ONE Championship
កីឡាជាតិ
ជាតិ
កីឡាការិនីកម្ពុជា៣រូប ត្រូវដណ្តើមមេដាយនៅស៊ីហ្គេម ២០១៩
×
អត្ថបទ៖ ស៊ីធី
កីឡាការិនីមានឈ្មោះបោះសំឡេងចំនួន ៣រូបដែលមានបទពិសោធន៍ នៅសង្វៀនអន្តរជាតិ ONE Championship សុទ្ធតែមានឈ្មោះទៅប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម (SEA Games2019) លើកទី៣០នៅប្រទេសហ្វីលីពីន។ កីឡាការិនីទាំង៣រូប មានដូចជា សំ ថារ័ត្ន, នៅ ស្រីពៅ និង វី ស្រីខួច។ សំ ថារ័ត្ន ប្រកួតក្នុងវិញ្ញាសា «មួយ» ស្របពេលដែល នៅ ស្រីពៅ និង វី ស្រីខួច ប្រកួតក្នុងវិញ្ញាសាប្រដាល់សកល។
សំ ថារ័ត្ន៖
កីឡាការិនីដែលមានជំនាញក្បាច់គុនល្បុក្កតោ សំ ថារ័ត្ន មានកំណត់ត្រាប្រកួតនៅសង្វៀន ONE ចំនួន ៣លើកក្នុងនោះឈ្នះ ១ លើកនិងចាញ់២លើក។ ហើយក្រៅពីនោះរូបគេមានឈ្មោះទៅប្រកួតកីឡាគុនចម្រុះនៅថៃជាច្រើនដងទៀតផង។ កីឡាការិនីវ័យ២៩ឆ្នាំរូបនេះថ្លែងថានេះជាការប្រកួតប្រជែងថ្មីនិងលើកដំបូងនៅស៊ីហ្គេមតំណាងឲ្យជាតិ។ ថារ័ត្ន ត្រូវប្រកួតក្នុងវិញ្ញាសា «មួយ» ខុសពី Kickboxing ដែលអាចលេងកែងបានដូចប្រដាល់សេរីរបស់ខ្មែរសុទ្ធសាធ។ ថារ័ត្ន សង្កត់ធ្ងន់ថា ៖«ខ្ញុំនឹងខំប្រឹងឲ្យអស់ពីចិត្ត និង អស់សមត្ថភាព។ ទោះខ្ញុំមិនសូវបានហ្វឹកហាត់ដិតដល់ពីមុន ប៉ុន្តែខ្ញុំបានប្រឹងខ្លាំងក្នុងរយៈពេល១ខែមកនេះ។ ការអត់បានហាត់ច្រើនព្រោះខ្ញុំជាប់កិច្ចសន្យាថតខ្សែភាពយន្ត»។ ថារ័ត្ន គូសបញ្ជាក់ថា៖«ខ្ញុំមានសម្ពាធបន្តិចហើយខ្ញុំក៏គិតច្រើនដែរ។ វាមិនស្រួលនោះទេ។ តែអ្វីៗត្រូវប្រឹង ១០០%ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ធំសម្រាប់ខ្ញុំ និងសម្រាប់អ្នកគាំទ្រ»។
នៅ ស្រីពៅ៖
នៅ ស្រីពៅ ធ្លាប់ប្រកួតនៅសង្វៀនកម្រិតពិភពលោក ONE ចំនួនពីរដងក្នុងនោះឈ្នះ ១ ដង និង ចាញ់១ដង។ កីឡាការិនីប្រដាល់ជម្រើសជាតិរូបនេះបានទៅហ្វឹកហាត់នៅជប៉ុនតាំងពីដើមខែ កញ្ញា រហូតចុងខែ វិច្ឆិកា ដើម្បីត្រៀមប្រកួតនៅស៊ីហ្គេម។ ស្រីពៅ បានបញ្ជាក់ថា៖«ឆ្នាំនេះជាលើកទី១ ខ្ញុំទៅចូលរួមនៅស៊ីហ្គេម។ ហើយការចេញទៅហាត់នៅជប៉ុននេះ គឺ បានបង្កើនបច្ចេកទេស និង នាំយកលទ្ធផលល្អជូនអ្នកគាំទ្រនិង ជាតិវិញ។ ខ្ញុំរំភើបចិត្ត នេះជាលើកទី១ ដែលខ្ញុំមានឱកាសទៅហ្វឹកហាត់ក្រៅប្រទេសកន្លងមក។ ខ្ញុំនឹងទទួលបានបទពិសោធន៍ច្រើនអំពីការហ្វឹកហាត់នេះ។ ខ្ញុំទទួលបានការហ្វឹកហាត់ប្លែកៗ និង កម្លាំងល្អជាងមុខ។ អ្វីដែលខ្ញុំចង់បានគឺមេដាយត្រលប់មកប្រទេសកម្ពុជាវិញ»។
វី ស្រីខួច៖
វី ស្រីខួច ជាកីឡាការិនីដែលបានទៅបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុនដូច នៅ ស្រីពៅ ដែរ។ ស្រីខួច ជាកីឡាការិនីម្នាក់មានបទពិសោធន៍នៅស៊ីហ្គេមឆ្នាំ ២០១៧ និង បទពិសោធន៍នៅសង្វៀន ONE ចំនួន ៣ដង(ឈ្នះ ១ដង ចាញ់ ២ដង)។ ស្រីខួច បង្ហើបអំពីការតាំងចិត្តមោះមុតដើម្បីទទួលបានលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំនេះ។ ប្អូនស្រីរបស់ វី សាវុធ សង្កត់ធ្ងន់ថា៖«ខ្ញុំហ្វឹកហាត់នៅជប៉ុនបានល្អ មានកីឡាការិនីឡាំគ្នាគ្រប់គ្រាន់ កន្លែងហ្វឹកហាត់ល្អ កន្លែងស្នាក់នៅល្អ ការហូបចុកល្អដោយតម្រូវតាមពួកយើង។ ខ្ញុំបុកហ្វឹកហាត់ខ្លាំងដើម្បីស្វែងរកលទ្ធផលសម្រាប់ស៊ីហ្គេមឆ្នាំនេះ»។ មុនពេលទៅហ្វឹកហាត់នៅជប៉ុន ស្រីខួច បានចូលហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រមូលផ្ដុំដោយក្រសួងអប់រំ យុវជន និង កីឡានៅពហុកីឡដ្ឋានជាតិប្រមាណជា ៥ ខែ ដូច នៅ ស្រីពៅដែរ។ បើគិតអំពីការត្រៀមខ្លួនវិញ ស្រីខួច ហ្វឹកហាត់ត្រៀមយ៉ាងខ្លាំងក្លាប្រមាណ ៧ ខែ មុនការប្រកួតស៊ីហ្គេមចូលមកដល់។
កម្មវិធីបន្ទាប់ សូមកុំភ្លេចទស្សនាកម្មវិធីប្រកួតបន្ទាប់នៅ ONE: MARK OF GREATNESS នៅថ្ងៃទី ៦ ខែ ធ្នូ ខាងមុខ ពីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចាប់ពីម៉ោង ៥:០០ ល្ងាចតទៅ (ម៉ោងកម្ពុជា)តាមរយៈ Facebook, Twitter, YouTube, ONE Super App, និង ផ្សាយបន្តផ្ទាល់ដោយ CBS៕
© រក្សាសិទ្ធិដោយ thmeythmey.com