កីឡាអន្តរជាតិ
អន្តរជាតិ
Rashford ស៊ុត​២​គ្រាប់​បញ្ចប់​ភាពមិន​ចាញ់​របស់ Spurs ក្រោម​ការដឹកនាំ​របស់ Mourinho
05, Dec 2019 , 11:26 am        
រូបភាព
​ពីរ​គ្រាប់​របស់​ខ្សែប្រយុទ្ធ Marcus Rashford បាន​ជួយ​ក្រុម Manchester United យកឈ្នះ Tottenham Hotspur ២-១ នា​ជំនួប​ក្នុង​ក្របខណ្ឌ Premier League នៅ​រាត្រី​ថ្ងៃទី​៤ ខែធ្នូ​។ ជ័យជម្នះ​នេះ ក៏បាន​បញ្ចប់​អតីត​អ្នកចាត់ការ​បិសាច​ក្រហម​លោក Jose Mourinho ដែល​ឡើងទៅ​ដឹកនាំ Spurs ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​។​


 
​ក្រោយ​នាំ Spurs ឈ្នះ​បី​ប្រកួត​ជាប់​គ្នា​ក្នុងនាម​ជា​អ្នកចាត់ការ​ថ្មី បន្ទាប់ពី​ក្លិប​រហស្សនាម​មាន់​ខ្នាយ​មាស​បញ្ចប់​តំណែង​លោក Mauricio Pochettino នោះ លោក Mourinho បាន​ត្រឡប់​ទៅកាន់ Old Trafford សារជាថ្មី​។ យ៉ាងណាក៏ដោយ ការបង្ហាញ​ខ្លួន​នៅ​ទឹកដី​របស់​អតីត​ក្រុម​ខ្លួន​មិនបាន​ធ្វើ​ឲ្យ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ទ​ទួលបាន​លទ្ធផល​ល្អ​ឡើយ​។​
​អ្នកចាត់ការ​រហស្សនាម Special One វ័យ​៥៦​ឆ្នាំ ត្រូវបាន Man Utd បញ្ចប់​ពី​តំណែង​កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ពោល​គឺមាន​រយៈពេល​មួយឆ្នាំ​តែម្តង​។​


 
​សម្រាប់​ការប្រកួត​លើក​ទី​៤ ក្រោម​ការដឹកនាំ​របស់ Mourinho ក្រុម Spurs បាន​ចាញ់​ក្រុម Man Utd ២-១​។ ខ្សែប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​អង់គ្លេស Rashford អាច​រកបាន​២​គ្រាប់​ម្នាក់ឯង​ក្នុងជំនួប​សប្តាហ៍​ទី​១៥​នេះ​។ គ្រាប់​ទី​១​សម្រេចបាន​នៅ​នាទី​៦ នៃ​វគ្គ​ទី​១ មុនពេល​ខ្សែបម្រើ Dele Alli រកបាន​គ្រាប់​តាម​ស្មើ​វិញ​នៅ​នាទី​៣៩​។ ប៉ុន្តែ​ចូលដល់​តង់​ទី​២ នាទី​៤៩ បិសាច​ក្រហម​ដែលមាន​លោក Ole Gunnar Solskjær ជា​អ្នកចាត់ការ​ទទួលបាន​បាល់​ពិន័យ​១១​ម៉ែត្រ ហើយ Rashford ជា​អ្នក​បញ្ចប់​ទី​សម្រាប់​គ្រាប់​ជ័យជម្នះ​នេះ​។​
​ឆ្លងកាត់​ការប្រកួត​១៥​លើក ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យ​រកបាន​២១​ពិន្ទុ ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​បណ្តោះអាសន្ន​។​
 
​ដោយឡែក​ក្រុម​កំពូល​តារាង Liverpool នៅតែ​បន្ត​ជ័យជម្នះ​របស់ខ្លួន​ដោយ​មិនទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ក្រោយ​ការប្រកួត​១៥​លើក​។ បាន​យកឈ្នះ Everton ដោយ​លទ្ធផល ៥-២ សម្រាប់​ប្រកួត​ចុងក្រោយ​របស់​ពួកគេ​នៅ​យប់​ថ្ងៃទី​៤ ខែធ្នូ ដោយ​ទទួលបាន​ពិន្ទុសរុប​៤៣​ពិន្ទុ នាំ​មុន​ក្រុម​លេខ​២ Leicester City ចំនួន​៨​ពិន្ទុ និង​នាំ​មុខដាច់​ក្រុម​គូប្រជែង​ចាស់ Manchester City ដល់​ទៅ​១១​ពិន្ទុ​។ Chelsea ស្ថិតក្នុង​តំបន់ Top 4 ដោយ​រកបាន​២៩​ពិន្ទុ ក្រោយ​យកឈ្នះ Aston Villa ២-១៕



Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com