នុងការ​ចុះហត្ថលេខា​លើ​លិខិត​ស្នើសុំ និង​កែសម្រួល​ការចុះបញ្ជី REX»​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងពាណិជ្ជកម្ម​។​
 
​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុវត្ត​ការចុះឈ្មោះ​ក្នុង​ប្រព័ន្ធ​បញ្ជី​អ្នក​នាំចេញ​របស់​សហភាព​អឺរ៉ុប សម្រាប​ការនាំចេញ​ទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ​ទៅកាន់​សហភាព​អឺរ៉ុប តាមរយៈ​ការអនុគ្រោះ​ពន្ធ​(EBA) និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ (GSP) របស់​ប្រទេស​ណ័​រ​វែ​ស ស្វី​ស និង​ទួរគី ដើម្បី​មា​នីតិសម្បទា​ក្នុងការ​ប្រកាស​ប្រភពដើម (Statement On Origin) ជំនួស​ឱ្យ​ការប្រើប្រាស់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ ចាប់ពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​៣១ ធ្នូ ឆ្នាំ​២០១៩​។​
 
​នៅ​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២០ សហភាព​អឺរ៉ុប នឹង​ចេញ​របាយការណ៍​ចុងក្រោយ ហើយក៏​នឹងធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​ផងដែរ​ថា ដក EBA ពី​កម្ពុជា ឬ​បន្ត​រក្សាទុក​។ សហភាព​អឺរ៉ុប ផ្តើម​នីតិវិធី​ដំបូង​ស្តីពី​ការដក​ឬ​មិន EBA នេះ តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩​មក​។ មូលហេតុ​ចម្បង​ដែល​សហភាព​អឺរ៉ុប បង្ហាញ​បំណង​ចង់​ដក EBA គឺ​ដោយសារតែ​មិនសូវ​ពេញចិត្ត​នឹង​ស្ថានការណ៍​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​៕

Tag:
 ពាណិជ្ជកម្ម​
  អនុគ្រោះ​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com