កីឡាជាតិ
ជាតិ
លោក Felix ប្រាប់​ទៅ​កីឡាករ​៖ ដំណាក់កាល​នេះហើយ កុំ​គិត​លេខ​៣ ត្រូវ​ប្រឹង​យក​មេដាយមាស​
05, Dec 2019 , 9:27 am        
រូបភាព
ក្រុមកីឡាករនាំគ្នា​លើកលោក Felix Dalmas ក្រោយកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត អគ្គនាយកដ្ឋានកីឡា
ក្រុមកីឡាករនាំគ្នា​លើកលោក Felix Dalmas ក្រោយកម្ពុជាឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត អគ្គនាយកដ្ឋានកីឡា
ដោយ: រួបរួម
​លោក Felix Dalmas បាន​រីករាយ​ចំពោះ​ការប្រឹងប្រែង​របស់​កូនក្រុម​លោក ដែល​នាំ U22 កម្ពុជា ឈានដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន បាន​ក្រើនរំលឹក​កីឡាករ​ឲ្យ​ពួកគេ​ថែរក្សា​រាងកាយ ហើយ​បោះជំហាន​ទៅ​ដណ្តើមយក​មេដាយមាស ពោលគឺ​មិនត្រូវ​គិតថា ត្រឹមតែ​មេដាយ​សំរឹទ្ធ ឬ​លេខ​៣​នោះឡើយ​។

 
«​ដំណាក់កាល​នេះហើយ កុំ​គិត​លេខ​៣ ត្រូវ​ប្រឹង​យក​មេដាយមាស​»​។ លោក Felix បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៅកាន់​ក្រុម​កីឡាករ នៅក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់​នៃ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល បន្ទាប់ពី U22 កម្ពុជា បាន​យកឈ្នះ​ម៉ាឡេស៊ី ៣-១ នា​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​
 
 
​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន​រូបនេះ បាន​សម្តែង​ការរីករាយ​ចំពោះ​ការប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់ ក៏ដូចជា​ក្រុមមន្ត្រី​បច្ចេកទេស និង​ការផ្តល់​យោបល់​ពី​សំណាក់​លោក Keisuke Honda អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។​
 
​លោក​បាន​លើកឡើងថា​៖ «​ភាព​រីកចម្រើន​របស់​ក្រុម ក៏ដូចជា​ការ​ហ៊ាន​លេង​គឺ​សំខាន់​សម្រាប់​ខ្ញុំ​ជាជាង​តែ​លទ្ធផល​មួយ​មុខ​។ អ្វីដែល​ខ្ញុំ​មិនដែល​ភ្លេច​នោះ គឺ​ការគាំទ្រ​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​កម្ពុជា​»​។ ជាមួយគ្នានេះ លោក Felix បាន​ណែ​នាំទៅ​ក្រុម​កីឡាករ​ឲ្យ​ថែរក្សា​រាងកាយ ព្រោះ​វា​មិនទាន់​គ្រប់គ្រាន់​នោះឡើយ ខណៈ​ពួកគេ​នៅ​បន្ត​បេសកកម្ម​ឆ្ពោះ​ទៅមុខទៀត​៕
 

Tag:
 បាល់ទាត់​
  ស៊ី​ហ្គេម​
  SEAGames
© រក្សាសិទ្ធិដោយ thmeythmey.com