​បច្ចេកវិទ្យា
វៀតណាម​ប្រឹងប្រែង​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នាពេល​អនាគត​
05, Dec 2019 , 1:39 pm        
រូបភាព
រូបឯកសារ៖ ស្ត្រី​​​ម្នាក់​ធ្វើ​ការ​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៩។
រូបឯកសារ៖ ស្ត្រី​​​ម្នាក់​ធ្វើ​ការ​នៅ​ឯ​រោង​ចក្រ​កាត់​ដេរ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​១៥ ឧសភា ២០១៩។
ដោយ: VOA
 ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​យល់ព្រម​ផ្ដល់​នាវា​ល្បាត​សមុទ្រ​មួយគ្រឿង​ទៀត​ឲ្យ​ប្រទេស​វៀតណាម​កាលពី​ខែវិច្ឆិកា​ដើម្បី​ឲ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​អាច​បង្កើន​សមត្ថភាព​ការពារ​ខ្លួន និង​ទប់ទល់​ជាមួយ​ប្រទេស​ចិន​។ ប៉ុន្តែ​នៅ​ពីក្រោយ​ការវិវត្តន៍​នេះ វៀតណាម​និង​សហរដ្ឋអាមេរិក​កំពុង​ខ្វែងគំនិត​លើ​រឿង​ឱនភាព​ពាណិជ្ជកម្ម​ដែល​កំពុងតែ​កើនឡើង ដែល​ធ្វើ​ឲ្យ​មន្ត្រី​សហរដ្ឋអាមេរិក​មាន​ក្តីបារម្ភ​។

 
​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ត្អូញត្អែរ​តាំងពី​ខែមិថុនា​មក​ថា ជនជាតិ​អាមេរិកាំង​ទិញ​ទំនិញ​ផលិត​នៅ​វៀតណាម ច្រើនជាង​ជនជាតិ​វៀតណាម​ទិញ​ទំនិញ​ផលិត​នៅ​សហរដ្ឋអាមេរិក​។​
 
​ប្រទេស​វៀតណាម​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ផលិតកម្ម​នាំចេញ​សម្រាប់​កំណើនសេដ្ឋកិច្ច​របស់ខ្លួន​ដែលមាន​ជាង​៦​ភាគរយ​ក្នុង​មួយឆ្នាំ​។ ឱនភាព​បានកើត​មាន​ប្រមាណ ៤០​ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ ២០១៨​។ ការិយាល័យ​ជំរឿន​ស​.​រ​.​អា បាន​ចាត់ទុកថា​ឱនភាព​នេះ​មាន​លំដាប់​ទី​៥ រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​មួយទៀត​។​
 
​អ្នកវិភាគ​និយាយថា ការ​បង្វែរ​ផលិតផល​នាំ​ចេញពី​ប្រទេស​ចិន ដែល​ពេលនេះ​ជាប់ពន្ធ​របស់​អាមេរិក ឆ្ពោះទៅកាន់​ប្រទេស​វៀតណាម​នោះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​
 
​លោក Rajiv Biswas ជា​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៅឯ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IHS Markit​។ លោក​បាន​ថ្លែងថា​៖ «​ការព្រួយបារម្ភ​ពី​ភាគី​វៀតណាម​គឺថា សហរដ្ឋអាមេរិក​អាច​និយាយថា អូ​ខេ​! យើង​នឹង​យកពន្ធ​គយ​លើ​ទំនិញ​នាំ​ចេញពី​វៀតណាម​។ នៅ​ជា​ក្ដីបារម្ភ​គួរ​របស់​វៀតណាម​»​។​
 
​លោក​បន្ថែមថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិតថា ពួកគេ​អាច​ចៀស​ផុតពី​ហានិភ័យ​បែបនេះ​បាន តាមរយៈ​ការ​ជាវ​ទិញ​ម៉ាស៊ីន ឬ ឧបករណ៍​សម្រាប់​ផលិត​ទំនិញ ដែលមាន​តម្លៃ​ថ្លៃៗ​ពី​សហរដ្ឋអាមេរិក​»​។​
 
​ក្រុម​មេដឹកនាំ​វៀតណាម​កំពុង​ស្វែងរក​វិធី​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ពេញចិត្ត និង​ដើម្បី​ចៀសវាង​ជម្លោះ​មួយ​ដែល​អូសបន្លាយ ដូចជា​ជម្លោះ​មួយ​ដែល​លោក​ត្រាំ បាន​បង្កើត​ជាមួយ​ប្រទេស​ចិន កាលពីដើមឆ្នាំ​២០១៨​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកវិភាគ​។​


រូបឯកសារ៖ លោក Robert Lighthizer​ តំណាង​ពាណិជ្ជកម្ម​អាមេរិក ចាប់​ដៃ​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​សហរដ្ឋ​អាមេរិក Pham Quang Vinh នៅ​ពេល​លោក​រង់​ចាំ​ពិធី​ស្វាគមន៍​លោក ​ដូណាល់ ត្រាំ ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាល​ពី​ឆ្នាំ​២០១៧។
 
​ការព្រមាន​របស់​អាមេរិក​
 
​លោក​ប្រ​ធានា​ធិ​ន​តី Donald Trump បាន​ហៅ​ប្រទេស​វៀតណាម​ថា «​សឹងតែ​ជា​ប្រទេស​តែមួយគត់​ដែល​រំលោភបំពាន​មនុស្ស​រាល់គ្នា​» នៅក្នុង​អត្ថាធិប្បាយ​របស់លោក​ទៅកាន់​បណ្ដាញ​ព័ត៌មាន​ខ្សែកាប​អាមេរិកាំង Fox News កាលពី​ខែមិថុនា​។ មួយខែ​បន្ទាប់មក តំណាង​ពាណិជ្ជកម្ម​អាមេរិក លោក Robert Lighthizer បាន​ថ្លែងប្រាប់​គណៈកម្មាធិការ​ព្រឹទ្ធសភា​អាមេរិក​ថា ប្រទេស​វៀតណាម​ត្រូវតែ​ចាត់វិធានការ​កាត់បន្ថយ​ឱនភាព ហើយ​ត្រូវ​បើកចំហរ​ទីផ្សារ​របស់ខ្លួន​ចំពោះ​ក្រុមហ៊ុន​នាំចូល​របស់​អាមេរិក ឬ​សេវាកម្ម​ផ្សេងៗ​។​
 
​ក្នុង​កត្តា​ខ្លះ ជម្លោះ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ជាមួយ​ចិន គឺជា​ផលប្រយោជន៍​សម្រាប់​ប្រទេស​វៀតណាម​។ ដើម្បី​បញ្ចៀស​ពន្ធគយ​លើ​ទំនិញ​ចិន​ដែលមាន​ទឹកប្រាក់​៥៥០​ពាន់​លាន​ដុល្លារ ក្រុមហ៊ុន​អន្តរជាតិ​ខ្លះ​បាន​ប្ដូរ​ការនាំ​ចេញពី​ចិន​ទៅ​វៀតណាម ដើម្បី​ដាក់​ផ្លាក​សាជាថ្មី ថា​ជា​ផលិតផល​ដែល «​ផលិត​នៅ​វៀតណាម​» ដោយ​គ្រាន់តែ​ធ្វើការ​ផ្លាស់ប្ដូរ​បន្តិចបន្តួច​ទៅលើ​ទំនិញ​របស់ខ្លួន នេះ​បើ​យោងតាម​អ្នកវិភាគ​មួយចំនួន​ដែល​បាន​ថ្លែងប្រាប់ VOA កាលពីដើម​ឆ្នាំនេះ​។ ពួកគេ​និយាយថា ទំនិញ​ទាំងនោះ​នឹង​ទៅដល់​សហរដ្ឋអាមេរិក​ដោយ​មិន​ជាប់​ពន្ធគយ​។​
 
​ឱនភាព​ពាណិជ្ជ​កម្មបាន​កើន​ឡើងជា​លំដាប់​តាំងពី​ឆ្នាំ ២០០០ មក នេះ​បើតាម​ការលើកឡើង​រប​ស់លោក Frederick Burke ម្ចាស់​ភាគហ៊ុន​ក្រុមហ៊ុន​ច្បាប់ Baker McKenzie ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​វៀតណាម​។​
 
​ជាង ២ ទសវត្សរ៍​កន្លងទៅនេះ វៀតណាម​បាន​ក្លាយជា​ប្រទេស​មាន​ឥទ្ធិពល​ក្នុងការ​នាំចេញ​ចេញ​ទំនិញ ដែល​ពេល​បច្ចុប្បន្ននេះ​ត្រូវបាន​គេ​មើលឃើញថា ជម្រើស​មួយ​ដែលមាន​តម្លៃ​ទាប​ប្រៀបធៀប​ទៅនឹង​ផលិតផល​ពី​រោងចក្រ​នៅ​ប្រទេស​ចិន​។ សមាជិកភាព​របស់​វៀ​ត​ណា​ម​ក្នុង​ប្លុក​ពាណិជ្ជកម្ម​ដែលមាន​ឈ្មោះថា «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​គ្រប់​ជ្រុងជ្រោយ​និង​ជឿនលឿន​» ដែលមាន​សមាជិក​១១​ប្រទេស ថែមទាំង​អនុញ្ញាត​ឲ្យ​វៀតណាម​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ជប៉ុន កាណាដា និង​ប្រទេស​អភិវឌ្ឍន៍​ផ្សេង​ទៀតផង​។​
 
​លោក Burke បាន​មានប្រសាសន៍ថា​៖ «​សហរដ្ឋអាមេរិក​កំពុង​ដាក់​សម្ពាធ​ឲ្យ​ពួកគេ​ដោះស្រាយ​ការធ្វើ​ពាណិជ្ជកម្ម​ច្រើន​លើស​កម្រិត​។ បើសិនជា​គ្មាន​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ទេ សហរដ្ឋអាមេរិក​មិនមាន​កម្លាំង​សម្រាប់​ការហូរ​ទំនិញ​ចូលក្នុង​ទីផ្សារ​វៀតណាម​ដែល​ខ្លួន​គួរតែមាន​ទេ​»​។​


រូបឯកសារ៖ ផលិតករ​ធ្វើ​ការ​នៅ​ឯ​កន្លែង​ផលិត​ទូរស័ព្ទ​ក្រុម​ហ៊ុន​ Vingroup's Vsmart​ នៅ​ទីក្រុង​ហាណូយ ប្រទស​វៀតណាម កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។
 
​វិធានការ​របស់​ភាគី​វៀតណាម​
 
​លោក Biswas បាន​និយាយថា មន្ត្រី​វៀតណាម​ទំនងជា​នឹង​ឆ្លើយតប​ទៅនឹង​សម្ពាធ​របស់​សហរដ្ឋអាមេរិក​ដោយ​ការទិញ​ទំនិញ​ពី​សហរដ្ឋអាមេរិក​បន្ថែ​ម​ទៀត​។​
 
​ក្រុមមន្ត្រី​នៅ​ប្រទេស​វៀតណាម​បាន​ប្ដេជ្ញា​រួចហើយ​ថា នឹង​នាំចូល​កាន់តែច្រើន​នូវ​ធ្យូងថ្ម​អាមេរិក ឥន្ធនៈ​ធម្មជាតិ និង​ផលិតផល​កសិកម្ម នេះ​បើតាម​ការ​ការចុះផ្សាយ​ក្នុង​ព័ត៌មាន​ក្នុងស្រុក​របស់​វៀតណាម​។ មន្ត្រី​សហរដ្ឋអាមេរិក​នឹង​ស្វាគមន៍​ជាពិសេស​ចំពោះ​ការ​ជាវ​ទិញ​ទូក​ល្បាត​ដែលមាន​តម្លៃ​ថ្លៃ ឧបករណ៍​យោធា យន្តហោះ​ពាណិជ្ជកម្ម និង​ឧបករណ៍​សំណង់ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Biswas​។​
 
​លោក Biswas និយាយថា ការ​ជាវ​ទិញ​ទាំងនោះ​នឹងធ្វើ​ឲ្យ​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរ ពីព្រោះ​ភាគី​ទាំងពីរ​កំពុងមាន​ចំណងទាក់ទង​យុទ្ធសាស្ត្រ​ដ៏​រឹងមាំ​ស្រាប់​ហើយ​។ បើទោះបីជា​អាមេរិក​មាន​តួនាទី​នៅក្នុង​សង្គ្រាម​វៀតណាម​ក៏ដោយ​ក៏​ពេលនេះ​ទីក្រុង​ហាណូយ​កំពុង​សម្លឹង​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុងនាម​ជា​សម្ព័ន្ធមិត្ត ក្នុងការ​ប្រឆាំងនឹង​ការពង្រីក​ឥទ្ធិពល​របស់​ចិន​នៅក្នុង​ដែនសមុទ្រ ដែល​ប្រទេស​នៅ​តំបន់​អាស៊ី​ទាំងពីរ បានទាមទារ​កម្មសិទ្ធិ​លើ​ផ្ទៃ​ទឹក​ត្រួតស៊ីគ្នា​រៀងៗ​ខ្លួន​។​
 
​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក Mark Esper បាន​ថ្លែង​នៅក្នុង​សុន្ទរកថា​ក្នុងពេល​លោក​ធ្វើ​ទស្ស​កិច្ច​ទៅកាន់​ប្រទេស​វៀតណាម​កាលពី​ថ្ងៃទី​២០ ដល់ ២១ ខែវិច្ឆិកា​ថា រដ្ឋាភិបាល​អាមេរិក​នឹង​ផ្ដល់​ឲ្យ​វៀតណាម​នូវ​នាវា​ល្បាត​សមុទ្រ​មួយគ្រឿង​។​
 
​ដើម្បី​បញ្ឈប់​ការ​បង្វែរ​ទំនិញ​ដែល​«​ផលិត​នៅ​ប្រទេស​ចិន​» ក្រសួង​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​វៀតណាម​បានសម្រេច​ចិត្ត​កាលពី​ខែមិថុនា បន្ទាប់ពី​បានធ្វើការ​ពិនិត្យ​អស់​រយៈពេល​៥​ខែ ដើម្បី​ដាក់​ពន្ធគយ​លើ​ទំនិញ​នាំចូល​ដើម្បី​ការពារ​ទំនិញ​ក្នុងស្រុក លើ​មុខទំនិញ​ជាក់លាក់​មកពី​ប្រទេស​ចិន​ដែល​ព្យាយាម​គេច​ពន្ធគយ​របស់​អាមេរិក​។​
 
​លោក Adam McCarty ប្រធាន​ផ្នែក​ផែនការ​សេដ្ឋកិច្ច​នៃ​ក្រុមហ៊ុន Mekong Economics នៅ​ទីក្រុង​ហាណូយ​បាន​ថ្លែងប្រាប់ VOA ថា​៖ «​បើសិនជា​គេ​មើលឃើញថា វៀតណាម​មិន​ចាត់​វិធានការណ៍ ហើយ​គ្រាន់តែ​ជា​កំពង់ផែ ឬ​មជ្ឈមណ្ឌល​សម្រាប់​ទំនិញ​ចិន​នោះ ពួកគេ​អាច​នឹងត្រូវ​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​»​។​
 
​លោក Adam McCarty បន្តថា ដើម្បី​បន្ធូរ​សម្ពាធ​លើ​ពាណិជ្ជកម្ម វៀតណាម​«​ត្រូវតែ​ព្យាយាម​ដោះស្រាយ​បញ្ហា​ទាំងនោះ ត្រូវធ្វើ​ឲ្យ​បញ្ហា​ទាំងនោះ​ក្លាយជា​បញ្ហា​សាធារណៈ ត្រូវធ្វើ​ឲ្យ​ក្រសួងការបរទេស​អាមេរិក ឬ​អ្នកណា​ដែល​ជាប់​ពាក់ព័ន្ធ​មើលឃើញថា វៀតណាម​កំពុងធ្វើការ​ជាមួយ​ស​.​រ​.​អា យ៉ាងហោចណាស់​ក៏​តាមរយៈ​ប្រព័ន្ធ​ផ្លូវការ​មួយ​ដែរ​»​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com